ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា​លោក ហង់ ជួន ណារ៉ុន ដែល​ជា​ប្រធាន​កាយរឹទ្ធិ​ជាតិ​កម្ពុជា​ផង​នោះ​បាន​ចាត់​ទុក​សកម្មភាព​នានា​​របស់​កាយរឹទ្ធិ​ថា ជា​កិច្ចការ​មិន​អាច​ខ្វះ​បាន ជាពិសេស​ខណៈ​គោល​នយោបាយ និង​គោលការណ៍​កាយរឹទ្ធិ​នឹង​ផ្សារភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​នា​ថ្ងៃ​អនាគត​។

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ក្រុម​ប្រឹក្សាជាតិ​នៃ​កាយរឹទ្ធិ​ជាតិ​កម្ពុជា​លើក​ទី​ ១ ​សម្រាប់​អាណត្តិ​​ទី​ ៣ នៅ​ខេត្ដ​កំពង់ធំ​កាលពី​ម្សិលមិញ​លោក ហង់ ជួនណារ៉ុន បាន​លើក​ឡើង​ថា​កាយរឹទ្ធិ​មិន​គ្រាន់តែ​ដើរតួ​ក្នុង​ការពង្រឹង​សាមគ្គី​ជាមួយ​យុវជន និង​សង្គម​នោះ​ទេ ប៉ុន្តែ​ក៏​ជា​ផ្នែក​មួយ​នៃ​ការផ្សារភ្ជាប់​ខ្លួន​ទៅ​វិស័យ​ផ្សេង​ផងដែរ ពិសេស​ក្នុង​ពេល​ដែល​បច្ចេកវិទ្យា​កំពុង​រីកចម្រើន​។

លោក​ថ្លែង​ថា​៖ «​យើង​ចង់​ឲ្យ​សកម្មភាព​កាយរឹទ្ធិ​នេះ​មិន​ត្រឹមតែ​ដើរ​តួនាទី​សំខាន់​ក្នុង​ការពង្រឹង​ស្មារតី​សាមគ្គីភាព ភាតរភាព​ជាមួយ​យុវជន និង​យុវជន​ក្នុង​សង្គម​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​យើង​ចង់​ឲ្យ​កាយ​រឹទិ្ធ​ផ្សារភ្ជាប់​រវាង​គោលនយោបាយ និង​គោលការណ៍​កាយរឹទ្ធិ​ជាមួយ​នឹង​បច្ចេកវិទ្យា​ផង​ដែរ​»​។

លោក​បាន​ពន្យល់​ថា​នៅ​ថ្ងៃ​អនាគត​ពេល​មាន​សកម្មភាព​បោះជំរំ​ជាដើម​នោះ ក្រសួង​អប់រំ​មិនមែន​គ្រាន់​ឲ្យ​យុវជន​មក​ជួបជុំ​គ្នា​ធម្មតា​ទេ ប៉ុន្ដែ​នឹង​បង្កើត​សកម្មភាព និង​វគ្គ​បណ្ដុះបណ្ដាល​អំពី​បច្ចេកវិទ្យា​ថ្មីៗ​ដល់​យុវជន​ផង​ដែរ​។

លោក​ថា​៖ «​យើង​នឹង​រៀបចំ​ជា​សកម្មភាព Boot Camp ដែល​មាន​ជា​វគ្គ​បណ្ដុះបណ្ដាល​អំពី​បច្ចេកវិទ្យា​។ ចំពោះ​វគ្គ​បណ្ដុះបណ្ដាល​នេះ​នឹង​រៀបចំ​​ឡើង​ថា តើ​យុវជន​សម័យ​ថ្មី​នៅក្នុង​យុគសម័យ​ឌីជីថល​នេះ​ត្រូវ​មាន​ចំណេះដឹង និង​វិជ្ជា​សម្បទា​អ្វី​ខ្លះ​?»​។

លោក​បាន​រំឭក​ទៅ​យុវជន​ថា​៖ «​យុវជន​កម្ពុជា​ត្រូវ​ចេះ​ទទួល​ខុសត្រូវ​មាន​ការ​ប្តេជ្ញាចិត្ត​ខ្ពស់​ធ្វើ​ខ្លួន​ជា​ពលរដ្ឋ​អន្តរជាតិ ចេះ​សហការ​ជាមួយ​យុវជន​នៃ​ប្រទេស​ដទៃ​ទៀត​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ក្លាយ​ជា​ធនធាន​ដ៏ល្អ​ដើម្បី​ធានា​បាន​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ដល់​ប្រទេស​កម្ពុជា​»​។

តាមរយៈ​របាយការណ៍​បូក​សរុប​លទ្ធផល​ ១ ​ឆ្នាំ​កន្លង​មក​នេះ​លោក​រដ្ឋមន្ដ្រី​ក្រសួង​អប់រំ​បាន​បង្ហាញ​ថា កាយរឹទ្ធិ​កម្ពុជា​មាន​ការវិវឌ្ឍ​រីកចម្រើន និង​បាន​រួមចំណែក​ក្នុង​ចលនា​សង្គម​យ៉ាង​សកម្ម​នៅ​ទូទាំង​ប្រទេស​។

លោក​បន្ដ​ថា​៖ «​សកម្មភាព​នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា កាយរឹទ្ធិ​កម្ពុជា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​កុមារ​ ​និង​យុវជន​សកម្មភាព​នៅក្នុង​សហគមន៍ ការពង្រឹង​ភាព​ជា​អ្នក​ដឹកនាំ និង​បណ្ដុះបណ្ដាល​ធនធាន​កុមារ និង​យុវជន​ឲ្យ​ក្លាយ​ជា​កម្លាំង​បន្ដវេន​ដ៏មាន​ប្រសិទ្ធភាព និង​ស្មោះត្រង់​នឹង​ប្រទេស​ជាតិ​»​។

លោក ណារ៉ុន បាន​លើក​ឡើង​​ថា ក្រសួង​ចង់​ពង្រឹង​ឲ្យ​យុវជន​យល់ដឹង​ពី​ភារកិច្ច​ខ្លួន និង​ចេះ​ជួយ​គ្នា​ក្នុង​ការសិក្សា​រៀនសូត្រ​។ ដូច្នេះ​ភារកិច្ច​ធំ​របស់​កាយរឹទ្ធិ​គឺ​ពង្រឹង​ការរៀនសូត្រ ហើយ​បច្ចេកវិទ្យា​ដែល​កំពុង​រីកចម្រើន​ក៏​ត្រូវ​គិតគូរ​ផង​ដែរ​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​បន្ថែម​ថា​៖ «​បច្ចេកវិទ្យា​បាន​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស ដូច្នេះ​ក្រសួង​អប់រំ​បាន​ដាក់​ចេញ​នូវ​វិធានការ​កំណែទម្រង់​ការ​អប់រំ​ជា​បន្ដ​ដោយ​បាន​ដាក់​ចេញ​នូវ​សមាសភាព​ ៣ ​ក្នុង​វិស័យ​អប់រំ​​រួមមាន​កំណែទម្រង់​យុវជន​​ កំណែទម្រង់​អប់រំ និង​កីឡា​»​។

ទាក់ទង​នឹង​ការអប់រំ​នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កាលពី​ម្សិលម្ង៉ៃ​ក៏​បាន​បង្កើត​ក្រុម​ការងារ​ពិសេស​មួយ​​ក្នុង​ការជំរុញ​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល​ទៅក្នុង​វិស័យ​​អប់រំ និង​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ផង​ដែរ​។

ក្រុម​ការងារ​នេះ​ហៅ​កាត់​ថា​ (TWG-TVET) ​ដឹកនាំ​ដោយ លោក អ៊ិត សំហេង រដ្ឋមន្ដ្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដើម្បី​កំណត់​នូវ​យុទ្ធសាស្ត្រ​ជា​អាទិភាព និង​សកម្មភាព​របស់​ក្រុម​ការងារ​បច្ចេកទេស​ចម្រុះ​សម្រាប់​វិស័យ​អប់រំ​និង​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ក្នុង​ឆ្នាំ​ ២០១៩-២០២០ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​​សេដ្ឋកិច្ច​ឌីជីថល និង​ឆ្លើយតប​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤ ​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ការអភិវឌ្ឍ​ជំនាញ​៕