ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​លោក ហង់ជួន ណារ៉ុន វាយតម្លៃ​គ្រឹះស្ថានសិក្សា​នៅ​កម្ពុជា និង​នៅលើ​ពិភពលោក​ថា មិន​អាច​ដំណើរការ​បាន​ដូច​មុន​ទៀតឡើយ​ក្នុង​ឆ្នាំ​នេះ និង​ឆ្នាំក្រោយ ដោយសារ​ជំងឺ​កូវីដ​១៩ នៅ​បន្ត​រយៈពេល​យូរ​ទៀត ដូច្នេះ​ត្រូវ​អនុវត្ត​ «​វិធានការ​សុវត្ថិភាព​សិក្សា​» ដើម្បី​ការពារ​សុវត្ថិភាព​អ្នកសិក្សា​។ ជាមួយ​គ្នា​នេះ​សមាគម​គ្រូបង្រៀន​ក៏​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់ខែ​គ្រូ​ដល់​ ២ ​លាន​រៀល​ក្នុង​ ១ ​ខែ​។

លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​វាយតម្លៃ​បែបនេះ​ក្នុង​ពេល​ថ្លែង​សុន្ទរកថា​ក្នុង​ទិវា​គ្រូបង្រៀន​ពី​ម្សិលមិញ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។ លោក​រដ្ឋមន្ដ្រី​ថ្លែងថា​៖ «​ក្រសួង​អប់រំ វាយតម្លៃ​ថា​នៅក្នុង​ឆ្នាំ ២០២០ និង​ ២០២១ គ្រឹះស្ថាន​សិក្សា​ទាំង​នៅ​កម្ពុជា និង​នៅលើ​ពិភពលោក​មិន​អាច​ដំណើរការ​បាន​ដូច​មុន​ទៀត​បាន​ឡើយ ហើយ​ត្រូវ​អនុវត្ត​ «​វិធានការ​សុវត្ថិភាព​សិក្សា​» ដើម្បី​ការពារ​សុវត្ថិភាព​អ្នកសិក្សា និង​ផ្តល់​ទំនុកចិត្ត​ដល់​មាតាបិតា​»​។

តាម​ការលើក​ឡើង​របស់​លោក​រដ្ឋមន្ត្រី​ដែល​ផ្អែក​តាម​ការប្រកាស​របស់​អង្គការ​សុខភាព​ពិភពលោក​គឺ​មេរោគកូវីដ ​១៩ អាច​បន្ត​រស់នៅ​ក្នុង​រយៈពេល​យូរ​តទៅទៀត​។ នៅក្នុង​បរិបទ​នេះ វិស័យ​អប់រំ​ត្រូវ​សម្របសម្រួល​ទៅ​តាម «​ជីវិត​រស់នៅ​ធម្មតា​តាម​គន្លង​បែប​ថ្មី​» (New Normal Life)​។

លោក​បញ្ជាក់ថា​៖ «​អាស្រ័យ​ហេតុនេះ​ដើម្បី​បន្ត​ការផ្តល់​សេវា​អប់រំ​ដល់​សិស្សានុសិស្ស និង​និស្សិត​របស់​យើង កត្តា​សំខាន់​ ២ ​ត្រូវ​បន្ត​យកចិត្ត​ទុកដាក់ គឺ​ ១ ការអនុវត្ត​វិធានការ​ការពារ​សុខភាព​អ្នកសិក្សា និង​បុគ្គលិក​សិក្សា​ និង​ ២ ការបន្ត​ការសិក្សា​តាមបែប​ចម្រុះ​ដោយ​គួបផ្សំ​ការសិក្សា​ក្នុង​ថ្នាក់រៀន និង​ការសិក្សា​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ និង​តាមបែប​ប្រពៃណី​ (​សន្លឹក​កិច្ចការ​ជំនួយ​) ​រួមទាំង​ការធ្វើ​ស្វ័យ​សិក្សា​ (​សម្រាប់​សិស្ស​នៅ​ទីជនបទ​)»​។

បើ​តាម​លោក​រដ្ឋមន្ដ្រី​គឺ​នាពេល​កន្លងមក ដើម្បី​ឆ្លើយតប​នឹង​គោលនយោបាយ និង​ទិសដៅ​នៃ​សេដ្ឋកិច្ច ឌីជីថល​កម្ពុជា​ក្រសួង​អប់រំ​បាន​ដាក់​ចេញ និង​អនុវត្ត​នូវ​វិធានការ​មួយចំនួន ដើម្បី​ជំរុញ​ការអប់រំ​តាមបែប​ឌីជីថល​នៅ​កម្ពុជា​ផងដែរ​។

លោក​ Sardar Umar Alam តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា​ថ្លែង​ក្នុង​ទិវា​គ្រូបង្រៀន​នេះដែរ​ថា ក្នុង​រយៈពេល​ខ្លី​មួយ​គ្រូ​បង្រៀន​កម្ពុជា​ត្រូវ​សម្រប​ខ្លួន​ទៅនឹង​កាលៈទេសៈ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ដើម្បី​បន្ត​បម្រើ​និស្សិត​ និង​សហគមន៍​របស់​ពួកគេ ខណៈ​កំពុង​គ្រប់គ្រង​តម្រូវការ​គ្រួសារ​របស់​ពួកគេ​ផ្ទាល់​។ គ្រូ​បាន​ផ្លាស់ប្តូរ​របៀប​ទៅជា​ការរៀនសូត្រ​តាម​អ៊ីនធឺណិត​យ៉ាងឆាប់រហ័ស ហើយ​បាន​ផ្លាស់ប្តូរ​វិធីសាស្ត្រ​ច្នៃប្រឌិត និង​ការច្នៃប្រឌិត​ថ្មី ដើម្បីឱ្យ​សិស្ស​ចូលរួម និង​ចែករំលែក​ចំណេះដឹង​។

លោក​ថ្លែង​ថា​៖ «​ក្នុង​នាម​អង្គការ​យូណេស្កូ យើង​សូមបញ្ជាក់​ជាថ្មី​នូវ​ការគាំទ្រ​ និង​ការចូលរួម​របស់​យើង ដើម្បី​លើកកម្ពស់​ការផ្តល់​ការអប់រំ​ប្រកប​ដោយ​សមធម៌​ និង​គុណភាព​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​ដោយ​មាន​គ្រូ​ជា​កម្លាំង​ជំរុញ​»​។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ឱ្យដឹងថា កាលពី​ម្សិលមិញ​លោកគ្រូ​អ្នកគ្រូ និង​ប្រជាពលរដ្ឋ​ប្រមាណ ៥០ ​នាក់ ​បាន​នាំគ្នា​ប្រារព្ធ​ពិធី​ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ខណ្ឌ​ឫស្សីកែវ ដើម្បី​អបអរ​ដល់​ទិវា​គ្រូបង្រៀន​ពិភពលោក​។ តាមរយៈ​ការប្រារព្ធ​ទិវា​នេះ​លោកគ្រូ អ្នកគ្រូ បាន​លើ​ឡើង​ពី​ចំណុច​អវិជ្ជមាន​ក្នុង​វិស័យ​អប់រំ តាមរយៈ​ឧគ្ឃោសនសព្ទ និង​បានបង្ហាញ​ពី​ស្ថានភាព​គ្រូបង្រៀន​នៅក្នុង​ប្រទេស​កម្ពុជា ពិសេស​បញ្ហា​ជីវភាព​គ្រូបង្រៀន ប្រាក់បៀវត្សរ៍​គ្រូបង្រៀន​ជាដើម​។

លោកស្រី​ថ្លែងថា​៖ «​យើង​បាន​ដាក់​ញត្ដិ​ទៅ​ក្រសួង​អប់រំ ហើយ​មន្ដ្រី​ក្រសួង​ក៏បាន​ចេញ​មក​ទទួល​។ ញត្តិ​យើង​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់បៀវត្សរ៍​លោកគ្រូ​អ្នកគ្រូ​យើង​ឱ្យ​បាន​ដល់​ចំនួន​ ២ ​លាន​រៀល​ដំឡើង​អត្ថប្រយោជន៍​ផ្សេងៗ ទប់ស្កាត់​អំពើ​ពុករលួយ​។ យើង​ក៏​ទាមទារ​ឱ្យ​ទទួល​យក​លោកគ្រូ អ្នកគ្រូ​ដែល​ក្រសួង​បាន​បញ្ឈប់​ពី​ក្របខ័ណ្ឌ ព្រោះ​និន្នាការ​នយោបាយ​មកវិញ​»​។

លោក​ រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​បញ្ជាក់​ថា ក្រសួង​នឹង​ពិនិត្យ​មើល​ជាមុនសិន​ចំពោះ​ញត្តិ​ដែល​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ដាក់​មក​នោះ​៕