ភ្នំពេញៈ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជំរុញឲ្យមន្ត្រីក្រោមឱវាទជួយសម្រួលនីតិវិធីដែលអាចធ្វើឲ្យវិស័យឯកជន នៅតែអាចបន្តនិរន្តរភាពបានល្អប្រសើរស្របពេលលោកទទួលស្គាល់ពីផលប៉ះពាល់ដែលកម្ពុជាកំពុងទទួលរងពីវីរ៉ុសកូរ៉ូណា និងការដកផ្នែកខ្លះនៃ EBA របស់សហភាពអឺរ៉ុបដែលបានជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា។
លោក អ៊ិត សំហេង បានថ្លែងបែបនេះនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងលើកទិសដៅការងាររបស់ក្រសួងការងារ ឆ្នាំ ២០២០ នៅទីស្តីការក្រសួងកាលពីព្រឹកថ្ងៃពុធដែលមានមន្ត្រី និងដៃគូអភិវឌ្ឍន៍ចូលរួមប្រមាណ ៥០០ នាក់។
លោកថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំជំរុញកំណើនសេដ្ឋកិច្ចកើនឡើងជាមធ្យម ៧ ភាគរយ រហូតបានប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក៏ប៉ុន្តែដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមជាតិបានឈានចូលមកដល់បរិបទប្រឈមនឹងបញ្ហាថ្មីទាំងនៅកម្រិតតំបន់ និងសកលលោកដែលតម្រូវឲ្យកម្ពុជា ខិតខំជម្នះ និងដោះស្រាយ។
លោកបន្តថា ភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្ម បញ្ហាជម្លោះភូមិសាស្ត្រនយោបាយ សន្តិសុខសកល ការកើតចលាចលនៅក្នុងប្រទេសមួយចំនួន ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិហើយករណីថ្មីៗនេះទៀត វីរ៉ុសកូរ៉ូណា ហៅកូវីត ១៩ និងការដកផ្នែកខ្លះនៃ EBA របស់សហភាពអឺរ៉ុបជាដើម បានជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជាដែលជាសេដ្ឋកិច្ចបើកចំហខ្លាំង និងពឹងផ្អែកលើកត្តាខាងក្រៅ។
លោកបញ្ជាក់ថា៖ «អង្គសន្និបាតរបស់យើង ត្រូវជជែកពីអ្វីដែលជាវិធានការមុតស្រួចដែលខ្ញុំបានជម្រាបអម្បាញ់មិញ ហើយសំខាន់ការសម្រួលបរិយាកាស ការបន្តផ្តល់នូវភាពងាយស្រួលក្នុងការបន្តផលិតកម្ម អាជីវកម្មរបស់វិស័យឯកជន ហើយនិងការពារផលប្រយោជន៍ដល់បងប្អូនកម្មកររបស់យើង»។
យ៉ាងណាក្តីលោក សំហេង បញ្ជាក់ថា បើទោះជាមានបញ្ហាអ្វីកើតឡើងក៏ដោយ «យើងមិនត្រូវធ្វើឲ្យបងប្អូនកម្មករយើងរងគ្រោះនោះទេព្រោះវាមានប៉ះពាល់កន្លែងខ្លះ ប៉ុន្តែក៏មានកន្លែងខ្លះហ្នឹងខ្វះកម្លាំងពលកម្ម។ អ៊ីចឹងទេ យើងត្រូវតែសម្របសម្រួល ដោយស្រូបយកឲ្យអស់សក្តានុពលជាពិសេសបងប្អូនកម្មកររបស់យើង»។
បើតាមលោក សំហេង បញ្ហាចំពោះមុខទាំង ២ នេះគឺសុទ្ធតែជាបញ្ហាបន្ទាន់ ដែលលោកជំរុញឲ្យមានការដោះស្រាយជាបន្ទាន់ ព្រោះបញ្ហា វីរុសកូរ៉ូណា គឺជាជំងឺមួយកំពុងផ្ទុះឡើងនៅប្រទេសចិនដែលជាប្រភពផ្គត់ផ្គង់ខ្សែចង្វាក់ផលិតកម្មរបស់ពិភពលោកក្នុងនោះមានកម្ពុជាយើងដែរ ហើយចំណែកបញ្ហា EBA គឺជាកត្តាមួយដែលកម្ពុជាត្រូវធ្វើការប្រកួតប្រជែងបន្ថែមទៀត បន្ទាប់ពីអឺរ៉ុបបានកាត់ EBA ២០ ភាគរយចេញពីកម្ពុជា។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ទាំងនេះគឺជាវិធានការណ៍មួយដែលក្រសួងការងារ រួមទាំង GMAC បានគិតគូរ និងរួមពិភាក្សាគ្នា មួយរយៈមកហើយ ដើម្បីធ្វើយ៉ាងណា ចូលរួមដោះស្រាយផលប៉ះពាល់ដែលកើតចេញពីបញ្ហាទាំង ២ នេះឲ្យមានកម្រិតទាបបំផុត។
លោកបន្តថា៖ «នេះគ្រាន់ជាការលើកឡើងបន្ថែមទៀតដល់មន្ត្រីក្រោមឱវាទទាំងអស់ញាប់ដៃញាប់ជើងធ្វើយ៉ាងណាគាំពារដល់វិស័យឯកជនរបស់យើង ដើម្បីការពារផលប្រយោជន៍ដល់បងប្អូនកម្មកររបស់យើង។ ការសម្រួលនេះគឺឧទាហរណ៍ ពាក់ព័ន្ធទៅនឹងកម្មករ បើសិនជាមានការព្យួរការងារជាបណ្តោះអាសន្នកើតឡើងដោយសារកង្វះវត្ថុធាតុដើមហ្នឹងនឹងត្រូវបានទទួលការការពារដោយច្បាប់ ដោយមានការចរចាពិភាក្សាគ្នាឲ្យបានត្រឹមត្រូវរវាងអ្នកគ្រប់គ្រងជាមួយតំណាងកម្មករ»។
ទោះយ៉ាងណាលោក ម៉ូនីកា រំពឹងថាក្នុងពេលខាងមុខរដ្ឋាភិបាលនឹងមានវិធានការបន្ថែមទៀតក្នុងការជួយដល់កម្មករ ខណៈដែលបច្ចុប្បន្នមិនទាន់មានតួលេខច្បាស់លាស់ណាមួយដែលបង្ហាញថា បញ្ហាទាំង ២ នេះអាចនឹងធ្វើឲ្យប៉ះពាល់ដល់រោងចក្រចំនួនប៉ុន្មាននៅកម្ពុជានៅឡើយទេគ្រាន់តែដឹងថា រោងចក្រនៅកម្ពុជាទាំងអស់បាននាំចូលវត្ថុធាតុដើមប្រមាណ ៦០ ភាគរយពីប្រទេសចិន។
លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករបានលើកឡើងថា បញ្ហាដែលកម្ពុជាទទួលរងពីវីរុសកូរ៉ូណាក្នុងពេលនេះ គ្រាន់តែផ្នែកមួយធ្វើឲ្យប៉ះពាល់ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែអ្វីដែលសំខាន់គឺការបាត់បង់ EBA ដែលអាចនឹងបង្កផលប៉ះពាល់ក្នុងរយៈពេលវែង។
លោកបន្តថា ការសម្រេចចូលជាធរមាននៃការដកហូតផ្នែកខ្លះនៃ EBA នឹងចូលជាធរមាននៅខែ ៨ ឆ្នាំ ២០២០ ខាងមុខស្របពេលនៃការចរចាដំឡើងប្រាក់ឈ្នួលរបស់កម្មករសម្រាប់ឆ្នាំ ២០២១ ដែលកត្តានេះអាចនឹងជះឥទ្ធិពលដល់ដំណើរការនៃការចរចាប្រាក់ឈ្នួលរបស់កម្មករ។
លោកថា៖ «ខ្ញុំមើលឃើញការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារក្នុងការជំរុញឲ្យមន្ត្រីរកយុទ្ធសាស្ត្រក្នុងការបង្រួមផលប៉ះពាល់ ដើម្បីធ្វើមិនឲ្យមានផលប៉ះពាល់ការងារឧស្សហកម្មក្នុងវិស័យកាត់ដេរនេះគឺមានតែការកែតម្រូវប្រព័ន្ធអនុគ្រោះពន្ធដែលប្រជាពលរដ្ឋមើលឃើញពីការរំលោភសិទ្ធិការងាររំលោភសិទ្ធិមនុស្សនោះទេ»៕