ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន បាន​លើក​ឡើង​ថា​ការ​សិក្សា​តាមរយៈ​ការ​ស្រាវជ្រាវ ដោយ​ផ្អែក​លើ​ការ​វិភាគ​លើ​បញ្ហា​គឺជា​ការ​សិក្សា​មួយ​ដែល​អាច​ជួយ​ឱ្យ​សិស្ស​ចេះ​នឹក​ឃើញ​និង​កែច្នៃ​បាន​គំនិត​ថ្មីៗ​ដោយ​លោក​អះអាង​ថា ជាការ​ប្រសើរ​ជាង​ទន្ទេញ​ចាំមាត់​តាម​បែប​ចាស់​បុរាណ​ដែល​មិន​អាច​ឱ្យ​រីក​ចម្រើន​ទៅ​ថ្ងៃមុខ​បាន​ឡើយ។

លោក​ ហង់ ជួនណា​រ៉ុ​ន បាន​លើក​ជា​ឧទាហរណ៍​ថា កាលពីដើម អ្នក​មាន​គំនិត​ស្រាវជ្រាវ​ដំបូង​ដោយ​ចង់​ច្នៃ​ទូរស័ព្ទ​ធម្មតា​ឱ្យ​ក្លាយ​ទៅ​ជា​ទូរស័ព្ទ​ស្មាតហ្វូន​ដើម្បី​ឱ្យ​ខល​អាច​មើល​មុខ​គ្នា​ដូច​ពេលនេះ គឺ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា គ្រាន់​តែ​ជា​ការ​ស្រមើ​ស្រមៃ​ប៉ុណ្ណោះ ប៉ុន្តែ​ច្រើន​ឆ្នាំ​ក្រោយ​មក​នេះ​គំនិត​នេះ​ក៏​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​ការ​ពិត​ទៅ​វិញ​បន្ទាប់​ពី​មនុស្ស​អាច​ធ្វើ​ឱ្យ​បច្ចេកវិទ្យា​មាន​ការ​វិវឌ្ឍ​កាន់​តែ​ជឿន​លឿន​ដូច​បច្ចុប្បន្ន។

លោក​ថា៖ «កាលពី​ពេលមុន អា​គំនិត​ថា យក​កុំព្យូទ័រ​អា​ប៉ុនណា​ណី​មក​បង្រួម​ឱ្យបាន​ប៉ុណ្ណឹង គឺជា​គំនិត​ស្រមើ​ស្រមៃ​ទេ ប៉ុន្តែ ១០ ឆ្នាំ​ក្រោយ​គំនិត​ហ្នឹង​គឺ​ត្រឹមត្រូវ។ដូច្នោះ​គេ​បង្រៀន​មនុស្ស​ឱ្យ​ចេះ​វិភាគ​ជាជាង​ទន្ទេញ​ចាំមាត់»។

ផ្ទុយទៅវិញ លោក​ថា ការសិក្សា​ទន្ទេញ​ឱ្យ​ចាំ​តាម​អ្វីដែល​គ្រាន់​តែមាន​ក្នុង​សៀវភៅ​ដដែលៗ​គឺអាច​បង្ក​ឱ្យ​មាន​ហានិភ័យ​ទៅ​វិញ​នៅ​ពេល​អនាគត ដោយ​លោក​អះអាង​ថា មេរៀន​ក្នុង​សៀវភៅ​ខ្លះ គឺ​មិន​អាច​ត្រឹមត្រូវ​ទាំង​អស់​ឡើយ ហើយ​គ្រូ​ក៏​មិន​អាច​វាយ​តម្លៃ​គំនិត​ណា​ខុស គំនិត​ណា​ត្រូវ​បាន​ដែរ ដូច្នោះ​គឺ​ទាមទារ​កែលម្អ​កម្មវិធី​សិក្សា​ដើម្បី​ឱ្យ​សិស្ស​ចេះ​ទាំង​ខ្លឹមសារ​មេរៀន បំណិន និង​គំនិត។

ការលើកឡើង​របស់លោក​ ហង់ ជួនណា​រ៉ុ​ន នេះ​ធ្វើឡើង​នៅក្នុង​សិក្ខា​សាលា​ស្ដីពី​ការ​វិវឌ្ឍ​វិស័យ​អប់រំ​ក្នុង​បរិបទ​ឌីជីថល​ក្នុង​ក្របខ័ណ្ឌ​សកល និង​កម្ពុជា នៅ​វិមាន​រដ្ឋសភា​កាល​ពី​ថ្ងៃ​ចន្ទ​ដែល​សិក្ខា​សាលា​នេះ បាន​បំណង​ផ្ដល់​វេទិកា​ពិគ្រោះ​យោបល់ និង​ចែក​រំលែក​នូវ​បទពិសោធ ចំណេះដឹង​ទស្សន​ទាន ចំពោះ​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា និង​ចក្ខុវិស័យ​ទៅ​អនាគត​សម្រាប់​កម្ពុជា​ត្រៀម​ខ្លួន​ទទួល​ដំណើរ​មក​ដល់​នៃ​យុគ​សម័យ​ឌីជីថល។

បើតាម​លោក ហង់ ជួនណារ៉ុ​ន ការអប់រំ​តាមបែប​ឌីជីថល​គឺជា​ការរៀន​ទទួល​ចំណេះដឹង តាមរយៈ​ដូចជា​ហ្វេសប៊ុក និង យូធូប ជាដើម។

លោក ងួន ញ៉ិល អនុប្រធាន​ទី១ រដ្ឋសភា​បាន​ថ្លែង​តាមរយៈ​សុន្ទរកថា​ថា នៅក្នុង​នីតិកាល​ទី៦ រដ្ឋាភិបាល​បាន​ផ្ដោត​សំខាន់​លើ​ការ​បន្ត​លើក​កម្ពស់​សមត្ថភាព ការ​គ្រប់គ្រង​សាលា ការ​បន្ត​លើក​កម្ពស់​គុណវុឌ្ឍិ​គ្រូបង្រៀន សមត្ថភាព​បង្រៀន​ការ​បន្ថែម​គ្រូបង្រៀន​ដែល​មាន​សមត្ថភាព​ខ្ពស់​ទៅ​តំបន់​ខ្វះ​គ្រូ​បង្រៀន បន្ត​ការ​វិនិយោគ​លើ​សម្ភារ​សិក្សា​ពិសោធន៍ និង​ការ​បង្កើន​បរិក្ខារ​បង្រៀន បន្ត​សាង​សង់​សាលារៀន​ឱ្យបាន​គ្រប់គ្រាន់​នៅ​តាម​តំបន់​ដាច់​ស្រយាល​បន្ត​ផ្ដល់​មធ្យោបាយ​ទ្រទ្រង់​ចាំបាច់​នានា​ដល់​សិស្ស​ក្រីក្រ​សិស្ស​ស្ថិត​នៅ​តំបន់​ជួប​ការ​លំបាក និង​សិស្ស​មាន​ពិការភាព​ព្រមទាំង​បង្កើន​គុណភាព​អភិបាល​កិច្ច​សាលារៀន និង​ការ​ពង្រឹង​គុណភាព​អប់រំ​នៅ​គ្រប់​កម្រិត។

លោក​ថា៖ «ព្រឹត្តិការណ៍​ថ្ងៃនេះ ជា​សក្ខីភាព​បញ្ជាក់​ពី​ការ​ឈាន​ទៅមុខ​បន្ត​ទៀត​នៃ​កិច្ច​សហការ​ក្នុងការ​លើក​កម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា ជាមួយ​នឹង​ជំនឿ​យ៉ាង​មុតមាំ​លើ​ការ​អនុវត្ត​ការងារ​របស់​រាជ​រដ្ឋាភិបាល ដែល​មាន​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​សេនា​ធិការ​ក្នុងការ​អនុវត្ត​ផែនការ​យុទ្ធសាស្ដ្រ​វិស័យ​អប់រំ»៕