ភ្នំពេញៈ លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​អះអាង​ថា កម្ពុជា​បាន​ដើរ​លឿន​ ១០ ​ឆ្នាំ​ទៅមុខ​នៅក្នុង​ការអនុវត្ដ​ការអប់រំ​ឌីជីថល​ក្នុង​វិស័យ​អប់រំ ដោយ​បាន​ប្រែក្លាយ​វិបត្ដិ​កូវីដ​១៩ ទៅ​ជា​កាលានុវត្ដភាព​បង្កើត​ការអប់រំ​ឌីជីថល ដើម្បី​រក្សា​គុណភាព សមធម៌ បរិយាប័ន្ន និង​ការអប់រំ​ពេញ ១ ​ជីវិត​ជូន​ដល់​សិស្សានុសិស្ស​។

លោក ហង់ជួន ណារ៉ុន ថ្លែង​បែបនេះ​តាមរយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​ចំនួន​ ២ គឺ​ការដាក់​ឱ្យ​ដំណើរការ​កម្មវិធី ទូរស័ព្ទ​អ៊ែប (App) «​ការអប់រំ​ពី​ចម្ងាយ​» ក្រោម​កិច្ចសហការ​រវាង​ក្រសួង​អប់រំ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​សេចក្ដី​ប្រកាស​អំពី​កម្មវិធី «Cellcard Free Data Distance Education Program» កាលពី​ថ្ងៃទី​ ១៥-១៦ ខែ​កក្កដា​។

លោក​រដ្ឋមន្ដ្រី​ថ្លែង​ថា​៖ «​យើង​បាន​ដើរ​លឿន​ ១០ ​ឆ្នាំ​ទៅមុខ​នៅក្នុង​ការអនុវត្ដ​ការអប់រំ​ឌីជីថល​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា​»​។

លោក​បន្ដថា ការអប់រំ​ឌីជីថល​ក្នុង​បរិបទ​ឧស្សាហកម្ម ៤.០ មាន​សារៈសំខាន់​សម្រាប់​កម្ពុជា​ក្នុង​ការបោះជំហាន​ឱ្យ​ក្លាយ​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ឌីជីថល និង​រដ្ឋាភិបាល​ឌីជីថល ព្រោះ​ផ្នែក​ទាំងអស់​នេះ​ត្រូវការ​អ្នកជំនាញ​ជាច្រើន​ដើម្បី​បំពេញ​ការងារ និង​គ្រប់គ្រង​ប្រព័ន្ធ​ឆ្លាតវៃ​ទាំងអស់​នោះ​។

លោក​បន្ថែមថា​៖ «​ដើម្បី​ឱ្យ​មាន​សេដ្ឋកិច្ច​បែប​ឌីជីថល​លុះត្រា​តែ​មាន​ការអប់រំ​បែប​ឌីជីថល​។ កម្ពុជា​អាច​ប្រែក្លាយ​វិបត្ដិ​កូវីដ​១៩​ទៅ​ជា​កាលានុវត្ដភាព​ក្នុង​ការបង្កើត​ការអប់រំ​ឌីជីថល ដើម្បី​រក្សា​គុណភាព សមធម៌ បរិយាប័ន្ន និង​ការអប់រំ​ពេញ​ ១ ​ជីវិត​ជូន​ដល់​សិស្សានុសិស្ស​»​។

លោក​រដ្ឋមន្ដ្រី​លើកឡើង​ថា ក្នុង​ដំណើរ​កំណែទម្រង់​វិស័យ​អប់រំ​ស្រប​តាម​ចក្ខុវិស័យ​នេះ ក្រសួង​អប់រំ​បាននិង​កំពុង​រៀបចំ​មូលដ្ឋានគ្រឹះ​សម្រាប់​ការអប់រំ​ឌីជីថល​ដោយ​ឆ្លើយតប​ជាមួយ​យុគសម័យ​បច្ចេកវិទ្យា​ដោយ​ការធ្វើ​កំណែទម្រង់ គ្រឹះស្ថាន​អប់រំ និង​កំណែ​ទម្រង់​ការបណ្ដុះបណ្ដាល​គ្រូ​ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មាន​សមត្ថភាព​ខ្ពស់​ផ្នែក​បច្ចេកវិទ្យា មុន​នឹង​ចែករំលែក​បន្តទៅ​ដល់​សិស្សានុសិស្ស​ដែលជា​ធនធាន​មនុស្ស​ជំនាន់​ថ្មី​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ខាងលើ​ឱ្យ​ដឹងថា កម្មវិធី «Cellcard Free Data Distance Education» ជា​កម្មវិធី​មួយ​ដែល​គាំទ្រ​ដល់​កម្មវិធី​អប់រំ​តាម​ទូរស័ព្ទដៃ​មាន​ឈ្មោះ​ថា​ «​ការអប់រំ​ពី​ចម្ងាយ Distance Education»​។

កម្មវិធី​នេះ​នឹង​ផ្ដល់​ជូន​ដល់​សិស្សានុសិស្ស បុគ្គលិក​អប់រំ​ និង​សាធារណជន​ទាំងអស់​ដែល​កំពុង​ប្រើប្រាស់​បណ្ដាញ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Cellcard អាច​ប្រើប្រាស់​អ៊ីនធឺណិត​ដោយ​ឥតគិតថ្លៃ​ជា​រៀងរាល់​ថ្ងៃ​ចាប់ពី​ម៉ោង​ ៦ ​ព្រឹក​ដល់​ម៉ោង​ ១១ ​ថ្ងៃត្រង់​។

សេចក្ដី​ប្រកាស​ដដែល​ឱ្យដឹងថា អ៊ែប​ «​ការអប់រំ​ពី​ចម្ងាយ Distance Education» នឹង​ផ្ដល់​ជា​វីដេអូ​នៃ​ការបង្រៀន​សម្រាប់​កម្មវិធីសិក្សា​របស់​ក្រសួង​អប់រំ​ចាប់ពី​ថ្នាក់​ទី​ ៩ ​ដល់​ថ្នាក់​ទី​ ១២ ​ដែល​ជា​ជំហាន​សំខាន់​មួយ​ក្នុង​ការផ្ដល់​សេវា​អប់រំ​ឌីជីថល និង​ការអប់រំ​ពី​ចម្ងាយ​។

លោក Ian Watson នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន Cellcard ថ្លែង​ថា​៖ «​កិច្ចការ​នេះ​ជា​កម្មវិធី​ប្រកប​ដោយ​នវានុវត្តន៍​មួយ​នៃ​​ក្រុមហ៊ុន Cellcard ក្នុង​ការចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ជួយ​គាំទ្រ​ដល់​ការសិក្សា​របស់​សិស្សានុសិស្ស​ហើយ​ក្នុង​នាម​​ក្រុមហ៊ុន​សូមជម្រាប​ថា Cellcard នឹង​នៅទីនេះ ដើម្បី​ជួយ​ដល់​ការសិក្សា និង​ការងារ​នៅ​ថ្ងៃ​អនាគត​»​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​ឱ្យ​ដឹងពី​ម្សិលមិញ​ថា ក្រសួង​អប់រំ បាននិង​កំពុង​សហការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ដើម្បី​ជំរុញ​ការអប់រំ​បែប​ឌីជីថល​ដល់​សិស្សានុសិស្ស​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ជាក់ស្តែង​កិច្ចសហការ​រវាង​ក្រសួង​អប់រំ និង​ក្រុមហ៊ុន Cellcard ក្នុង​ការដាក់​ឱ្យ​ប្រើប្រាស់​កម្មវិធី «Cellcard Free Data Distance Education» បាន​ចូលរួម​លើកកម្ពស់​ការរៀន និង​បង្រៀន​អនឡាញ​ដែល​ស្រប​នឹង​ការឆ្លើយតប​ទៅនឹង​ការទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​១៩​។ កិច្ចការ​នេះ​ជា​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​ការអប់រំ​បែប​ឌីជីថល​របស់​ក្រសួង​អប់រំ​ដែល​បាន​ចងក្រង​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ឆ្នាំ ២០១៩-២០២៣»​។

លោក សុវាចា បញ្ជាក់​ថា​ដោយ​ការសហការ​ជាមួយ​ក្រសួង​ព័ត៌មាន​ក្រសួង​អប់រំ​បាន​ធ្វើការ​ផ្សព្វផ្សាយ​ការបង្រៀន​តាម​ប៉ុស្តិ៍​ទូរទស្សន៍​អប់រំ​ថ្មី «​ទទក​២»។ ក្រសួង​អប់រំ​ ​បាន​បង្កើត​វេទិកា​ឌីជីថល​ចំនួន ៣ សម្រាប់​ផ្តល់​សេវា​សិក្សា​ពី​ចម្ងាយ​តាមរយៈ​បណ្តាញ Youtube ផ្លូវការ​របស់​ក្រសួង www.youtube.com/moeys ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង www.facebook.com/moeys.gov.kh, និង​មជ្ឈមណ្ឌល​សិក្សា​អេឡិចត្រូនិក​របស់​ក្រសួង www.elearning.moeys.gov.kh​ផងដែរ​៕