រតនគិរីៈ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក សាយ សំអាល់ បាន​លើកឡើង​ថា តំបន់​ការពារ​ធនធាន​ធម្មជាតិ​នៅក្នុង​ខេត្ត​រតនគិរី​កំពុង​ត្រូវបាន​គេ​ទន្ទ្រាន​យក​ជា​បន្តបន្ទាប់ ហើយ​ករណីខ្លះ​គឺ​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​មូលដ្ឋាន​មួយចំនួន​។

លោក សាយ សំអាល់ ចង់ឱ្យ​មាន​ការអនុវត្ត​វិធានការ​ច្បាប់​តឹងរ៉ឹង​ប្រឆាំង​នឹង​ការរំលោភ​បំពាន​ដី​រដ្ឋ​នេះ ខណៈ​លោក​ថា​ខេត្ត​រតនគិរី​មាន​ការទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ ហើយ​មាន​ការជាប់​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​ដូចជា​មេភូមិ​មេឃុំ​ជាដើម​។ លោក​លើក​ឡើង​បែប​នេះ​គឺ​នៅ​ចំពោះ​មុខ​ក្រុមមន្ត្រី​ខេត្តរតនគិរី​ជាច្រើនរូប​នៅក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃទី​ ៣០ ខែមិថុនា ដែល​មាន​ការចូលរួម​ចាប់តាំងពី​អភិបាលខេត្ត​រហូត​ដល់​អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ​។

លោក​បន្តថា ក្រុមមន្ត្រី​ភូមិ​ឃុំ​ទាំងនោះ​នៅតែ​បន្ត​បំពាន​ច្បាប់​ដោយ​ចុះហត្ថលេខា​លើ​លិខិត​ទិញ និង​លក់​ដី និង​ការចុះហត្ថលេខា​បញ្ជាក់​ពី​ការកាន់កាប់​ដី​ដោយ​ខុសច្បាប់ ថ្វីដ្បិត​ពួកគេ​ត្រូវ​បាន​អប់រំ​ណែនាំ​ជាច្រើន​លើក​ច្រើនសា​ពី​មន្ត្រី​ជំនាញ​យ៉ាងណា​ក៏ដោយ​។

លោក​ថា​៖ «​អាជ្ញាធរ​មូលដ្ឋាន​ដែល​មាន​តួនាទី​ត្រូវ​ចូលរួម​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​មិន​ត្រូវ​បើកដៃ​ឱ្យ​មាន​ការកាប់រាន ដុត​ឆ្ការ ទន្ទ្រាន​កាន់កាប់​ដីរដ្ឋ​ដោយ​ខុសច្បាប់ ហើយ​ស្នើសុំ​កាត់​ឆ្វៀល​ដី​រំលោភ​ទន្ទ្រាន​ទាំងនោះ​ឱ្យ​ក្រុម​ជនខិលខូច​ឡើយ​ដែល​នេះ​ជា​ទង្វើ​ខុសច្បាប់ ហើយ​ចាំបាច់​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់​ដោយ​គ្មាន​ការលើកលែង​ឡើយ​»​។

កាលពី​ថ្ងៃ​ម្សិលមិញ​លោក ផុន ខេមរិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី​បាន​បដិសេធ​ផ្ដល់​ព័ត៌មាន​ដោយ​គ្រាន់តែ​បញ្ជាក់ថា ការលើកឡើង​របស់​លោក សាយ សំអាល់ ​គឺជា​សារ​ដាស់តឿន​មួយ​ចំពោះ​អ្នក​ដែល​រំលោភ​យក​ដី​ក្នុង​តំបន់​ការពារ​។

លោក​ថា​៖ «​ខ្ញុំ​មិន​បញ្ជាក់ថា កន្លែង​រំលោភ​ហ្នឹង​នៅ​កន្លែង​ណាៗ​ទេ ប៉ុន្តែ​យើង​ធ្វើ​ការងារ​ហ្នឹងហើយ​។ យើង​កំពុង​ស្ថិត​ក្នុង​ការធ្វើ​ការងារ​ជាមួយ​តុលាការ​»​។

ចំណែក​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន បាន​ថ្លែង​យ៉ាងខ្លី​ដែរ​ថា ការរំលោភ​ដី​នៅ​តាម​តំបន់​ការពារ​ធម្មជាតិ​នោះ​គឺ​មាន​ច្រើន​ហិកតា ហើយ​ក្រសួង​នឹង​ចាត់វិធានការ​ច្បាប់​ដកហូត​ដី​ទាំងនោះ​មកវិញ និង​សំណុំ​រឿង​ខ្លះ​អាច​នឹងត្រូវ​បញ្ជូន​ទៅ​តុលាការ​។

ចំណែក​លោក ឌិន ខុន្នី អ្នក​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​រតនគិរី យល់​ស្រប​ចំពោះ​ការលើកឡើង​របស់​លោក សាយ សំអាល់ ខណៈ​លោក​ក៏​បញ្ជាក់ថា អាជ្ញាធរ​មូលដ្ឋាន​ពិតជា​ទទួល​បាន​ផលប្រយោជន៍​ក្នុង​ការមិន​ទប់ស្កាត់​សកម្មភាព​រំលោភ​យក​ដី​តំបន់​ការពារ​ធនធាន​ធម្មជាតិ​។

ប៉ុន្តែ​លោក​ ខុន្នី យល់​ថា​ការជំរុញ​របស់​លោក សាយ សំអាល់ ឱ្យ​ចាត់​វិធានការ​តឹងរ៉ឹង នៅពេល​នេះ​គឺ​ហាក់​យឺត​ពេល​ទៅ​ហើយ ដោយសារ​ព្រៃ​ការពារ និង​ព្រៃ​បម្រុង​ទុក​នៅក្នុង​ខេត្តរតនគិរី គឺ​ស្ទើរ​បាត់បង់​ទាំងស្រុង ដោយសារ​មាន​ការកាប់​ទន្ទ្រាន​ចូល​កាន់កាប់​យ៉ាងខ្លាំង​នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ​។

លោក​អះអាង​ថា សកម្មភាព​កាប់​ទន្ទ្រាន​ដីព្រៃ​ដែល​កម្រើក​ខ្លាំង​នោះ គឺ​បន្ទាប់ពី​មាន​ការរំលាយ​បក្សប្រឆាំង​ដែល​អាជ្ញាធរ​មូលដ្ឋាន ភូមិ​ឃុំ ចាប់ផ្ដើម​ធ្វើ​ព្រងើយកន្ដើយ ហើយ​ផ្ទុយ​ទៅវិញ​មន្ត្រី​ភូមិ​ឃុំ​ទាំងនោះ​រួមទាំង​មន្ត្រីប៉ូលិស​ប៉ុស្ដិ៍ និង​ក្រុម​ប្រជាការពារ​ភូមិ​ជាដើម បាន​គំរាមកំហែង តាមដាន ប្ដឹងផ្តល់ រួមទាំង​លាបពណ៌ ចំពោះ​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​ទៅវិញ​។

លោក​បញ្ជាក់ថា​៖ «​ប្រសិនបើ​អាច​ចាត់​ចំណាត់ការ​បាន​ចាប់ពី​ពេល​ហ្នឹង​តទៅ យ៉ាង​ហោចណាស់​ក៏​វា​អាច​សល់​មកវិញ​បាន​ខ្លះ​ដែរ ហើយ​ប្រសិនបើ​ចំណាត់ការ​ដូច​លោក សាយ សំអាល់ លើកឡើង​មែន​គឺ​យើង​អាច​ដកហូត​មក​វិញ​ចំពោះ​បុគ្គល​កាន់កាប់​ដី​របស់​រដ្ឋ​»​។

មន្ត្រី​សង្គម​ស៊ីវិល​រូបនេះ​បន្ថែម​ទៀត​ថា តាមផ្លូវ​ច្បាប់ អ្នក​ទន្ទ្រាន​យក​ដី​រដ្ឋ ហើយ​មន្ត្រី​ដែល​បាន​ស៊ី​ចុះហត្ថលេខា​ឱ្យ​មាន​ការកាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​គឺ​ត្រូវ​ទទួលទោស​ស្មើគ្នា​។

ភ្នំពេញ​ប៉ុស្ដិ៍​មិន​អាច​សុំ​ការបញ្ជាក់​ពី​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី​បានទេ ដោយសារ​ទូរស័ព្ទ​របស់​លោក​មិនមាន​អ្នក​ទទួល​។

បើ​តាម​ក្រសួងបរិស្ថាន ខេត្តរតនគិរី​ដែល​មាន​ប្រជាជន​ប្រមាណ​ជាង ២៦ ម៉ឺន​នាក់​គឺ​មាន​តំបន់​ការពារ​ធម្មជាតិ​ចំនួន ៦ ដែល​មាន​ផ្ទៃដី ៨៩៣ ៥៩៤ ​ហិកតា ក្នុង​នោះ​មានដូចជា​ឧទ្យាន​ជាតិ​វីរជ័យ ឧទ្យាន​ជាតិ​អូរយ៉ាដាវ ដែនជម្រក​សត្វព្រៃ​លំផាត់ និង​ដែន​ជម្រក​សត្វព្រៃ​សៀមប៉ាង​វើនសៃ រួមទាំង​តំបន់​ការពារ​ធម្មជាតិ​ដោយ​សហគមន៍​ចំនួន ១០ ​ផ្សេងទៀត​ដែល​មាន​ផ្ទៃដី​ទំហំ ២៦ ៣៣៨ ​ហិកតា​៕