សៀមរាបៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​លោក ហង់ជួន ណារ៉ុន បាន​ថ្លែងប្រាប់​យុវជន​ប្រមាណ​ជាង ៤ ៥០០ ​នាក់ ​ថា យុវជន​ចាំបាច់​ត្រូវមាន​ចំណេះ​ជំនាញ​ទន់ និង​បំណិន​សម្រាប់​ដោះស្រាយ​បញ្ហា និង​ទំនាក់ទំនង​ជាមួយ​សហការី​ក្នុង​អាជីព​ការងារ​។

លោក ហង់ជួន ណារ៉ុន ថ្លែង​បែបនេះ​ក្នុង​ទិវា​សហគ្រិនភាព​កម្ពុជា​កាលពី​ថ្ងៃ​សៅរ៍​ដែល​រៀបចំ​ឡើង ដើម្បី​បង្កើន​ការយល់ដឹង​ពី​សារៈសំខាន់​នៃ​សហគ្រិនភាព និង​ជំរុញ​ឱ្យ​មាន​ការចូលរួម​ផ្លាស់ប្តូរ​គំនិត យោបល់ បទពិសោធ និង​ការច្នៃប្រឌិត​ក្នុង​ចំណោម​យុវជន​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង​បើ​យើង​ធ្វើការ​តែឯង អត់​ចេះ​សហការ អត់​ចេះ​ដោះស្រាយ​បញ្ហា អត់​ចេះ​និយាយ អត់​ចេះ​ធ្វើ​បទបង្ហាញ​ថា តើ​គេ​ឱ្យ​ធ្វើការ​អត់​? អត់​ទេ​»​។ លោក​បន្ត​ថា ​ការធ្វើ​ការងារ​ស្ម័គ្រចិត្ត​មាន​សារៈសំខាន់​សម្រាប់​យុវជន​មិន​ត្រឹមតែ​ជួយ​ដល់​សហគមន៍ និង​រដ្ឋាភិបាល​ក្នុង​ការរៀបចំ​ពិធី​ផ្សេងៗ​នោះទេ​តែ​ជួយ​ដល់​យុវជន​ខ្លួនឯង​ផងដែរ​។ ការងារ​ស្ម័គ្រចិត្ត​នេះ នាំ​ឱ្យ​យុវជន​ទទួល​បាន​បទពិសោធ​សម្រាប់​រក​ការងារ​ធ្វើ ព្រោះ​យុវជន​បាន​យល់ដឹង​ពី​បញ្ហា​ផ្សេងៗ​។

លោក​ថ្លែងថា​៖ «​ចំណេះ​ពី​សហគ្រិនភាព សំខាន់​ណាស់​ទី​ ១ យល់ដឹង​អំពី​អ្វី​ទៅ​អាជីវកម្ម​? អ្វី​ទៅ​ក្រុមហ៊ុន​? រៀន​មិនមែន​ត្រឹម​តែ​យកចំណេះ​ទេ​។ សួរថា បើសិន​យើង​មាន​ត្រឹម​តែ​ចំណេះ ប៉ុន្តែ​យើង​អត់​មាន​ជំនាញ យើង​ធ្វើការ​បាន​អត់​? ​អត់​បានទេ​»​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អាទិត្យ​ថា សហគ្រិនភាព​អាច​ពង្រឹង​ភាព​ជា​អ្នកដឹកនាំ​របស់​យុវជន​ឲ្យ​ក្លាយ​ជា​ពលរដ្ឋ​សកម្ម​ក្នុង​ការចូលរួម​ការអភិវឌ្ឍ​សង្គម វប្បធម៌ និង​សេដ្ឋកិច្ច​។ ស្មារតី​សហគ្រិនភាព​ក៏​ចូលរួម​ពង្រឹង​ទម្លាប់​នៃ​ការគិត​បែប​ច្នៃប្រឌិត និង​បង្កើត​ថ្មី ការលើកកម្ពស់​ការប្រកប​មុខរបរ​ដោយ​ខ្លួនឯង និង​លទ្ធភាព​ទទួល​បាន​សេវា​ណែនាំ​អាជីវកម្ម និង​ការងារ និង​ព័ត៌មាន​ទីផ្សារ​ការងារ​។

លោក​ថ្លែងថា​៖ «​យុវជន​ទទួល​បាន​ការបណ្តុះបណ្តាល​ស្តីពី​សហគ្រិនភាព​ដោយ​ប្រើប្រាស់​ឧបករណ៍​ការអភិវឌ្ឍ​សហគ្រាស​ក្នុង​សហគមន៍ ការយល់ដឹង​អំពី​ធុរកិច្ច និង​ការរៀប​ផែនការ​អាជីវកម្ម​យុវជន​»​។

លោក​ឲ្យ​ដឹងថា​នៅ​ឆ្នាំ​ ២០១៨ ក្រសួង​បានអនុម័ត​សន្ទស្សន៍​ស្តីពី​ការអភិវឌ្ឍ​យុវជន​កម្ពុជា ដើម្បី​ជា​ប្រភព​​ព័ត៌មាន​សម្រាប់​ការអភិវឌ្ឍ​យុវជន​។ ចំនួន​យុវជន និង​កុមារ​ចូលរួម​ក្នុង​ក្រុមប្រឹក្សា​យុវជន និង​កុមារ​កម្ពុជា​នៅតាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ​មានការ​កើនឡើង​ហើយ​ចំនួន​យុវជន​​ដែល​ទទួល​បាន​ការបណ្តុះ​បណ្តាល​ជំនាញ​រយៈពេល​ខ្លី​លើ​ការងារ​ស្ម័គ្រចិត្ត​ភាព​ជា​អ្នកដឹកនាំ​សហគ្រិនភាព និង​កាយរិទ្ធកម្ម​សម្រេចបាន​តាម​គោលដៅ​ដែល​បានកំណត់​។

លោកស្រី ស៊ូ សុជាតា មន្ត្រី​សម្របសម្រួល​គម្រោង​រួមគ្នា​ដើម្បី​មុខរបរ និង​ការងារ​របស់​យុវជន​នៅ​កម្ពុជា​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ដែល​សហការ​ជាមួយ​ក្រសួង​អប់រំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា ក្រសួង​អប់រំ​បាន​បណ្តុះបណ្តាល​យុវជន​ពី​សហគ្រិនភាព​នៅ​ក្រៅ​សាលារៀន​ចំនួន​ ១២ ៥០០ ​នាក់ ដូចជា​នៅក្នុង​ទិវា​សហគ្រិនភាព​។ ក្រៅពីនេះ​ក្រសួង​បាន​បណ្តុះបណ្តាល​យុវជន​ចំនួន ៦២៥ ​នាក់​ដែល​ធ្វើឡើង​នៅក្នុង​សាលារៀន​។

លោកស្រី​ថ្លែងថា​៖ «​អ៊ីចឹង​ដូច​ទិវា​យើង​ធ្វើ​ម្សិលមិញ (២១ កញ្ញា​) ហ្នឹង គឺជា​ទិវា​ដែល​យើង​ធ្វើ ២៥ ​ខេត្ត​ក្រុង​ក្នុង​ថ្ងៃ​តែ​ ១​។ ក្រៅពីនេះ​ក្រសួង​មាន​កម្មវិធី​បណ្តុះបណ្តាល​តូចៗ​ទៀត​នៅតាម​ខេត្ត​មួយៗ​ទៀត​ជាប្រចាំ​»​។

លោកស្រី សុជាតា ថ្លែង​បន្ត​ថា ការបណ្តុះបណ្តាល​ពី​សហគ្រិន​ភាព​គឺ​ចង់​ឱ្យ​យុវជន​ស្គាល់​ខ្លួនឯង​ថា តើ​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ជា​សហគ្រិន​ហើយ​ឬ​នៅ​? នៅពេល​ដែល​ពួកគាត់​បាន​ស្គាល់​ខ្លួនឯង​ហើយ ពួកគាត់​នឹង​ធ្វើការ​សម្រេចចិត្ត​ថា តើ​ការធ្វើ​ជា​សហគ្រិន ឬ​ការធ្វើការ​ឱ្យ​គេ មួយណា​ជា​មាគ៌ា​ដ៏​សមស្រប​សម្រាប់​មុខរបរ និង​ការងារ​នៅ​ថ្ងៃ​អនាគត​របស់​ពួកគាត់ នៅពេល​ដែល​ពួកគាត់​ចង់​ប្រឡូក​ចូល​ក្នុង​ការស្វែងរក​ប្រាក់​ចំណូល​៕