ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្មអំពាវនាវឲ្យទប់ស្កាត់ការនាំចូល និងលក់ដូរម៉ាស៊ីនអារឈើខុសច្បាប់នៅមុនពេលបើកប្រតិបត្តិការបង្ក្រាបក្នុងទ្រង់ទ្រាយធំក្នុងពេលតែមួយនៅទូទាំងប្រទេសដើម្បីលុបបំបាត់បទល្មើសព្រៃឈើ។
រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក អ៊ុក រ៉ាប៊ុនបានអំពាវនាវឲ្យទប់ស្កាត់ការនាំចូលម៉ាស៊ីនអារឈើចូលក្នុងប្រទេសកម្ពុជាហើយជំរុញឲ្យមន្ត្រីរដ្ឋបាលព្រៃឈើ និងស្ថាប័នពាក់ព័ន្ធទាំងអស់ជួយពង្រឹងការបង្ក្រាបការលក់ដូរម៉ាស៊ីនប្រភេទនោះនៅតាមទីផ្សារ និងកន្លែងផ្សេងៗទៀត។
ការអំពាវនាវនេះត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទនៅពេលដែលលោករដ្ឋមន្ត្រីធ្វើជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបត្រួតពិនិត្យលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ របស់ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ឆ្នាំងប្រចាំឆមាសទី ១ នៅសាលាខេត្តកំពង់ឆ្នាំង។
លោក អ៊ាង សុផល្លែត អ្នកនាំពាក្យក្រសួងកសិកម្មបានថ្លែងកាលពីម្សិលមិញថា៖ «ឯកឧត្តមរដ្ឋមន្ត្រីបានដាស់តឿនធ្វើយ៉ាងណានាំគ្នាពង្រឹង និងទប់ស្កាត់ការនាំចូល និងបង្ក្រាបការលក់ចែកចាយតាមទីផ្សារឲ្យបានដើម្បីទប់ស្កាត់ការបំផ្លាញព្រៃឈើក៏ដូចជាគ្រប់គ្រងធនធានធម្មជាតិយើងផងដែរ»។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា ទាក់ទងទៅនឹងបញ្ហានេះរដ្ឋាភិបាលក៏បានចេញបទបញ្ជា ០២ រួចហើយដែរដើម្បីហាមមិនឲ្យនាំចូលរណារយន្ត ឬម៉ាស៊ីនអារឈើចូលប្រទេសកម្ពុជា និងលក់ដូចបែបអនាធិបតេយ្យនោះទេ។
លោកបន្តថា៖ «ក្រសួងក៏ដូចជារដ្ឋបាលព្រៃឈើកំពុងតែជំរុញការបង្ក្រាបករណីនេះជាបណ្តើរៗហើយប៉ុន្តែនឹងមានការបង្ក្រាបខ្នាតធំគ្រប់ខេត្តក្នុងពេលតែមួយនៅពេលឆាប់ៗខាងមុខដើម្បីនាំគ្នាគ្រប់គ្រងបញ្ហានេះឲ្យបាន»។
ទោះយ៉ាងណាលោក ឡោ ចាន់ អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុកខេត្តព្រះវិហារបានសង្កេតឃើញថាមន្ត្រីរដ្ឋបាលព្រៃឈើ ឬអាជ្ញាធរមានសមត្ថកិច្ចមិនទាន់ឃើញមានចាត់វិធានការលើម៉ាស៊ីនអារឈើនៅតាមទីផ្សារនោះទេគឺមានតែចាប់ពីអ្នកទិញយកទៅប្រើប្រាស់ប្រព្រឹត្តបទល្មើសតែប៉ុណ្ណោះ។
លោក ឡោ ចាន់ បញ្ជាក់ថា៖ «បើចាត់វិធានការទាំងលើអ្នកលក់ និងអ្នកទិញនោះវានឹងមានប្រសិទ្ធភាពអាចជួយទប់ស្កាត់បទល្មើសបាន។ បើនៅតែលក់អ៊ីចឹងគេនៅតែទិញយកទៅប្រើទៀតដដែលហ្នឹង»។
លោក ឡោ ចាន់ ក៏បានសង្កេតឃើញផងដែរថាម៉ាស៊ីនអារឈើភាគច្រើនត្រូវបានគេនាំចូលពីប្រទេសចិន និងវៀតណាមហើយអ្នកទិញបានធ្វើការកែច្នៃម៉ាស៊ីនអារឈើនោះបន្ថែមដើម្បីឲ្យអាចអារឈើធំៗបានលឿន។
របាយការណ៍ស្តីពីសភាពការណ៍កសិកម្មរុក្ខាប្រមាញ់ និងនេសាទប្រចាំឆមាសទី ១ ឆ្នាំ ២០១៥ ដែលចុះហត្ថាលេខាដោយលោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន កាលពីថ្ងែទី ៧ ខែកក្កដានេះបានបង្ហាញថាក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះមានសំណុំរឿងបទល្មើសព្រៃឈើ សត្វព្រៃ និងបទល្មើសកាប់រានទន្ទ្រានដីព្រៃនៅតាមអង្គភាពរដ្ឋបាលព្រៃឈើមូលដ្ឋានសរុបចំនួន ១០៦៤ ករណី។ ក្នុងនោះបានបញ្ជូនទៅតុលាការចំនួន ៧៩១ ករណី និងបានពិន័យអន្តរការ ២៧៣ ករណី។ រីឯ សំណុំរឿងនៃការបង្ក្រាបនេះមានការថយចុះចំនួន ៤០ ករណីស្មើនឹង ៣,៦២ ភាគរយបើធៀបទៅនឹងរយៈពេល ៦ ខែដូចគ្នាក្នុងឆ្នាំ ២០១៤ ដែលមានចំនួន ១១០៤ ករណី។
លោក អ៊ាង សុផល្លែត បានថ្លែងទៀតថាចំនួនបទល្មើសថយចុះគឺដោយសារតែការបង្ក្រាបមានប្រសិទ្ធភាព។
ឈើដែលបានបង្ក្រាប និងដកហូតជាវត្ថុតាងពីបទល្មើសព្រៃឈើក្នុងរយៈពេល ៦ ខែឆ្នាំ ២០១៥ សរុបឈើ ៣១៣៩ ម៉ែត្រគុប និង ៣០៨២គីឡូក្រាម។ ក្នុងនោះរួមមានឈើមូលជ្រុងចំនួន ៣៨១ ម៉ែត្រគុប ឈើអារចំនួន ២៦៨៥ ម៉ែត្រគុប ឈើក្រាក់គ្រញូងចំនួន ៧៣ ម៉ែត្រគុប និង ៣០៨២ គីឡូក្រាម។ ដោយឡែកឈើដែលបានដកហូតក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៤ វិញមានជាង ២.៩១៣ ម៉ែត្រគុប។ ដូចនេះបើធ្វើការប្រៀបធៀបគេឃើញថាឈើវត្ថុតាងដែលរឹបអូសបានកើនឡើង ២២៦ ម៉ែត្រគុបស្នើនឹង ៧,៧៥ ភាគរយ។
របាយការណ៍ដដែលនេះក៏បានឲ្យដឹងផងដែរថា ៦ ខែដំបូងនៃឆ្នាំនេះសត្វព្រៃចម្រុះគ្រប់ប្រភេទចំនួន ៣៣៥០ ក្បាល និង ១១៨៣ គីឡូក្រាមត្រូវបានចាប់រឹបអូស។ លើសពីនោះការកាប់ទន្ទ្រានយកដីព្រៃរដ្ឋខុសច្បាប់មានចំនួន ១២០៥ ហិកតាត្រូវបានបង្ក្រាប និងរណារយន្តចំនួន ២៦៥ គ្រឿងត្រូវបានរឹបអូសផងដែរ៕