ភ្នំពេញ៖ លោក ចម ប្រសិទ្ធ រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្ដួចផ្ដើមគំនិតប្រមូលផ្ដុំធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលកំពុងបែកខ្ញែកគ្នាបម្រើការនៅក្រសួង ស្ថាប័ន សាកលវិទ្យាល័យ និងវិស័យឯកជនផ្សេងទៀត ជាក្រុមតែមួយ ដោយចុះបញ្ជីសារពើភណ្ឌប្រមូលផ្តុំទុកជាខួរក្បាលជាតិ។ នេះបើតាមមន្ត្រីនាំពាក្យនៃក្រសួងនេះ ពីម្សិលមិញ។
អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក អ៊ុំ សុថា ប្រាប់ ពីម្សិលមិញថា បច្ចុប្បន្នក្រសួងឧស្សាហកម្មកំពុងប្រជុំជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធជាបន្តបន្ទាប់ទៀត ដើម្បីប្រមូលធាតុចូល និងសិក្សាស្វែងយល់ពីការងារពាក់ព័ន្ធ ដើម្បីអាចឈានទៅធ្វើសំណើទៅរដ្ឋាភិបាលក្នុងការធ្វើបញ្ជីសារពើភណ្ឌបង្កើតក្រុមធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះ។
លោកថ្លែងថា៖ «បច្ចុប្បន្នធនធានមនុស្សទាំងនេះកំពុងនៅបែកខ្ញែកគ្នា តាមស្ថាប័ន ក្រសួង មន្ទីរ វិស័យឯកជន ក៏ដូចជានៅក្នុងអង្គការក្រៅរាជរដ្ឋាភិបាល។ ធនធានមនុស្សទាំងនេះជាគោលដៅដ៏សំខាន់ដែលរាជរដ្ឋាភិបាលក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវការសម្រាប់ជួយលើការសិក្សាស្រាវជ្រាវផ្សេងៗ»។
លោក សុថា ឱ្យដឹងថា ជាចំណុចចាប់ផ្តើមអនុវត្តលើការងារនេះកាលថ្ងៃទី ២៩ មិថុនា ឆ្នាំ ២០២០ លោក ចម ប្រសិទ្ធ បានដឹកនាំរៀបចំជំនួបពិភាក្សាជាមួយលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដែលជាក្រសួងស្នូលនៃការបណ្តុះបណ្តាល ធនធានមនុស្សគ្រប់កម្រិត ដើម្បីដំណើរការការងារប្រមូលផ្ដុំធនធានមនុស្សនេះផងដែរ។
មន្ត្រីនាំពាក្យរូបនេះបន្តថា៖ «ឆ្លងកាត់ការពិភាក្សា និងផ្លាស់ប្តូរយោបល់ទៅវិញទៅមក ក្រសួងទាំង ២ បានបង្ហាញនូវសារៈសំខាន់ នៃការបណ្តុះបណ្តាល ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មីៗ ហើយត្រូវយកចិត្តទុកដាក់ចំពោះការធ្វើបញ្ជីសារពើភណ្ឌមួយទុកជាធនធានខួរក្បាលរបស់ជាតិ ដែលបច្ចុប្បន្នធនធានទាំងនេះ នៅបែកខ្ញែកគ្នា ហើយមានមួយចំនួនកំពុងបំពេញ ការងារខុសជំនាញ»។
គេហទំព័ររបស់ក្រសួងទាំង ២ ឲ្យដឹងថា ក្រោយកិច្ចប្រជុំក្រសួងទាំង ២ បានបង្ហាញលទ្ធផលនៃជំនួបនេះថា ជាយន្តការក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នាធ្វើសមាហរណកម្មធនធានទាំងនោះ តាមរយៈកិច្ចសហការរវាងស្ថាប័នរដ្ឋជាមួយសាកលវិទ្យាល័យជំនាញ វិស័យឯកជននិងអង្គការក្រៅរដ្ឋាភិបាល ជាដើម។ កិច្ចសហការនេះ ដើម្បីឱ្យប្រាកដថា ធនធានមួយណាមានតម្រូវការជាក់ស្តែង និងក៏ជាមូលដ្ឋានបែងចែកធនធានឱ្យត្រូវមុខសញ្ញាការងារ។
ក្រសួងទាំង ២ បញ្ជាក់ថា៖ «ក្នុងនោះរដ្ឋត្រូវសហការរៀបចំវេទិកា ឬសិក្ខាសាលានានា ដើម្បីធ្វើជាព្រឹត្តិការណ៍ជួបជុំគ្នាផ្លាស់ប្តូរបទពិសោធ ឬការផ្ទេរចំណេះដឹងថ្មីៗ រវាងអ្នកបានប្រឡូកក្នុងការងារជាក់ស្តែងតាមចំណេះដឹងដែលខ្លួនមាន និងអ្នកដែលទើបបញ្ចប់ការសិក្សាជំនាញពីសាលា»។
លោក សុថា បញ្ជាក់ថា នាពេលខាងមុខថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម នឹងបន្តពិភាក្សាជាមួយក្រសួងផែនការ និងចុះសិក្សា ស្វែងយល់តាមសាកលវិទ្យាល័យផ្សេងៗ ដើម្បីទទួលបានធាតុចូលថ្មីៗថែមទៀតផងដែរ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាថ្លែងពីម្សិលមិញថា ជំនួបប្រជុំរវាងក្រសួងទាំង ២ ឆ្លើយតបទៅនឹងគោលនយោបាយ STEM (Science Technology Engineering and Mathematics) របស់ក្រសួងអប់រំក្នុងការចូលរួមពង្រឹងការអប់រំតាមបែបឌីជីថលសម្រាប់ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។
លោកថ្លែងថា៖ «ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និងក្រសួងស្ថាប័ន ពាក់ព័ន្ធកំពុងបន្តរៀបចំផែនការប្រតិបត្តិយោងតាមយន្តការដែលបានសម្រេចក្នុងស្មារតីអង្គប្រជុំសម្រាប់សហការគ្នាក្នុងការស្រង់បញ្ជីសារពើភណ្ឌប្រមូលផ្តុំមូលធនមនុស្សដែលមានជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ដើរតួនាទីជាឃ្លាំងចំណេះដឹងរបស់ជាតិ»៕