ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ជួន ណារ៉ុន បាន​ជូនដំណឹង​ពី​ការផ្អាក​ជា​បណ្តោះអាសន្ន​ដំណើរការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ជូន​បុគ្គលិក​អប់រំ មន្ត្រី​ជាប់កិច្ចសន្យា បុគ្គលិក​អង្គការ​មិនមែន​រដ្ឋាភិបាល​ចាប់ពី​ថ្ងៃទី ១៧ ខែមេសា នេះ​រហូត​មាន​ការជូន​ដំណឹង​ជាថ្មី ខណៈ​ដែល​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ១៩​ក្នុង​ជំហាន​ទី ១ ដល់​បុគ្គលិក​អប់រំ​សរុប​បាន​ជាង ១០ ម៉ឺន​នាក់​ហើយ។

លោក​បាន​លើកឡើង​តាមរយៈ​សេចក្តី​ជូន​ដំណឹង​នៅថ្ងៃនេះ​ថា ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ជូន​បុគ្គលិក​អប់រំ មន្ត្រី​ជាប់កិច្ចសន្យា​នៃ​អង្គភាព​អប់រំ និង​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ព្រមទាំង​បុគ្គលិក​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​វិស័យ​អប់រំ​នៅ​រាជធានី​ភ្នំពេញ ដោយ​គិត​ចាប់ពី​ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២១។ ក្រសួង​នឹង​ជម្រាបជូន​អំពី​កាលបរិច្ឆេទ​នៃ​ការបន្ត​ដំណើរការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ នៅពេល​ក្រោយ។

ជាមួយ​គ្នា​នេះដែរ លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​សៅរ៍ ទី ១៧ ខែ​មេសា នេះ​ថា​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ១៩​ក្នុង​ជំហាន​ទី​ ១ ដល់​បុគ្គលិក​អប់រំ បុគ្គលិក​កិច្ចសន្យា​នៃ​អង្គភាព​អប់រំ និង​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ព្រមទាំង​បុគ្គលិក​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​វិស័យ​អប់រំ​សរុប​មាន​ចំនួន ១១៣​ ២២៣ នាក់។

លោក​បាន​បន្តថា គិត​ត្រឹម​ថ្ងៃទី ១៥ ខែ​មេសា ឆ្នាំ ២០២១ បុគ្គលិក​អប់រំ និង​បុគ្គលិក​កិច្ចសន្យា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​ទូទាំង​ប្រទេស​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ ចំនួន ១០២ ៦៥១ នាក់ ត្រូវជា ៧១,៤% នៃ​ចំនួន​សរុប ១៤៣ ៨០៦ នាក់។ បុគ្គលិក​អប់រំ និង​បុគ្គលិក​កិច្ចសន្យា​នៅ​អង្គភាព​ថ្នាក់ជាតិ បាន​ចាក់​វ៉ាក់សាំង​ចំនួន ៤៩៦៦ នាក់ ត្រូវជា ៨០,២% នៃ​ចំនួន​សរុប ៦១៨៧ នាក់។ បុគ្គលិក​អប់រំ និង​បុគ្គលិក​កិច្ចសន្យា​នៅ​តាម​រាជធានី ខេត្ត បាន​ចាក់​វ៉ាក់សាំង ៩៧៦៨៥ នាក់ ត្រូវជា ៧០,៩% នៃ​ចំនួន​សរុប ១៣៧​ ៦១៩ នាក់។

លោក រស់ សុវាចា បាន​បញ្ជាក់ថា ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​បុគ្គលិក​អប់រំ បុគ្គលិក​កិច្ចសន្យា និង​បុគ្គលិក​អង្គការ​ដៃគូ​អភិវឌ្ឍន៍​ក្នុង​វិស័យ​អប់រំ​ទទួលបាន​វ៉ាក់សាំង​កូវីដ១៩​គ្រប់​គ្នា ក្រសួង​អប់រំ យុវជន និង​កីឡា​គ្រោង​ស្នើសុំ​វ៉ាក់សាំង​បន្ថែម​ពី​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ១៩​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស និង​ក្រសួង​សុខាភិបាល​សម្រាប់​ចាក់​វ៉ាក់សាំង​កូវីដ១៩​នៅ​ជំហាន​ទី​ ២ ក្នុង​បរិមាណ ៥៥ ០០០ នាក់៕