ភ្នំពេញៈ ក្រសួង​អប់រំ​យុវជន​ និង​កីឡា​បាន​ស្នើឱ្យ​គ្រប់​មន្ទីរអប់រំ​រួមគ្នា​ទប់ស្កាត់ និង​ការពារ​សម្ភារ​តាម​គ្រឹះស្ថានសិក្សា​ទាំង​កំពុង​ប៉ះពាល់​ពី​ទឹកជំនន់​ទាំង​​គ្រឹះស្ថាន​មិនទាន់​រងគ្រោះ និង​ឱ្យ​រៀបចំ​វិធានការ​នៅ​ក្រោយ​គ្រោះមហន្តរាយ​នេះ ខណៈ​តាម​របាយការណ៍​ពី​ម្សិលមិញ​បង្ហាញថា មាន​សាលារៀន​ជាង​ ៤០០ ​កន្លែង ​រង​ផលប៉ះពាល់​ពី​គ្រោះធម្មជាតិ​នេះ​។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​លើកឡើង​ក្នុង​សេចក្តី​ណែនាំ​ ១ ​កាលពី​យប់​ថ្ងៃ​​ទី​ ១៤ ខែតុលា​ ថា ជំនន់​ទឹកភ្លៀង​​ដែល​កំពុង​កើត​នៅ​កម្ពុជា​ធ្វើឱ្យប៉ះពាល់​ដល់​គ្រឹះស្ថានសិក្សា​​ដូចជា​អគារសិក្សា សម្ភារ​សិក្សា​​ និង​សម្ភារ​បរិក្ខារ​ជាដើម​។

សម្រាប់​គ្រឹះស្ថានសិក្សា​ដែល​កំពុង​ប៉ះពាល់​ពី​ទឹកជំនន់​លោក​រដ្ឋមន្ត្រី​បាន​ឱ្យ​មន្ត្រី​នៃ​មន្ទីរអប់រំ តាមដាន​ព័ត៌មាន​ពី​ស្ថានភាព​អាកាសធាតុ និង​ទឹកជំនន់​ជាប្រចាំ ហាម​សិស្សានុសិស្ស​មិន​ឱ្យ​លេង​ទឹក​ក្នុង​តំបន់​មាន​ទឹកជំនន់​ ឬ​ទឹក​ហូរ​ខ្លាំង​។ ក្នុង​​ករណី​ចាំបាច់​ត្រូវ​ជម្លៀស​សិស្ស​​ទៅ​ទីទួល​សុវត្ថិភាព និង​ចៀសវាង​ធ្វើដំណើរ​តាម​មធ្យោបាយ​ទឹក និង​ក្នុងពេល​ទឹក​កំពុង​ហូរ​ខ្លាំង តែ​បើ​ចាំបាច់ ត្រូវ​ប្រើ​អាវ​ពោង ឬ​ប៊ីដុង​។

លោក​ ហង់ជួន ណារ៉ុន បាន​​បញ្ជាក់ថា​៖ «​គណៈ​គ្រប់គ្រង​សាលារៀន លោកគ្រូ-អ្នកគ្រូ​ត្រូវ​ចូលរួម​សម្របសម្រួល​ដល់​ការធ្វើដំណើរ​របស់​សិស្ស ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ប្រកប​ដោយ​សុវត្ថិភាព និង​ការទទួល​ខុសត្រូវ​​ខ្ពស់​ក្នុង​ករណី​ចាំបាច់​។ សូម​អំពាវនាវ​ឱ្យ​មាតាបិតា អាណាព្យាបាល​សិស្ស​ជូន​កូន​ទៅ​សាលារៀន និង​ទទួល​ត្រឡប់​វិញ​ដោយ​ប្រុងប្រយ័ត្ន និង​ណែនាំ​សិស្ស​អំពី​អនាម័យ​ការហូបចុក​ចំណីអាហារ​ស្អាត និង​ទឹកស្អាត​»​។

លោក​បាន​បន្ថែមថា គ្រឹះស្ថាន​សិក្សា​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី គណៈកម្មការ​ទ្រទ្រង់​សាលារៀន អង្គការ​សង្គម​​ស៊ីវិល សប្បុរសជន និង​អ្នកពាក់ព័ន្ធ​ឱ្យ​ចូលរួម​សហការ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​​គ្រោះមហន្តរាយ​ទាំង​ផ្នែក​សម្ភារ និង​ថវិកា​។

ជាមួយ​គ្នា​នេះ​លោក​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា​៖ «​ត្រូវ​លើក​ទឹកចិត្ត​គ្រូបង្រៀន​ឱ្យ​បន្ត​ការបង្រៀន​តាម​គ្រប់​រូបភាព ដូចជា ការសិក្សា​ពី​ចម្ងាយ​ការសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដើម្បី​ធានា​និរន្តរភាព​នៃ​ការសិក្សា​របស់​សិស្ស​គ្រប់​កម្រិត​ថ្នាក់ ហើយ​គណៈ​គ្រប់គ្រង​សាលារៀន​ត្រូវ​ផ្តល់ព័ត៌មាន និង​រាយការណ៍​ជាប្រចាំ​ពី​ផលប៉ះពាល់​របស់​សាលារៀន​នីមួយៗ​...​ដើម្បី​បូកសរុប​របាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ​យុវជន និង​កីឡា​»​។

លោក ហង់ជួន ណារ៉ុន បាន​បន្តថា ចំពោះ​គ្រឹះស្ថានសិក្សា​ដែល​មិនទាន់​រង​ផលប៉ះពាល់​ពី​ទឹកជំនន់​គឺ​ត្រូវ​បន្ត​តាមដាន​ព័ត៌មាន​ពី​ស្ថានភាព​អាកាសធាតុ និង​ទឹកជំនន់​ជាប្រចាំ​។ គ្រឹះស្ថានសិក្សា​ដែល​ស្ថិត​ក្នុង​តំបន់​ងាយ​រងគ្រោះ​ត្រូវ​ត្រៀម​​ជាមុន​ដូចជា​ការ​ទុកដាក់​សម្ភារ​​ឯកសារ​ (​ជាពិសេស​សៀវភៅ​ក្នុង​​បណ្ណាល័យ​) ​គ្រឿង​បរិក្ខារ​អេឡិចត្រូនិក គ្រឿងអគ្គិសនី​។​ល​។

ចំពោះ​បញ្ហា​ក្រោយពេល​ទឹកជំនន់​លោក ហង់ជួន ណារ៉ុន បាន​ណែនាំ​ឱ្យ​គ្រឹះស្ថានសិក្សា​​ទាំងអស់​រួមគ្នា​សម្អាត​បរិស្ថាន​សាលារៀន អគារសិក្សា បន្ទប់​រៀន ដើម្បី​ធានាបាន​នូវ​អនាម័យ និង​ផាសុកភាព​។ ត្រូវ​រៀបចំ​ជួសជុល​ឡើងវិញ​នូវ តុ កៅអី ក្តារខៀន ទូ សម្ភារ​បរិក្ខារ​ប្រើប្រាស់​ក្នុង​សាលា ហើយ​គណៈគ្រប់គ្រង​សាលារៀន​ត្រូវ​រៀបចំ​របាយការណ៍​ជូន​ដល់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​។

អ្នកនាំពាក្យ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សុវាចា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ម្សិលមិញ​ថា គិត​មកដល់​ពេល​នេះ​មាន​សាលារៀន​មួយចំនួន​តូច​នៅ​តំបន់​ទំនាប​បាន​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​​ដោយសារ​ករណី​ទឹកជំនន់​នេះ​។

លោក​ថា​៖ «​ក្រសួង​បន្ត​យកចិត្ត​ទុកដាក់​កម្រិត​ខ្ពស់​តាមដាន​​នូវ​ស្ថានភាព​ធម្មជាតិ ដោយយោង​លើ​ការព្យាករ​ឧតុនិយម​​ផ្លូវការ និង​ទិដ្ឋភាព​ជាក់ស្តែង​។ ​ក្រសួង​មាន​ក្រុមការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​វិស័យ​អប់រំ ដែល​បាន​បន្ត​កិច្ចសហការ​ដូច​ ៧ ​ឆ្នាំ​កន្លង​មក​ដែរ​ដើម្បី​ត្រៀម​​អន្តរាគមន៍​លើ​កត្តាចាំបាច់​»​។

យ៉ាងណាក្ដី​លោក រស់ សុវាចា បាន​បញ្ជាក់ថា ក្រសួង​អប់រំ​​នៅតែ​បន្ត​ស្វាគមន៍​កិច្ចសហការ​វិជ្ជមាន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​​ដើម្បី​ឆ្លើយតប​នឹង​ផលប៉ះពាល់​​លើ​គ្រឹះស្ថានសិក្សា​សាធារណៈ​​ដោយសារ​ទឹកជំនន់​នេះ​។

តាម​របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ១៥ ខែតុលា ឆ្នាំនេះ​បង្ហាញ​​ថា មាន​សាលា​ ៤២៥ ​កន្លែង​ បាន​​រង​ការប៉ះពាល់​ពី​ទឹកជំនន់​ក្នុង​​នោះ​ខេត្តពោធិ៍សាត់​ ២៦ ​កន្លែង​,​ ខេត្តបាត់ដំបង​ ៣១៦ ​កន្លែង, បន្ទាយមានជ័យ​ ៣៩ ​កន្លែង​,​ ប៉ៃលិន​ ២ ​កន្លែង​,​ កណ្តាល​ ២៣ ​កន្លែង​,​ ព្រះសីហនុ​ ១ ​កន្លែង​,​ កំពង់ធំ​ ១ ​កន្លែង​,​ ស្ទឹងត្រែង​ ២ ​កន្លែង​,​ កំពង់ស្ពឺ​ ១ ​កន្លែង​,​ តាកែវ​ ៣ ​កន្លែង, កំពង់ចាម​ ១ ​កន្លែង និង​ខេត្ត​សៀមរាប​ ១០ ​កន្លែង​៕