ភ្នំពេញៈ រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន​ និង​កីឡា លោក ហង់ជួន ណារ៉ុន បាន​អំពាវនាវ​ដល់​មាតាបិតា​ និង​អ្នក​អាណា​ព្យាបាល​ត្រូវ​យក​ចិត្ដ​ទុកដាក់​វិនិយោគ​លើ​កុមារ​តាំងពី​ចាប់កំណើត​ដំបូង​ (០ ​ថ្ងៃ​រហូត​ដល់​ ៣ ​ឆ្នាំ​ដំបូង​) ​ដើម្បី​ឲ្យ​កុមារ​មាន​រាងកាយ​មាំមួន​ និង​ខួរក្បាល​ឆ្លាតវៃ​ក្នុង​ការត្រៀម​បន្ដ​ការសិក្សា​ទៅ​ថ្ងៃមុខ​បាន​ល្អ​ប្រសើរ​។

លោក ហង់ជួន ណារ៉ុន ថ្លែង​បែបនេះ​តាមរយៈ​វីដេអូ​ក្នុង​កិច្ចសម្ភាសន៍​មួយ​នៃ​កម្មវិធី​វេទិកា​អប់រំ​ក្រោម​ប្រធានបទ «​ការអប់រំ និង​ការអភិវឌ្ឍ​កុមារ​តូច​» ដែល​រៀបចំ​ដោយ​ក្រសួង​អប់រំ​កាលពី​ថ្ងៃ​ទី​ ២៤ ខែ​ឧសភា​។ លោក​រដ្ឋមន្ដ្រី​បាន​អំពាវនាវ​ថា មាតាបិតា​អ្នក​អាណាព្យាបាល​កុមារ​ត្រូវ​យក​ចិត្ដ​ទុកដាក់​ទៅលើ​ឱកាស​ដំបូង​នៃ​កុមារ​គឺ​ការវិនិយោគ​ឲ្យ​ច្រើន​ចំពោះ​កុមារ​តូច ព្រោះ​ការវិនិយោគ​បែបនេះ​គឺជា​មូលដ្ឋានគ្រឹះ​សំខាន់​សម្រាប់​ការអប់រំ និង​ការអភិវឌ្ឍ​ដល់​កុមារ​តាំងពី​តូច​រហូត​ដល់​ធំ​ពេញវ័យ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្កេតឃើញ​ថា មាតាបិតា​សិស្ស​ប្រសិន​បើ​គាត់​មាន​ធនធាន ពួកគាត់​ភាគច្រើន​វិនិយោគ​ទៅលើ​កូនចៅ​នៅ​កម្រិត​មធ្យមសិក្សា និង​ឧត្ដមសិក្សា​។ ពួកគាត់​មិនសូវ​ផ្ដោត​សារៈសំខាន់​ទៅ​លើ​កុមារ​តូច​នោះទេ ព្រោះ​មាន​គំនិត​ថា កុមារ​នៅ​តូច មិនទាន់​មាន​បញ្ហា​អ្វី​ទេ​»​។ ប៉ុន្ដែ​លោក​បាន​លើកឡើង​ថា តាមពិត​ដើម្បី​សង់ផ្ទះ​ឲ្យ​បាន​ខ្ពស់​គឺ​ត្រូវមាន​មូលដ្ឋានគ្រឹះ​រឹងមាំ​។ «​ដូច្នេះ​ត្រូវ​ថែទាំ​កូន​ទាំង​នៅក្នុង​ផ្ទៃ ទាំង​ពេល​កូន​កើតមក​ចាប់ពី​អាយុ ០-៣ ​ឆ្នាំ​ដោយ​យក​ចិត្ដ​ទុកដាក់​លើ​ការអប់រំ​គ្រប់​ជ្រុងជ្រោយ​ទាំង​អត្ដចរិត អាកប្បកិរិយា និង​ចំណេះដឹង​ដើម្បី​ឲ្យ​កុមារ​មាន​ឯករាជភាព និង​ចេះ​ធ្វើ​អ្វី​បាន​ដោយ​ខ្លួនឯង​»​។

លោក​រដ្ឋមន្ដ្រី​បញ្ជាក់ថា ការយក​ចិត្ដ​ទុកដាក់​លើ​ការអប់រំ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ដល់​កុមារ​នេះ គឺ​មាតាបិតា​ត្រូវយក​ចិត្ដ​ទុកដាក់​ទាំង​ផ្នែក​អាហារូបត្ថម្ភ ការអប់រំ សុខភាព​អនាម័យ ដល់​កុមារ​។ លោក​បញ្ជាក់ថា​៖ «​យើង​សង្កេតឃើញ​ថា មាតាបិតា​នៅ​កម្ពុជា​មិន​សូវ​សហការ និង​ចូលរួម​ជាមួយ​សាលារៀន​ប៉ុន្មាន​ទេ​។ ទស្សនទាន​នៃ​កំណែទម្រង់​ថ្មី​របស់​ក្រសួង​អប់រំ ការចូលរួម​របស់​មាតាបិតា​គឺមាន​សារៈសំខាន់​ណាស់​។ នៅក្នុង​ការគ្រប់គ្រង​កុមារ​តូច​នេះ​គឺ​យើង​លើក​ទឹកចិត្ដ​មាតាបិតា និង​អ្នក​អាណាព្យាបាល​ចូលរួម​នៅក្នុង​ការគ្រប់គ្រង​តាម​សាលារៀន​មតេយ្យ​សិក្សា​ឲ្យ​ដឹង​ពី​ដំណើរការ​នៃ​ការគ្រប់គ្រង​កុមារ និង​ត្រូវ​ចូលរួម​ក្នុង​ការប្រជុំ​ផ្សេងៗ​ចំពោះ​ការអភិវឌ្ឍ​សាលារៀន​»​។

មន្ត្រី​ក្រសួង​អប់រំ​កំពុង​សំណេះសំណាល​ជាមួយ​ក្មេងៗ​ដែល​អង្គុយ​រៀន​ពីថ្ងៃ​ ២០ ​ឧសភា​។ រូបថត ក្រសួង​អប់រំ

លោក​ ណារ៉ុន ​បាន​ថ្លែងថា លោក​លើក​ទឹក​ចិត្ដ​ឲ្យ​មាន​ការបង្កើត​គណៈកម្មការ​មួយ​ដែល​ហៅថា គណៈកម្មការ​កែលម្អ​សាលារៀន​ដែល​មាន​មាតាបិតា និង​អាជ្ញាធរ​មូលដ្ឋាន​ចូលរួម ដើម្បី​អាច​ចូលរួម​កែលម្អ​នៅ​កន្លែង​ដែល​សាលារៀន​ខ្វះខាត​ និង​មាន​តម្រូវការ​។ លោក​រដ្ឋមន្ដ្រី​បាន​ថ្លែង​ទៀតថា តាម​ការសិក្សា​ស្រាវជ្រាវ ដើម្បី​ឲ្យ​កុមារ​អាច​មាន​សុខភាព​មាំមួន មាន​បញ្ញា​វាងវៃ និង​អាច​រៀន​ចប់​ទៅតាម​គោលដៅ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព (SDGs) គឺ​ត្រូវ​ផ្ដោត​ទៅលើ​មូលដ្ឋានគ្រឹះ​កុមារ​តូច ពិសេស​នៅ​ដំណាក់កាល ១ ​ពាន់​ថ្ងៃ​ដំបូង​នៃ​ការចាប់​កំណើត​របស់​កុមារ​។

លោក​បន្តថា​៖ «​ក្នុង​​រយៈពេល​ ១ ​ពាន់​ថ្ងៃ​ដំបូង​នេះ គឺ​ខួរក្បាល​របស់​កុមារ មាន​ការវិវឌ្ឍ ៧០ ​ភាគរយ​មាន​ន័យថា​ក្នុង​រយៈពេល​នេះ ប្រសិន​បើ​កុមារ​គ្មាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់ ឬ​កុមារ​នោះ​ឧស្សាហ៍​ឈឺ និង​មិន​ធ្វើឲ្យ​កុមារ​មាន​រាងកាយ និង​ខួរក្បាល​លូតលាស់​ល្អ សម្រាប់​ការសិក្សា​ទៅ​ថ្ងៃមុខ​នោះទេ​»​។

បើ​តាម​លោក​រដ្ឋមន្ដ្រី​ដំណាក់កាល​ដំបូង​ពី ០-៣ ​ឆ្នាំ​នេះ​គឺជា​ដំណាក់កាល​មួយ​នៃ​ការបង្ហាត់​ក្មេង​ឲ្យ​មាន​ទម្លាប់​ល្អ​។ ដូច្នេះ​នៅក្នុង​ដំណាក់កាល​នេះ គេ​តែងតែ​នាំ​កូន​ទៅ​បណ្ណាល័យ​បណ្ណាគារ ដើម្បី​ឲ្យ​កុមារ​បង្កើត​នូវ​បំណង និង​ចំណង់​ចំណូល​ចិត្ដ​ឲ្យ​ចេះ​ស្រឡាញ់​ការអាន ស្រឡាញ់​សៀវភៅ​។

លោក​រដ្ឋមន្ដ្រី​បញ្ជាក់ថា​៖ «​មតេ្តយ្យសិក្សា​មិន​ត្រឹមតែ​ជា​កន្លែង​បង្ហាត់បង្រៀន​ឲ្យ​កុមារ​ចេះ​រៀន​ត្រឹម​អក្សរ​ទេ ប៉ុន្ដែ​គឺជា​កន្លែង​បង្ហាត់​ឲ្យ​ក្មេង​មាន​បំណិន​។ បំណិន​ចែកចេញ​ជា​ ២ គឺ​បំណិន​ប្រាជ្ញា ជា​ការបណ្ដុះបណ្ដាល​ឲ្យ​កុមារ​រៀនសូត្រ​ចេះដឹង និង​បំណិន​មិនមែន​ប្រាជ្ញា​គឺជា​បំណិន​ធ្វើឲ្យ​កុមារ​មាន​អាកប្បកិរិយា​ល្អ ទម្លាប់​ល្អ ចេះ​គ្រប់គ្រង​ខ្លួនឯង ដើម្បី​ក្លាយ​ទៅ​ជា​អ្នករៀន​ឯករាជ្យ​»​។ មានន័យ​ថា ក្មេង​នោះ​ចេះ​ដោះ​ស្បែកជើង​ខ្លួនឯង ចេះ​ស្លៀក​សម្លៀកបំពាក់​ដោយ​ខ្លួនឯង និង​ពេល​ទៅ​ដល់​សាលារៀន ដឹង​ពី​កន្លែង​ទុកដាក់​សម្ភារ​របស់ខ្លួន និង​អាច​រៀនសូត្រ​បាន​ដោយ​ខ្លួនឯង​។

បើ​តាម​លោក​រដ្ឋមន្ត្រី​តាម​ការស្រាវជ្រាវ​បង្ហាញថា សិស្ស​ដែល​បាន​ចូលរៀន​មត្តេយ្យ​សិក្សា គឺ​គាត់​នឹង​រៀន​ចប់​បឋម មធ្យម និង​ឈានទៅ​រៀន​ចប់​ឧត្ដម​សិក្សា​ថែមទៀត​។ មាតាបិតា ត្រូវ​យក​ចិត្ដ​ទុកដាក់ ថែទាំ​កូន​នៅ​ក្មេង ការពារ​កុំ​ឲ្យ​កូន​ឈឺ ព្រោះ​បើ​ឈឺ​ច្រើន ធ្វើឲ្យ​ប្រាជ្ញា​កុមារ​ធ្លាក់ចុះ​ធ្វើ​ឲ្យ​ខួរក្បាល​មិនបាន​វិវឌ្ឍ​ល្អ​ហើយ​មាន​ការលំបាក​ក្នុង​ការសិក្សា​ទៅ​ថ្ងៃមុខ​។

លោកស្រី សុទ្ធ សាកាន អ្នកឯកទេស​ផ្នែក​គាំពារ និង​អភិវឌ្ឍ​កុមារ​តូច​នៃ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​ថ្លែងថា ដំណាក់កាល​នៃ​ការអភិវឌ្ឍ​កុមារ​តូច​នេះ គឺជា​ដំណាក់កាល​សំខាន់​ជាងគេ​ក្នុង​ការអភិវឌ្ឍ​រាងកាយ និង​ប្រាជ្ញា​ស្មារតី​របស់​កុមារ​ឲ្យ​មាន​ភាពរឹងមាំ និង​ឆ្លាតវាងវៃ​ទៅ​ថ្ងៃមុខ​។

លោកស្រី​បាន​ថ្លែងថា​៖ «​ដំណាក់កាល​ក្នុងការ​អភិវឌ្ឍ​ខួរក្បាល​របស់​កុមារ​លឿន​បំផុត​គឺ​ចាប់ពី​អាយុ​ពី ០-៥ ​ឆ្នាំ ប៉ុន្ដែ​ក្នុង​ពេលនេះ​គឺ​ក្នុងអំឡុងពេល​ចាប់ពី​ ០-២ ​ឆ្នាំ​គឺ​មាន​ការអភិវឌ្ឍ​លឿន​ជាងគេ​ពី ៨០-៩០ ​ភាគរយ​សម្រាប់​ការលូតលាស់​ខួរក្បាល​កុមារ​។ ក្នុងដំណាក់កាល​ពី ០-២ ​ឆ្នាំ​នេះ​បើ​មាតាបិតា​ផ្តល់​ឲ្យ​កុមារ​មាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់​នឹង​ធ្វើឲ្យ​កុមារ​មាន​មូលដ្ឋានគ្រឹះ​សម្រាប់​ការសិក្សា​ទៅ​ថ្ងៃមុខ​ថែមទៀត​»៕

វីដេអូ៖