ភ្នំពេញៈ «យុវវ័យមិនត្រូវយកថ្ងៃទិវានៃសេចក្ដីស្រឡាញ់(Saint Valentine's Day) ទៅសាកល្បងបរិច្ចាគព្រហ្មចារី ដើម្បីបង្ហាញនូវភាពស្មោះត្រង់របស់ខ្លួនចំពោះគូស្នេហានោះទេ» នេះជាប្រសាសន៍លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី កាលពីម្សិលមិញ។
ក្នុងកិច្ចសម្ភាសដោយឡែកមួយ ជាមួយភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញ បន្ទាប់ពីលោកស្រីបានសម្រាកដើម្បីទទួលទានអាហារសម្រន់ នៅឯកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួមលើកទី៤ ស្តីពីគម្រោងបញ្ជ្រាបយេនឌ័រដំណាក់ទី២ នៅទីស្ដីការក្រសួងកិច្ចការនារី លោកស្រីរដ្ឋមន្ត្រីបានបញ្ជាក់ថា លោកស្រីមិនជំទាស់នឹងក្រុមយុវវ័យ ដែលយកថ្ងៃ១៤កុម្ភៈដើម្បីរៀបចំពិធីសប្បាយរីករាយជាមួយមិត្តភក្ដិក្រុមការងារ និងក្រុមគ្រួសារខ្លួននោះទេ។
លោក ស្រី ព្រមាន ជាពិសេសដល់យុវតីថា៖ «ចូរកុំយកថ្ងៃដ៏សប្បាយរីករាយនេះ ទៅសាកល្បងបរិច្ចាគព្រហ្មចារីរបស់ខ្លួន ដើម្បីជាការបង្ហាញនូវភាពស្មោះត្រង់ដល់មនុស្សខ្លួនស្រឡាញទេ វានាំឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ ប្រពៃណី និងវប្បធម៌ជាតិ និងក្នុងសង្គមគ្រួសារ»។
ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ទី ១៤ ខែកុម្ភៈ ពីម្សិលមិញយុវវ័យជាច្រើន បាននាំគ្នាទិញអំណោយជាផ្កាកុលាប និងវត្ថុអនុស្សាវរីយ៍ដែលតុបតែងវេចខ្ចប់លម្អដោយរូបបេះដូងដើម្បីបង្ហាញនូវក្ដីស្រឡាញ់ស្មោះស្ម័គ្រ សម្រាប់ជូនគ្នាទៅវិញទៅមក។
កញ្ញា ចាន់ សុខវាសនា អាយុ១៩ឆ្នាំអាជីវករលក់ផ្កានិងវត្ថុអនុស្សាវរីយ៍ម្នាក់ ក្នុងខណ្ឌឫស្សីកែវ ប្រាប់ថា មុខជំនួញនាងថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់បានកាក់កបខុសពីសព្វមួយដង ព្រោះយុវវ័យភាគច្រើនជាសិស្សវិទ្យាល័យបាននាំគ្នាមកជាវ ផ្កានិងវត្ថុអនុស្សាវរីយ៍ផ្សេងៗពីផ្ទះនាង។
{japopup type="image" images/stories/news/national_pk/2013/130215/130215_01.jpg" group1="greybox" width="400" height="300"

នាងប្រាប់ដែរថា៖ «តាំងពីព្រឹកមកទល់ម៉ោងបីរសៀលនេះ ខ្ញុំលក់ផ្កាអស់២៨០ទងនិងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត»។
យុវសិស្ស តាន់ សុខសេង អាយុ១៩ ឆ្នាំ ដែលមកជាវផ្កា និង រូបកូនខ្លាឃ្មុំពណ៌ស ពីអាជីវកររូបនេះនិយាយដោយក្លាហានថា៖«ខ្ញុំទិញវាសម្រាប់ប្រគល់ជូនមិត្តស្រីរបស់ខ្ញុំ»។ សុខសេង បញ្ជាក់ដែរថា៖ «ការជូនផ្កានិងវត្ថុអនុស្សាវរីយ៍ទៅមនុស្សដែលខ្ញុំស្រឡាញ់ គឺមិនខុសឆ្គងអ្វីទេ»។
នៅថ្ងៃ១៤ កុម្ភៈនេះដែរ ក្រុមអង្គការសង្គមស៊ីវិល រួមជាមួយអ្នកនយោបាយសិល្បករល្បីៗ និងសមាជិកសហគមន៍ បានបើកយុទ្ធនាការផ្សព្វផ្សាយ និងប្រគំតន្ត្រីដ៏ធំមួយ នៅសួនសេរីភាព ក្នុងរាជធានីភ្នំពេញ ក្រោមប្រធានបទ«មួយរយកោដិសំឡេងនៅកម្ពុជា ដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី និងកុមារី»។
កម្មវិធីនេះ ក៏បានការគាំទ្រពីលោកស្រីរដ្ឋមន្ត្រីក្រសួងកិច្ចការនារីផងដែរ ដោយលោកស្រីបានថ្លែងថា៖ «ការលុបបំបាត់អំពើហិង្សាប្រឆាំង ស្ត្រីនិងកុមារ ពិសេសកុមារី គឺជាគោលដៅចម្បងរបស់រដ្ឋាភិបាលដែលបានដាក់ចេញនៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងទាមទារឲ្យមានការចូលរួមពីទាំងអស់គ្នា»៕