ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ជួន ណារ៉ុន ថ្លែងថា ការធ្វើ​កំណែទម្រង់​កម្មវិធីសិក្សា និង​វិធីសាស្ត្រ​បង្រៀន​គឺ​ដើម្បី​លើកកម្ពស់​ប្រព័ន្ធ​អប់រំ​កម្ពុជា​ដែល​ត្រូវ​ប្រណាំងប្រជែង​ជាមួយ​នឹង​បណ្ដា​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​ដែល​មាន​លទ្ធផល​ប្រសើរ​ជាង​នៅ​ប្រទេស​ កម្ពុជា​។

ក្នុង​បាឋកថា​ស្ដីពី​កំណែទម្រង់​កម្មវិធី​សិក្សា និង​វិធីសាស្ត្រ​បង្រៀន​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាលពី​ថ្ងៃ​ ២៧ ​មករា​លោក ហង់ជួន ណារ៉ុន បាន​ថ្លែងថា​៖ «​មូលហេតុ​នៃ​ការកែលម្អ​កម្មវិធីសិក្សា​នេះ​គឺ​ដើម្បី​ធ្វើ​យ៉ាងម៉េច​លើកកម្ពស់​លទ្ធផល​សិក្សា​របស់​សិស្ស ឬ​និស្សិត​កម្ពុជា​។ កម្ពុជា​ត្រូវ​ប្រណាំងប្រជែង​ជាមួយ​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់ ហើយ​យើង​ឃើញ​ថា​ប្រទេស​ក្នុង​តំបន់​គេ​មាន​លទ្ធផល​សិក្សា​ល្អប្រសើរ​។ មូលហេតុ​គឺ​ដោយសារ​តែ​កម្ពុជា​យើង​ឆ្លងកាត់​នូវ​សង្គ្រាម​ជាង​ ៣ ​ទសវត្សរ៍ ហើយ​យើង​ទើបតែ​កសាង​ឡើងវិញ​នូវ​ប្រព័ន្ធ​អប់រំ​របស់​យើង​ចេញ​ពី​សង្គ្រាម​»​។

លោក​ ហង់ជួន ណារ៉ុន ថ្លែង​ទៅកាន់​គរុនិស្សិត​ថា ក្រសួង​អប់រំ​ត្រូវ​ពង្រឹង​គុណភាព​គ្រូ​ដើម្បី​ឆ្លើយតប​នឹង​យុគសម័យ​បច្ចេកវិទ្យា​។ ​នៅ​ចុង​ឆ្នាំនេះ​ក្រសួង​អប់រំ​នឹង​រៀបចំ​ឱ្យ​មាន​ការប្រឡង​គរុនិស្សិត​ដែល​នឹង​ដាក់ឱ្យ​អនុវត្ត​វិធីសាស្ត្រ​បង្រៀន​តាម​បែប​ថ្មី និង​តម្រូវឱ្យ​ចេះ​គ្រប់​វិធីសាស្ត្រ​បង្រៀន​។

លោក​បាន​បញ្ជាក់ថា​៖ «​ឱ្យ​យល់ដឹង​ស្អី​ទៅ វិធីសាស្ត្រ​គ្រូ​មជ្ឈមណ្ឌល វិធីសាស្ត្រ​ចាស់ ហើយ​ស្អី​ទៅ​វិធីសាស្ត្រ​ថ្មី​។ ការបង្រៀន​ជា​សិល្បៈ​។ ដូច្នេះ​ប្អូនៗ​គរុនិស្សិត​អាច​អនុវត្ត​បាន​វិធីសាស្ត្រ​​ផ្សេងៗ​ធ្វើ​យ៉ាងម៉េច​ឱ្យ​សិស្ស​យើង​ចេះ​។ ព្រោះ​សិស្ស​ដើម្បី​ត្រៀមខ្លួន​ចូលទៅ​រៀន​ឧត្តមសិក្សា ហើយ​បើ​មិនចេះ​វិធីសាស្ត្រ​ថ្មី​ទេ មិន​អាច​ទៅ​រៀន​ទាន់​គេ​ទេ​។ អ៊ីចឹង​ហើយ​បាន​ជា​យើង​ដាក់ចេញ​ជាគោលការណ៍​មួយ​ថា តើ​ចំណេះដឹង​យុគសម័យ​ថ្មី​ហ្នឹង​វា​យ៉ាងម៉េច​?»​។

យោងតាម​វីដេអូ​ខ្លី​របស់​ក្រសួង​អប់រំ​ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​ Youtube កាលពី​ចុង​ឆ្នាំ​មុន​បាន​ឱ្យដឹងថា បច្ចុប្បន្ន​វិធីសាស្ត្រ​បង្រៀន​តាមបែប​គ្រូ​មជ្ឈមណ្ឌល​ដែល​តម្រូវ​ឱ្យ​សិស្ស​ចេះ​ស្តាប់​ចងចាំ ទន្ទេញ និង​សូត្រ មិន​អាច​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ទាំងស្រុង​របស់​សង្គម​ទំនើប​នេះ​បាន​ទៀត​ទេ ពីព្រោះ​ព័ត៌មាន និង​ទិន្នន័យ​គ្រប់​ប្រភេទ​ត្រូវបាន​ចែករំលែក​យ៉ាង​ឆាប់រហ័ស​។ ពិភពលោក​មាន​ការវិវឌ្ឍ​លឿន​ជាង​មុន​។ ទីផ្សារ​ការងារ​មាន​ការប្រកួតប្រជែង​ខ្ពស់​ដែល​ទាមទារ​ឱ្យ​មាន​ជំនាញ​ខ្ពស់​ និង​សមត្ថភាព​សម្បូរបែប​។

ក្រសួង​អប់រំ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​បាន​បើកសម្ពោធ​ជា​ផ្លូវការ​នូវ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គរុកោសល្យ​ជំនាន់ថ្មី​ដែលមាន​ទីតាំង​ស្ថិត​នៅក្នុង​វិទ្យាស្ថាន​ជាតិ​អប់រំ ដើម្បី​បណ្ដុះបណ្ដាល​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​អប់រំ​ដល់​និស្សិត​កម្ពុជា​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ថ្ងៃ​ទី​ ២៧ ខែមករា​ថា ការបង្កើត​មជ្ឈមណ្ឌល​នេះ​គឺ​ដើម្បី​លើកកម្ពស់​ការបង្រៀន​។ ​ប៉ុន្តែ​លោក​មិន​បាន​អត្ថាធិប្បាយ​លម្អិត​ទេ​ដោយ​លោក​ស្នើ​ឲ្យ​ផ្អែកលើ​ខ្លឹមសារ​នៃ​វីដេអូ​របស់​ក្រសួង​អប់រំ​វិញ​។

បើ​តាម​ខ្លឹមសារ​ក្នុង​វីដេអូ​ខ្លី​របស់​ក្រសួង​អប់រំ​នេះ​បាន​ឱ្យដឹងថា គ្រូបង្រៀន​គួរតែ​ផ្លាស់ប្តូរ​វិធីសាស្ត្រ​បង្រៀន​ដើម្បី​អប់រំ​ឱ្យ​សិស្ស​ចេះ​អាន សរសេរ គិត​លេខ ភាសាបរទេស ប្រព័ន្ធ​បច្ចេកវិទ្យា ត្រិះរិះ​ពិចារណា វិភាគ​ច្នៃប្រឌិត ដោះស្រាយ​បញ្ហា សម្រេចចិត្ត​ដោយ​ភាពឆ្លាតវៃ​ចង់​ចេះ ចង់ដឹង ចេះ​ផ្តួច​ផ្តើមធ្វើ​អ្វី​ថ្មីៗ​មាន​វិន័យ ទន់ភ្លន់ សុចរិត មាន​ស្មារតី​​ទទួល​ខុសត្រូវ​ខ្ពស់ ចេះ​ប្រាស្រ័យ​ទាក់ទង សហការ និង​ធ្វើការ​ជា​ក្រុម​ជាមួយ​មនុស្ស​ដែល​មាន​ភេទ គំនិត ជំនឿ វប្បធម៌ ឬ​ជាតិ​សាសន៍​ផ្សេងៗ​គ្នា​។

យោងតាម​ឯកសារ​ទស្សនទាន​ស្តីពី​វិធីសាស្ត្រ​បង្រៀន​ក្នុង​បរិបទ​ថ្មី​របស់​ក្រសួង​អប់រំ​បាន​ឱ្យដឹងថា ដើម្បី​ឱ្យ​ការអនុវត្ត​វិធីសាស្ត្រ​បង្រៀន​តាមបែប​ថ្មី​អាច​ដំណើរការ​ទៅ​បាន​ដោយមាន​គុណភាព ក្រសួង​អប់រំ​បាន​ផ្តល់​អាទិភាព​បណ្តុះបណ្តាល​គ្រូ​ដោយ​កំណត់​ផែនការ​សម្រាប់​ឆ្នាំ​ ២០១៩ ​ដល់​ ២០២៣​។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា លោកស្រី​សាទរ​ចំពោះ​ការកែទម្រង់​ការអប់រំ​តាមបែប​បច្ចេកវិទ្យា​ថ្មី​នេះ​។ ​ប៉ុន្តែ​លោកស្រី​បាន​ស្នើសុំ​ឱ្យ​ក្រសួង​មាន​ទាំង​សម្ភារ​ទាំងអស់​នេះ​ដោយ​មិន​ត្រូវឱ្យ​សិស្ស​ចំណាយ​ប្រាក់​ទៅលើ​ការទិញ​សម្ភារ​ដើម្បី​រៀន​ទាំងនេះ​ទេ​។

លោកស្រី​ថ្លែងថា​៖ «​គឺ​យើង​មិនអាច​ទទួល​យក​បានទេ​ប្រសិន​បើ​តម្រូវ​​ឲ្យ​សិស្ស​ចំណាយ​ទិញ​សម្ភារ​សម្រាប់​​រៀន​ព្រោះ​អី​វា​ជាការ​ដាក់បន្ទុក​កាន់តែ​ខ្លាំង​ដល់​សិស្សានុសិស្ស​»៕