ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​អំពាវនាវ​ឱ្យ​មាតាបិតា​សិស្ស​ឱ្យ​រៀបចំ​កន្លែង​សិក្សា​ដល់​កូន​ដែល​ធ្វើ​ស្វ័យសិក្សា​នៅផ្ទះ ឱ្យ​មាន​បរិស្ថាន​សមរម្យ និង​ជួយ​ស្វែងរក​ឯកសារ​រៀន​បន្ថែម​ដល់​ពួកគេ ខណៈ​ដែល​ក្រសួង​បាន​អនុញ្ញាត​ឱ្យ​សិស្សានុសិស្ស​ឈប់​សម្រាក​វិស្សមកាល​តូច​មុនពេល​កំណត់ បន្ទាប់ពី​អ្នក​ផ្ទុក​ជំងឺ​កូវីដ​ ១៩ ​ត្រូវ​បាន​រកឃើញ​ជា​បន្តបន្ទាប់​។

តាមរយៈ​វីដេអូ​ដែល​ផ្សព្វផ្សាយ​តាម​ហ្វេសប៊ុក​ក្រសួង​អប់រំ​កាលពី​ថ្ងៃទី​ ២១ ខែមីនា​​ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ថ្លែង​ថា ដើម្បី​ធានាបាន​នូវ​ការបន្ត​ការសិក្សា ក្រសួង​ស្នើ​សូម​ឱ្យ​មាតាបិតា​រៀបចំ​កន្លែង​នៅក្នុង​ផ្ទះ​ឱ្យមាន​បរិស្ថាន​សិក្សា​សមស្រប​មាន​តុ មាន​កៅអី​។ ប្រសិន​បើ​អាច​គឺ​អាចមាន​កុំព្យូទ័រ និង​អ៊ីនធឺណិត​។

លោក​បន្តថា​៖ «​ហើយ​ជាពិសេស​សូម​មាតាបិតា​អាណាព្យាបាល​ជួយ​កូន​ក្នុងការ​ស្វែងរក​ឯកសារ​សម្រាប់​រៀន​បន្ថែម​ដែល​ប្រើប្រាស់​នូវ​សៀវភៅ​គោល​សិក្សា​ដែល​ក្រសួង​បានដាក់​ចេញ​ក៏ដូចជា​ស្វែងរក​នូវ​ឯកសារ​បន្ថែម​ទៀត​តាម​អ៊ីនធឺណិត តាម Youtube ក៏ដូចជា Facebook និង​គេហទំព័រ​របស់​ក្រសួង​ដែល​ក្រសួង​បាន​ថត​តាម​មេរៀន និង​តាម​ថ្នាក់​នីមួយៗ​ក្នុង​ពេល​កន្លងមក​»​។

លោក​ក៏បាន​អំពាវនាវ​ឱ្យ​មាតាបិតា​សិស្ស​ពន្យល់​ប្រាប់​សិស្ស​ឱ្យ​ជ្រាប​ពី​ការឆ្លង​ជំងឺ​កូវីដ​១៩ និង​វិធី​បង្ការ និង​ទប់ស្កាត់​ជំងឺ និង​ស្ថានភាព​នៃ​ការវិវឌ្ឍ​នៃ​ជំងឺ​នេះ ដើម្បី​កុំឱ្យ​មាន​ការភ័យខ្លាច និង​មាន​អារម្មណ៍​នឹងនរ​នៅក្នុង​ចិត្ត​។ លោក​បន្តថា នាពេល​បច្ចុប្បន្ន​ជំងឺ​នេះ​មិនទាន់​មាន​សភាព​ខ្លាំង​នៅឡើយ តែ​ទាមទារ​ឱ្យ​គ្រួសារ​ទាំងអស់​តាមដាន​ពី​ការវិវឌ្ឍ​ជំងឺ​នេះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ឱ្យ​បាន​ដិតដល់ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​ក្នុងការ​បង្ការ និង​ទប់ស្កាត់​ជំងឺ​នេះ​។

លោក​ ណារ៉ុន បាន​ថ្លែងថា​៖ «​ខ្ញុំ​ស្នើ​សូមឱ្យ​មាតាបិតា អាណាព្យាបាល​ទាំងអស់​សូមមេត្តា​ណែនាំ​កុំឱ្យ​កូន​ដើរលេង​នៅ​កន្លែង​ដែល​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​សុខភាព ហើយ​ជាពិសេស​សូម​ណែនាំ​ឱ្យ​កូនចៅ​រក្សា​នូវ​អនាម័យ លាងដៃ​នឹង​សាប៊ូ​ឱ្យ​បាន​ញឹកញាប់ និង​ឱ្យ​បាន​ទៀងទាត់ ហើយ​ជាពិសេស​អនុវត្ត​ទៅ​តាម​គោលការណ៍​ណែនាំ​ដែល​ក្រសួង​បាន​ដាក់ចេញ​កន្លងមក​»​។

លោក​ រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​មិនបាន​បញ្ជាក់បន្ថែម​នោះទេ​កាលពី​ថ្ងៃអាទិត្យ​ដោយ​លោក​ស្នើ​សុំឱ្យ​យោង​ខ្លឹមសារ​ទាំងស្រុង​នៃ​សេចក្តីណែនាំ​ផ្សេងៗ​របស់​ក្រសួង​អប់រំ​។

ក្រសួង​អប់រំ​បាន​អនុញ្ញាត​ឱ្យ​សិស្ស​និស្សិត​ចាប់ពី​ថ្នាក់​មតេ្តយ្យ​ដល់​ថ្នាក់​ឧត្តមសិក្សា​ទាំង​រដ្ឋ និង​ឯកជន​ឈប់​សម្រាក​ចាប់ពី​ថ្ងៃទី​ ១៦ ខែ​មីនា​រហូតដល់​មាន​ការជូនដំណឹង​តាម​ក្រោយ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​។

ក្រសួង​ក៏បាន​អំពាវនាវ​ដល់​មាតាបិតា​សិស្ស​ត្រូវ​ជំរុញ​ឱ្យ​កូនចៅ​ចៀសវាង​កន្លែង​មួយចំនួន​ដែល​ប្រឈម​នឹង​ការឆ្លង​ខ្ពស់ ដូចជា​កន្លែង​ហែល​ទឹក​សាធារណៈ កន្លែង​ហាត់ប្រាណ សួនកុមារ និង​កន្លែង​ផ្សេងទៀត​ដែលមាន​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង​វីរុស​កូវីដ​១៩​។

កាលពី​ថ្ងៃទី​ ១៣ ខែមីនា ក្រសួង​អប់រំ​បានដាក់​ឱ្យ​ដំណើរការ​កម្មវិធី​រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Learning) ដែល​សិស្ស​អាច​រៀន​ដោយ​ខ្លួនឯង​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ដែល​មាន Facebook និង Youtube និង​គេហទំព័រ​របស់​ក្រសួង​ដោយ​ឥតគិតថ្លៃ​លើ​មុខវិជ្ជា​ចំនួន​ ៦ ដែល​មាន​គណិតវិទ្យា ប្រវត្តិវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង​ភាសាខ្មែរ​។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អាទិត្យ​ថា មួយ​រយៈកាល​កន្លង​មក​នេះ​ប្រព័ន្ធ​ទូរស័ព្ទ​ដែល​មាន​ផ្តល់​សេវា​អ៊ីនធឺណិត​ផង​នោះ​ហាក់​ដូចជា​មានការ​រអាក់រអួល ហើយ​ពេលខ្លះ​កាត់ថ្លៃ​សេវា​លឿន​ពេក​។

លោកស្រី​ថ្លែងថា​៖ «​បើ​ដូច​សព្វថ្ងៃនេះ​ខ្ញុំ​គិត​ថា ដូចជា​អត់​មាន​អី​ចំណេញ​ប៉ុន្មាន​ទេ ព្រោះ​អី​យើង​ឃើញ​ហើយ​ថា ប្រព័ន្ធ​ទូរស័ព្ទ​ហ្នឹង​ហាក់បី​ដូចជា​ស៊ីលុយ​ខ្លាំង​។ នេះ​ក៏​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ហ្នឹង​ក៏​គាត់​កាន់តែ​អស់​លុយ​ច្រើនឡើង​ទៀត​ក្នុង​ការប្រើប្រាស់​តាម​ប្រព័ន្ធ​ហ្នឹង​។ រដ្ឋាភិបាល​ក៏ដូចជា​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ធ្វើ​ម៉េច​ឱ្យ​សង់​តង់​គ្នា​ដើម្បីឱ្យ (​ស្វ័យ​សិក្សា​) ដំណើរការ​ទៅ​បាន​ល្អ​»៕

វីដេអូ៖