
សិស្សានុសិស្សឈរគោរពទង់ជាតិ ក្នុងសាលារៀនមួយ។ ផា លីណា
ភ្នំពេញៈ លោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំមហោស្រពវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា លើកទី ៥ កាលពីចុងខែមករា ដោយបានអំពាវនាវដល់ឪពុកម្ដាយ កុំឲ្យនាំកូនទៅដើរលេងក្នុងអំឡុងពេលចូលឆ្នាំចិននេះព្រោះសាលារៀននៅបន្ដអនុវត្ដបើកទ្វារបង្រៀនតាមធម្មតា។
លោក ជួនណារ៉ុន ថ្លែងថា៖ «យើងបានចេញសេចក្តីណែនាំមួយហើយគឺសាលានីមួយៗ ត្រូវអនុវត្តនូវកម្មវិធីសិក្សាឲ្យបានពេញលេញ។ ក្នុងឱកាសនេះ ខ្ញុំក៏សូមអំពាវនាវដល់ឪពុកម្តាយ សូមណែនាំកូនឲ្យទៅរៀន ឲ្យបានពេញលេញ ព្រោះយើងឲ្យសាលានៅបន្តអនុវត្តបង្រៀន គ្រូឲ្យទៅសាលាបង្រៀនជាប្រក្រតី ប៉ុន្ដែពេលខ្លះគ្រូគាត់ទៅបង្រៀនបែរជាអត់មានសិស្ស អ៊ីចឹងសូមអំពាវនាវ ដល់ឪពុកម្ដាយ មេត្ដាកុំរៀបចំទៅដើរលេងនៅខេត្ដអី ទុកឲ្យកូនមករៀន។ បញ្ហាឈប់ពេលចូលឆ្នាំចិន គឺមិនមែនមកពីកូនទេ មកពីម៉ែឪហ្នឹងគាត់ដាក់កម្មវិធីទៅខេត្ដ»។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្រសួងអប់រំបានអនុវត្ដចំពោះការឈប់សម្រាកទៅតាមច្បាប់អនុក្រឹត្យស្ដីពីប្រតិទិនឈប់សម្រាកការងាររបស់មន្រ្ដីរាជការប្រចាំឆ្នាំ ២០១៩ ក៏ដូចជាឆ្នាំកន្លងមកដែរ។
លោកបន្ដថា៖ «បុណ្យចូលឆ្នាំចិនមិនធ្លាប់មានចែងនៅក្នុងអនុក្រឹត្យប្រភេទនេះទេ។ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ ឲ្យសាលារៀនអនុវត្ដកម្មវិធីសិក្សាឲ្យបានពេញលេញ»។
លោក ហោ សុខៈ នាយកកម្មវិធីអំណាន និងជាអ្នកជំនាញខាងអំណាននៃអង្គការ Room to Read ប្រចាំកម្ពុជា បានលើកឡើងថា ពេលរដូវចូលឆ្នាំចិននេះរាល់ឆ្នាំ សាលារៀនរដ្ឋមិនមានឈប់ទេ ប៉ុន្ដែការរៀនសូត្រហាក់មិនសូវបានពេញលេញ ដោយសិស្ស និងគ្រូខ្លះដាក់ច្បាប់សម្រាក។
លោកបន្ដថា៖ «ពេលខ្លះគ្រូទៅបង្រៀនគ្រប់ថ្នាក់ តែសិស្សមិនទៅរៀន។ ពេលខ្លះសិស្សទៅរៀន គ្រូដាក់ច្បាប់ឈប់។ វាដូចជារអាក់រអួលបែបនេះ ប៉ុន្ដែឈប់ផ្លូវការអត់ឃើញមានទេ»។
អ្នកគ្រូបង្រៀននៅសាលាបឋមអូរប្រាសាទ ស្ថិតនៅភូមិអូរប្រាសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្ដបន្ទាយមានជ័យ ឈ្មោះចាន់ ណារី បានឲ្យដឹងថា សាលារៀនអូរប្រាសាទមិនមានគ្រូ និងសិស្សឈប់សម្រាកក្នុងថ្ងៃបុណ្យចូលឆ្នាំចិននេះទេ។
អ្នកគ្រូបានបន្តថា៖ «សាលាយើងអត់មានសិស្សឈប់ទេ ចំណែកលោកគ្រូអ្នកគ្រូពួកគាត់មកបង្រៀនទាំងអស់គ្នា។ ព្រោះអីពួកខ្ញុំនៅទីនេះ ជាខ្មែរមិនមានកាត់ចិនទេ។ ចំពោះថ្ងៃសែនចិនក៏នៅតែមករៀនទាំងអស់គ្នាដែរក្នុងថ្នាក់បង្រៀនខ្ញុំមានសិស្ស ៣៥ នាក់ គឺមករៀនទាំងអស់គ្នា»។
ពាក់ព័ន្ធនឹងពិធីបុណ្យចូលឆ្នាំចិនគឺនៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញ មានសាលាឯកជនមួយចំនួន បានចេញសេចក្តីជូនដំណឹងយូរថ្ងៃមកហើយ ពីការឈប់សម្រាក រយៈពេល ៤ ថ្ងៃ គឺចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០១៩ ៕