ភ្នំពេញៈ ​លោក ​ហង់ ​ជួនណារ៉ុន ​រដ្ឋមន្រ្ដី​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ​បាន​អះអាង​ថា ​ការ​បោះពុម្ព​សៀវភៅ​មាន​ការ​កើន​ឡើង​ច្រើន​ មាន​ទាំង​សៀវភៅ​ប្រភេទ​អភិវឌ្ឍ​ខ្លួន​ឯង​ ជំនាញ​វិជ្ជាជីវៈ​ ពិសេស​សៀវភៅ​ប្រលោមលោក​ ដែល​បាន​ផ្ដល់​ជម្រើស​ច្រើន​សម្រាប់​ការ​អាន​របស់​យុវជន​ ​ដែល​ផ្ទុយ​​កាល​ពី​ជាង​ ១០ ​ឆ្នាំ​មុន​ ប៉ុន្ដែ​ការ​បោះពុម្ព​សៀវភៅ​ដែល​និយាយ​ពី​បញ្ហា​របស់​កម្ពុជា​ ដែល​បច្ចុប្បន្ន​នៅ​មាន​តិច​នៅ​ឡើយ​​។

លោក​រដ្ឋមន្រ្ដី​បាន​ថ្លែង​បែប​នេះ​កាល​ពី​ថ្ងៃ​សៅរ៍ ទី ​៩​ ខែ​ មីនា​ ​ក្នុង​ពេល​ពិធី​បើក​ទិវា​ជាតិ​អំណាន​លើក​ទី ៥​ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (តិច​ណូ) ​កាល​ពី​ថ្ងៃ​ទី ​៩​ ខែ ​មីនា​ លោក​ ណារ៉ុន​ ថ្លែង​ថា៖​ ​«សៀវភៅ​ដែល​យើង​ឃើញ​បោះពុម្ព​ច្រើន​ជាង​គេ​នោះ គឺ​សៀវភៅ​ប្រលោមលោក​សម្រាប់​យុវវ័យ​ ហើយ​អ្នក​និពន្ធ​ក្មេងៗ​ក៏​ច្រើន​ ដែល​មាន​ទាំង​ការ​បោះពុម្ព​សៀវភៅ​ជា​ភាសា​បរទេស​ប្រហាក់​ប្រហែល​ទៅ​នឹង​រឿង​ប្រលោមលោក​ទំនើប​បរទស​។ ​យើង​ចង់​លើក​កម្ពស់ ​និង​ជំរុញ​បន្ថែម​នោះ គឺ​ជា​ការ​បោះពុម្ព​សៀវភៅ​ពាក់ព័ន្ធ​នឹង ការ​ស្រាវជ្រាវ​ពី​បញ្ហា​កម្ពុជា​ ដែល​នេះ​នៅ​មាន​តិច​នៅ​ឡើយ​»។​

លោក​បន្ដ​ថា​៖ ​«យើង​ឃើញ​ថា​ ចំនួន​សៀវភៅ ​ក៏​ដូច​ជា​បញ្ជី​រាយ​នាម​សៀវភៅ​ហ្នឹង​ នៅ​មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​ទាក់ទាញ​អ្នក​អាន​ជា​ភាសា​ខ្មែរ​នៅ​ឡើយ​ទេ​ ហើយ​ក៏​នៅ​មិន​ទាន់​អាច​ទាក់ទាញ​ យុវជន​ឲ្យ​អាន​ជា​ភាសា​ខ្មែរ​នៅ​ឡើយ​ទេ​ ដោយ​យើង​ត្រូវ​តែ​លើក​កម្ពស់​ ឬ​គួរ​តែ​មាន​ការ​ប្រឡង​ប្រណាំង​»​។​

លោក​រដ្ឋមន្ត្រី​ក៏​បាន​អះអាង​ផង​ដែរ​ថា មាន​សៀវភៅ​រឿង​ប្រលោម​លោក​ច្រើន​ ប៉ុន្ដែ​មិន​ទាន់​ឃើញ​មាន​ការ​ប្រឡង​ប្រណាំង ការ​វាយ​តម្លៃ​ថា​ អក្សរ​សិល្ប៍​ណា​មួយ ​ឬ​អ្នក​និពន្ធ​ណា​មួយ​ពូកែ ​ឬ​សរសេរ​បាន​ល្អ គឺ​នៅ​មិន​ទាន់​មាន​នោះ​ទេ​។​ ដើម្បី​លើក​កម្ពស់​អំណាន​នេះ​ គឺ​ត្រូវ​មាន​កម្មវិធី​ផ្សេងៗ​ ក្នុង​ការ​ធ្វើ​ការ​វាយ​តម្លៃ ​ក៏​ដូច​ជា​ ប្រកួត​ប្រជែង​ផ្ដល់​ជា​ជយលាភី​ ដល់​អ្នក​និពន្ធ ក៏​ដូច​ជា​ស្នាដៃ​និពន្ធ​ប្រចាំ​ឆ្នាំ​ជា​ដើម​។​

លោក​ ណារ៉ុន ​ថ្លែង​ថា​៖ ​«​យើង​ចង់​លើក​ទឹក​ចិត្ដ​ឲ្យ​មាន​ការ​សរសេរ​ច្រើន​ ពី​វប្បធម៌​ អរិយធម៌​ខ្មែរ​ ​ប៉ុន្ដែ​ជា​បញ្ហា​មួយ​ត្រង់​ថា ការ​សរសេរ​ តែង​និពន្ធ​នេះ​ វា​មិន​បាន​ទទួល​នូវ​កម្រៃ ​ដោយ​សារ​អ្នក​អាន​នៅ​មាន​ចំនួន​តិច​ ដែល​នេះ​ក៏​ជា​បញ្ហា​ត្រូវ​ការ​លើក​ទឹក​ចិត្ដ​។​ ​ពាក់ព័ន្ធ​នឹង​ការ​សិក្សា​ស្រាវជ្រាវ​ ខ្ញុំ​ចង់​លើក​ទឹក​ចិត្ដ​ឲ្យ​សាកល​វិទ្យាល័យ​ធំៗ​ បង្កើត​មូលនិធិ​ស្រាវជ្រាវ​ ហើយ​បង្កើត​​ក្រុម​ស្រាវជ្រាវ​មួយ​ ដើម្បី​សរសេរ​ និង​សិក្សា​ឲ្យ​បាន​ច្រើន​ពី​បញ្ហា​ភាសា​ខ្មែរ​ និង​វប្បធម៌​ អរិយធម៌​ខ្មែរ​។​ ក្រសួង​អប់រំ ​ចង់​ឲ្យ​អ្នក​និពន្ធ​សរសេរ​ ដើម្បី​អភិវឌ្ឍ​អក្សរសាស្រ្ដ​ជាតិ​ មិនមែន​សរសេរ​ដើម្បី​តែ​លក់​ឲ្យ​ដាច់​ទេ​»​។​

លោក​បន្ដ​ថា៖ ​«យើង​មាន​ប្រាសាទ​អង្គរវត្ដ​ មាន​អក្សរ​សាស្រ្ដ​ខ្មែរ​ ភាសា​ខ្មែរ​ មាន​អរិយធម៌​ខ្មែរ​ តែ​ខ្មែរ​យើង​មិន​សូវ​ចាប់​អារម្មណ៍​សិក្សា​ស្រាវជ្រាវ​ទេ ​ជា​ពិសេស​ក្នុង​ចំណោម​យុវជន​។ ​អ៊ីចឹង​ ចង់​ឲ្យ​មាន​ការ​លើក​កម្ពស់​អ្វីៗ​ទាំង​អស់​ដែល​ពាក់ព័ន្ធ​នឹង​ខ្មែរ​យើង​ វប្បធម៌​យើង​ដើម្បី​យុវជន​ មាន​ជំនឿ​លើ​ខ្លួន​ឯង ហើយ​ជឿជាក់​លើ​ខ្លួន​ឯង ជឿ​លើ​ប្រទេស​ជាតិ ហើយ​ចូលរួម​អភិវឌ្ឍ​បាន​»។

លោក ​ឡឹក​ ជំនោរ​ អនុ​ប្រធាន​សមាគម​អ្នក​និពន្ធ​ខ្មែរ ​បាន​ថ្លែង​ថា ​ការ​តែង​និពន្ធ​សម្រាប់​ប្រជាជន​ខ្មែរ​ មួយ​រយៈ​ចុង​ក្រោយ​នេះ ​មាន​ការ​ផុសផុល​ខ្លាំង​។​

លោក​បន្ដ​ថា​ អ្នក​និពន្ធ​បច្ចុប្បន្ន​អាច​ស្រាវជ្រាវ​សរសេរ​បាន​ ប៉ុន្ដែ​ពេល​សរសេរ​ហើយ​ អាច​មាន​ប៉ះពាល់​តិចតួច​។

លោក​​ថា​៖​«​បើ​ការ​សរសេរ​នេះ​ ចាត់​ទុក​ជា​ឯកសារ​ស្រាវជ្រាវ​នោះ​មិន​អីទេ ​ប៉ុន្ដែ​អ្នក​ខ្លះ​បាន​ទាញ​យក​រឿង​ដែល​អ្នក​និពន្ធ​សរសេរ​ ទៅ​ជា​រឿង​មួយ​ផ្សេង​ទៀត​ ដែល​អាច​ជា​បញ្ហា​ប្រឈម​ក្នុង​ការ​សរសេរ​សៀវភៅ​បែប​សិក្សា​ស្រាវជ្រាវ​ពី​បញ្ហា​នៅ​កម្ពុជា​​នេះ​​។​​ ពេល​ខ្លះ​រឿង​ដែល​យើង​ធ្វើ​ទៅ​មាន​ការ​ស្រាវជ្រាវ​ជាលក្ខណៈ​ពាក់​កណ្ដាល​ការ​ពិត»៕​