ភ្នំពេញៈ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្ដី​ក្រសួង​អប់​រំ យុវ​ជន និងកី​ឡា កាល​ពីម្សិ​ល​មិញ​​​ បានជំ​រុញឲ្យ​និ​ស្សិ​ត​​ដែល​បញ្ចប់​ការ​សិក្សា​ត្រូវ​ប្រឹង​ប្រែង​រៀនសូត្រ​បន្ថែម​ទៀ​ត ដើម្បី​ក្លាយ​ជា​បញ្ញវ​ន្ដ​ជំនាញ​មួ​យច្បា​ស់​លាស់ ​ខណៈ​កម្ពុជា​កំពុង​ត្រូវ​ការ​ធន​ធាន​មនុស្ស​ពូកែៗ​សម្រាប់​ជួយ​អភិវ​ឌ្ឍ​កម្ពុជា​ឲ្យ​រីក​ចម្រើន​ថែម​ទៀត។

ការ​ថ្លែ​ង​បែ​ប​នេះ​ បាន​ធ្វើឡើ​ង​ក្នុ​ង​ពេល​លោក​រដ្ឋមន្ត្រី​ចូ​លរួម​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សា​កល​វិទ្យា​ល័យ LIMKOKWING នៅ​សណ្ឋា​គារ Sofitel ក្នុង​រាជ​ធា​នី​ភ្នំ​ពេ​ញ​ ដើម្បី​ចូល​រួម​អប​អរ​សាទរ​ដល់​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ និង​ទទួល​សញ្ញា​បត្រ​​ ដោយ​លោក​ក៏បាន​រំឭក​និស្សិត​ឲ្យ​ខំរៀន​បន្ត​ទៀត​ផងដែរ។

លោក​ ហង់ ជួនណារ៉ុន បាន​បញ្ជាក់ថា​៖ «ប្រទេស​ កម្ពុជា​ យើងគឺ​​កំពុង​ត្រូវ​ការ​ធ​នធាន​មនុស្ស​ពូកែៗ​ជាច្រើន​ដើម្បី​អភិវឌ្ឍ​កម្ពុជាឲ្យ​ក្លាយ​​ជាប្រទេស​មួយ​មាន​ពន្លឺ​រឹត​តែ​ខ្លាំង​ទាំង​ក្នុង​តំបន់​ និង​ពិភពលោក​។ដូច្នេះ​ខ្ញុំសូម​ឆ្លៀត​ឱកាស​នេះដើម្បី​ថ្លែង​អំណរ​គុណ​ដល់​មាតា​បិតា​សិស្ស​ដែល​បាន​គាំទ្រ​ដល់​កូន​ប្រុស​ស្រី​ឲ្យ​បាន​សិក្សា​​រៀន​សូត្រ រហូត​បញ្ចប់​សញ្ញា​បត្រ និង​ជំនាញ​រៀង​ៗ​ខ្លួន​នាថ្ងៃនេះ​​។ បើ​មិន​មាន​ការ​គាំ​ទ្រ​ពី​មាតា​បិតា​ អាណា​ព្យាបាល​​សិស្ស ក៏មិនមាន​​ធន​ធាន​មនុស្ស​បញ្ចប់​​ការ​សិក្សា​នា​ថ្ងៃ​នេះដែរ​។ ក៏សូម​អរគុណ​លោក​សាក​លវិ​ទ្យា​ធិកា​រ និង​លោក​គ្រូអ្នក​គ្រូ​នៃ​សា​កល​វិទ្យា​ល័យ LIMKOKWI​NG ដែល​បាន​ខិត​ខំប្រឹងប្រែង​បណ្ដុះ​បណ្ដាល​និស្សិត​រហូត​បញ្ចប់​ការសិក្សា​នាថ្ងៃ​នេះ​ដែរ»។

លោក​រដ្ឋ​មន្រ្ដី​បាន​ថ្លែងថា និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​​បាន​ក្លាយ​ជាបញ្ញវន្ដ​សម្រាប់​មនុស្ស​ជាតិ សង្គម និង​​សកល​លោក នឹង​ចូល​រួម​ជួយ​អភិ​វឌ្ឍ​សង្គម​ជាតិ​ឲ្យ​រឹតតែ​ប្រសើរ​ឡើង។

លោក​ថា​៖ «បច្ចុប្បន្ន​គឺ​ជា​ពេល​វេលា​មួយ​នៃ​ការ​ផ្លាស់​ប្ដូរទៅ​កាន់​ទំនើប​កម្ម​នៃ​បច្ចេក​វិទ្យា​ដែល​ការ​វិវឌ្ឍនេះ​នឹង​បណ្ដាល​ឲ្យ​ជំនាញ​ចាស់ៗ​នឹង​លុប​បាត់ ហើយ​មុខ​ជំនាញ​ថ្មីៗ​នឹង​កើត​មាន​ឡើង។

ដូច្នេះ​ យើង​ត្រូវ​រស់​នៅ​ដោយ​ការ​ឲ្យ​តម្លៃ​លើ​ការ​សិក្សា ព្រោះ​មាន​ការ​តែ​សិក្សា​ពេញ​ ១ ជីវិត ​ទើប​ធ្វើ​ឲ្យ​ជីវិត​មាន​តម្លៃ​។ ទោះ​បញ្ចប់​ការ​សិក្សា​ក៏ដោយ តែ​យើង​ទាំង​អស់​គ្នា​ត្រូវ​បន្ដ​ការ​សិក្សា​ប​ន្ថែម​ទៀត​ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នក​ជំនាញ​មួយ​រូប​ទៅ​ថ្ងៃ​អនាគត។

លោក Dato'' Raja Aznil Bin Hisham អនុ​ប្រធាន​ជាន់​ខ្ពស់​នៃ​សា​កល​វិទ្យា​ល័យ​ Lim​ko​kwing​ បាន​ថ្លែង​ថា ការចែក​សញ្ញា​បត្រ​ពេ​លនេះ​មាន​​និស្សិត​ជយលា​ភី​ទទួល​សញ្ញា​បត្រ​សរុ​បចំ​នួន​ ១​១១ នា​ក់ ក្នុង​នោះ​រួម​មាន​និស្សិត​បញ្ចប់​​បរិញ្ញា​បត្រ​ជាន់​ខ្ពស់ បរិញ្ញា​បត្រ និង​បរិញ្ញាបត្រ​រង​ផងដែរ។

លោក​ថា​៖ «សូមអបអ​រសា​ទ​រ​ដល់​និស្សិត​ទាំង​អស់​ដែល​ទទួល​ជយ​លាភី​ថ្ងៃនេះ​។ ខ្ញុំ​សូម​យក​ឱកាស​នេះ ជូនពរ​ជោគជ័យ​ដល់​អ្នក​ទាំង​អស់គ្នា ខ្ញុំ​គិត​ថា​ឱកាសនេះអាច​ឲ្យ​និស្សិត​ទាំង​អស់​ចាប់​យក​ទៅ​បង្កើត​អនាគត​​មួយ​ដ៏​ប្រសើរ​រៀងៗ​ខ្លួន»។

លោក​បន្ថែម​ថា​៖ «​ពិភព​លោក​ពោរ​ពេញ​ទៅដោយ​​ឱកាស​នានា​។​ ប្រឈម​មុខ​បញ្ហា​ថ្មីៗ​ដោយ​សុទិដ្ឋិ​និយម​ និង​ប្រើទេព​កោសល្យ​របស់​អ្នក​ដើម្បី​​ស្វែង​​រក​ដំណោះ​​ស្រាយ​​រាល់​ចំណែក​នៃ​សង្គម​និង​ឧស្សា​ហកម្ម​ ស្វះ​ស្វែង​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​​កាន់​តែ​ស្រស់​បំព្រង»៕