ភ្នំពេញ: ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោក ប្រាក់ សុខុន បានអះអាងថា ទំនាក់ទំនងនិងទំនុកចិត្តផ្នែកនយោបាយរវាងកម្ពុជា-ចិន បច្ចុប្បន្ន ល្អប្រសើរជាងពេលណាៗទាំងអស់ ដោយសារមានការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់។
ការថ្លែងដូចនេះ បានធ្វើឡើងបន្ទាប់ពីលោកវិលត្រឡប់មកពីបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន (ថ្ងៃទី ៣០ ខែ ឧសភា ដល់ថ្ងៃទី ១ ខែ មិថុនា) ដោយបានជួបលោកនាយករដ្ឋមន្ត្រីចិន លី កេឈាង និងជួបប្រជុំទ្វេភាគីជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនផងដែរ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានៅថ្ងៃទី ១ មិថុនា ថា ជំនួបរវាង លោក ប្រាក់ សុខុន និងលោក វ៉ាង យី បានប្រព្រឹត្តទៅក្នុងភាពស្និទ្ធស្នាលនិងគ្របដណ្តប់លើវិស័យជាច្រើន ហើយភាគីទាំង ២ បានយល់ស្របគ្នាថាទំនាក់ទំនង និងទំនុកចិត្តផ្នែកនយោបាយរវាងកម្ពុជា និងចិននាពេលនេះគឺល្អប្រសើរជាងពេលណាៗទាំងអស់ដោយសារមានការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់។ ដូច្នេះគួរតែបន្តរក្សាការអនុវត្តនេះ។
សេចក្ដីប្រកាសបន្តថា ភាគីទាំង ២ បានឯកភាពធ្វើការរួមគ្នាដើម្បីធានាការអនុវត្តឲ្យបានជោគជ័យលើផែនការសកម្មភាពកសាងសហគមន៍មានអនាគតរួមគ្នាកម្ពុជា-ចិន ឆ្នាំ ២០១៩-២០២៣ ដែលបានចុះហត្ថលេខាកាលពីខែមេសាឆ្នាំនេះ ដើម្បីនាំមកនូវកិច្ចសហប្រតិបត្តិការសន្តិសុខនយោបាយឲ្យកាន់តែស្អិតល្មួត ពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងជំរុញកំណើនការផ្លាស់ប្តូរទេសចរណ៍ និងវប្បធម៌។
លោក ប្រាក់ សុខុន បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដើម្បីលើកកម្ពស់ការតភ្ជាប់និងបានតាំងចិត្តខិតខំធ្វើឲ្យគម្រោងខ្សែក្រវាត់ និងផ្លូវនៅកម្ពុជាក្លាយជាគំរូនៃជោគជ័យ។
លោកបន្តថា ចំពោះកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន រដ្ឋមន្ត្រីការបរទេសទាំង ២ បានប្តេជ្ញាចិត្តសហការជាមួយប្រទេសសមាជិកអាស៊ានផ្សេងទៀតដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន និងបានយល់ស្របគ្នាថា គួរគិតពិចារណាអំពីលទ្ធភាពជំរុញឲ្យមានថាមពលរួមគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងផែនការមេស្តីពីកាតភ្ជាប់អាស៊ាន ដើម្បីផលប្រយោជន៍ក្នុងតំបន់។
លោក លី កេឈាង ថ្លែងថា ការរឹតបន្តឹងទំនាក់ទំនងជាប្រពៃណីរវាងកម្ពុជា និងចិនឲ្យកាន់តែរឹងមាំគឺធ្វើ ឡើងលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមកដោយស្មើភាព និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ។ ប្រទេស ចិន នឹងបន្តជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជានិងគាំទ្រឲ្យបានជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅប្រទេស កម្ពុជា ក្នុងឆ្នាំ ២០២០ ខាងមុខនេះ៕