ភ្នំពេញ: រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ បាន​ថ្លែងថា អ្នកសារព័ត៌មាន​ឯករាជ្យ​មិនមែន​សំដៅ​លើ​ការជេរ​រដ្ឋាភិបាល​ទើប​ហៅ​សារព័ត៌មាន​ឯករាជ្យ​ទេ ដោយ​ពាក្យ​ឯករាជ្យ​គឺ​សំដៅលើ​ឯករាជ្យ​នៃ​ការគិត​ដោយ​ផ្នត់គំនិត​ និង​ការសរសេរ​ដោយ​គ្មាន​សម្ពាធ ខណៈ​លោក​អំពាវនាវ​ដល់​មន្ត្រី​មួយ​ចំនួន​កុំ​ឲ្យ​ចាត់ទុក​អ្នកកាសែត​ជា​សត្រូវ​។

លោក ខៀវ កាញារីទ្ធ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​វឌ្ឍនភាព​ការងារ​ឆ្នាំ​ ២០១៩ និង​ទិសដៅ​ការងារ​បន្ដ​ឆ្នាំ​ ២០២០ របស់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​រាជធានី-ខេត្ត​កាលពី​ម្សិលមិញ​ថា លោក​បាន​កត់សម្គាល់​ឃើញ​មាន​គ្រូបង្រៀន​កាសែត​ជនជាតិ​បរទេស​មួយចំនួន​លើក​ពី​ទ្រឹស្ដី​មក​បង្រៀន​សិស្ស​និស្សិត​កម្ពុជា​ថា អ្នកកាសែត​ដែល​ហ៊ាន​សរសេរ​រិះគន់ និង​ជេរ​រដ្ឋាភិបាល​ទើប​ជា​កាសែត​ឯករាជ្យ​។

លោក​ថា​៖ «​ចំពោះ​ខ្ញុំ​យល់ថា ជាក់ស្ដែង មិនមែន​អ៊ីចឹង​ទេ អ្នកកាសែត​ណា​ក៏ដោយ​នៅលើ​ពិភពលោក កុំ​តាំង​ខ្លួន​ជា​កាសែត​ឯករាជ្យ គឺ​គ្មាន​ទេ គឺ​អ្នក​កាសែត​មិន​ដែល​ដើរ​ហួស​គន្លង​របស់​និពន្ធ​នាយក​ទេ បើ​និពន្ធ​នាយក​ស្ថាប័ន​ហ្នឹង​ឈរលើ​ជំហរ​ត្រឹមណា​គឺ​កាសែត​ហ្នឹង បាន​ត្រឹម​តែ​ជំហរ​ត្រឹមហ្នឹង​ទេ​»​។

លោក​បាន​បញ្ជាក់ថា​៖ «​ពាក្យ​ថា កាសែត​ឯករាជ្យ​គឺ​មកពី​ការគិត​របស់​យើង គេ​ថា ឯករាជ្យ មិន​ទៅ​ពឹង​លើ​នរណា​ទាំងអស់​អាច​សរសេរ​វាយប្រហារ ឬ​រិះគន់​អ្នកនេះ អ្នកនោះ ឬ​រដ្ឋាភិបាល​តាមចិត្ត ហៅថា ឯករាជ្យ​ទេ​។ គឺ​មិនមែន​អ៊ីចឹង​ទេ ពាក្យ​ថា ឯករាជ្យ គឺ​មក​ពី​ការគិត​របស់​យើង ដែល​គ្មាន​សម្ពាធ​ពី​អ្នកផ្សេង ហើយ​សរសេរ​តាម​គំនិត​ខ្លួនឯង ទស្សនៈ​ខ្លួនឯង និង​តាម​ស្ថានភាព​ជាក់ស្ដែង​»​។

លោក កាញារីទ្ធ ថា មន្ត្រី​ទាំងអស់​មិន​គួរ​គិត​លើ​អ្នក​ដែល​សរសេរ​អត្ថបទ​អវិជ្ជមាន ហើយ​មាន​គំនិត​គិតថា គេ​សុទ្ធតែ​អ្នក​ប្រឆាំង​ទាំងអស់​ទេ​។ មន្ត្រី​គួរតែ​យក​គំនិត​នៃ​ការសរសេរ​បែប​អវិជ្ជមាន​របស់​ពួកគេ​មក​គិត​ពិចារណា​ថា តើ​គេ​សរសេរ​បែបនេះ​ត្រូវ​ឬ​ខុស​? ​ហើយ​មាន​មូលដ្ឋាន​ច្បាស់លាស់​ដែរ​ទេ​? ប្រសិន​វា​ជា​រឿង​មិន​ពិត​គួរតែ​ចេញ​មុខមក​ច្រានចោល​ព័ត៌មាន​ទាំងនេះ តែ​បើ​រឿង​ពិត​ត្រូវតែ​ធ្វើការ​កែតម្រូវ​ជាបន្ទាន់​។

លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ (​ស.ស.ស.ក​) ​ថ្លែងថា លោក​មិនមាន​មតិយោបល់​ជុំវិញ​សារព័ត៌មាន​ឯករាជ្យ​ទេ ប៉ុន្ដែ​លោក​ជំរុញ​ឲ្យ​អ្នកសារព័ត៌មាន​ទាំងអស់​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​បន្ថែម​ទៀត​ទាក់ទង​ការសរសេរ​អត្ថបទ ការសម្ភាស ការអត្ថាធិប្បាយ​ព័ត៌មាន និង​ចំណេះដឹង​ទូទៅ​។ ជាពិសេស​បច្ចេកវិទ្យា​ថ្មីៗ​ដែល​កំពុង​មាន​ការវិវត្ត​ថ្មី​ជាច្រើន ដើម្បី​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការសួរ​ដេញដោល​ជាមួយ​ប្រភព​ព័ត៌មាន​របស់ខ្លួន​។

លោក​បន្តថា ប្រសិន​អ្នក​សារព័ត៌មាន​បាន​សិក្សា​ស្រាវជ្រាវ​ដឹង​ពី​សាច់រឿង​ច្រើន​នឹង​ធ្វើឲ្យ​អ្នក​សារព័ត៌មាន​មាន​មូលដ្ឋានគ្រឹះ​សម្រាប់​យក​ទៅ​សម្ភាស​ប្រភព ហើយ​អ្នកសារព័ត៌មាន​ត្រូវ​តែ​ហ៊ាន​សួរ​សំណួរ​ស៊ីជម្រៅ​ទៅ​មន្ត្រី​ដើម្បី​ឲ្យ​គាត់​មាន​ឱកាស​បញ្ចេញ​មតិយោបល់ ហើយ​គាត់​អាច​ស្រាវជ្រាវ​រក​ចម្លើយ​ល្អៗ​សម្រាប់​អ្នក​សារព័ត៌មាន​ក៏ដូចជា​សាធារណជន​ចង់ដឹង​ដែរ​។ ​«​អ្នកកាសែត​យើង​គឺ​ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​អ្វី​ដែល​ជា​សមិទ្ធផល​ជាតិ​ការអភិវឌ្ឍ​ប្រទេស​ជាតិ ហើយ​ចូលរួម​ស្ថាបនា និង​ការបំពេញបន្ថែម​រាល់​ចំណុច​ខ្វះចន្លោះ​»៕