ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួង​បរិស្ថាន​លោក សាយ សំអាល់ បាន​ជំរុញ​ឱ្យ​ដៃគូ​សហការ​តាម​បណ្ដា​សាកលវិទ្យាល័យ​នានា​​រៀបចំ​វេទិកា​ជជែក​ពិភាក្សា​ (debate) ​លើ​ប្រធានបទ​បរិស្ថាន​ដើម្បី​ឲ្យ​មានការ​ស្វែងយល់​ពី​​បរិស្ថាន​ឱ្យ​ទូលំទូលាយ ក្នុង​នោះ​មានការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក​ផងដែរ ដោយ​ក្រសួង​បរិស្ថាន​នឹង​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​លើ​កិច្ចពិភាក្សា​នេះ​។

ការលើកឡើង​របស់​លោក​រដ្ឋមន្ដ្រី​បែបនេះ ខណៈ​ពេល​លោក​ដឹកនាំ​កិច្ចពិភាក្សា​សំណេះ​សំណាល​ជាមួយ​និស្សិត​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា និង​ដៃគូ​សហការ​របស់​ក្រសួងបរិស្ថាន​នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន​កាលពី​ថ្ងៃទី​ ១០ ខែមីនា ថ្មីៗ​នេះ​។

លោក​ សាយ សំអាល់ បាន​បញ្ជាក់ថា​៖ «​ដៃគូ​សហការ​សូម​រួមគ្នា​ផ្សព្វផ្សាយ​ការពារ​បរិស្ថាន​ និង​អភិរក្ស​ធនធានធម្មជាតិ​នៅតាម​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ក៏ដូចជា​តាមរយៈ​ការរៀបចំ​វេទិកា​ពិភាក្សា​នៅតាម​សាលារៀន​ស្តីពី​ប្រធានបទ​បរិស្ថាន​ដើម្បី​ជំរុញ​ការសិក្សា​ស្វែងយល់​ពី​បរិស្ថាន​ឱ្យ​ទូលំទូលាយ​ផងដែរ​»​។

ជាមួយ​គ្នា​នេះ​លោក​រដ្ឋមន្ដ្រី​បាន​លើកទឹកចិត្ត​ឱ្យ​និស្សិត និង​ដៃគូ​សហការ​ចែករំលែក​អំពី​ការងារ និង​ចូលរួម​ផ្សព្វផ្សាយ​បរិស្ថាន ហើយ​ក៏​បាន​លើក​ទឹកចិត្ត​ឱ្យមាន​ការចែករំលែក​អំពី​ការងារ​បរិស្ថាន​ទាក់ទង​នឹង​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក​តាមរយៈ​ការដាក់​ធុង​ចម្រោះ​​បរិស្ថាន​នៅតាម​សាលារៀន​និង​ការប្រើប្រាស់​ឡ​ដុត​សំរាម​នៅតាម​មូលដ្ឋាន​ផងដែរ​។

ទាក់ទង​នឹង​បញ្ហា​នេះដែរ លោក នេត្រភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ការជំរុញ​ដល់ដៃ​គូ​សហការ​ធ្វើ​កិច្ចពិភាក្សា​សម្រាប់​សិស្ស-និស្សិត​នេះ គឺ​ផ្ដោត​ការយកចិត្តទុកដាក់​លើ​ការសិក្សា​ស្រាវជ្រាវ​ផ្សេងៗ​មានដូចជា តើ​ការដាំ​ដើមឈើ​នៅក្នុង​ទីក្រុង​បានផ្ដល់​ផលប្រយោជន៍​អ្វីខ្លះ​?

សត្វ​ជន្លេន​នៅក្នុង​ដី​មាន​តួនាទី​អ្វីខ្លះ​? តួនាទី​របស់​សត្វ​ឃ្មុំ ឬ​តួនាទី​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អេកូឡូហ្ស៊ី​ផ្សេងៗ​មាន​សារៈសំខាន់​អ្វីខ្លះ​ជាដើម​?

លោក​បាន​បន្ដថា​៖ «​ទាំងនេះ​យើង​ជំរុញ​ឱ្យ​មាន​ការជជែក​នៅតាម​កម្មវិធី​នៅក្នុង​កញ្ចក់​ទូរទស្សន៍​ជាដើម​។ ​ឯកឧត្ដម​រដ្ឋមន្ដ្រី​គាត់​គាំទ្រ​ទៅលើ​គំនិត​ផ្ដួចផ្ដើម​ផ្សេងៗ​របស់​អ្នកសិក្សា​ស្រាវជ្រាវ​របស់​អ្នក​ប្រតិបត្ដិការ​ទៅលើ​ការស្រឡាញ់​បរិស្ថាន ប្រសិន​បើ​ពួកគាត់​មានគំនិត​ផ្ដួចផ្ដើម​អ្វី​ល្អៗ​គឺ​សូមឱ្យ​បង្ហាញ​មក​ក្រសួងបរិស្ថាន​ដើម្បី​គាំទ្រ​ហើយ​ផ្ដល់​ថវិកា​គាំទ្រ​ទៅលើ​គម្រោង​ផ្សេងៗ​ដែលមាន​មេត្រីភាព​បរិស្ថាន ការជួយ​ឱ្យ​បរិស្ថាន​បានល្អ​នេះ​»​។

លោក ស្រី ស៊ុនលាង សមាជិក​ក្រុមប្រឹក្សាភិបាល Youth Action for Green Environment នៃ​សាកលវិទ្យាល័យ​បញ្ញាសាស្ដ្រ​ដែល​បាន​ដឹកនាំ​និស្សិត​ក្នុងជំនួប​សំណេះសំណាល​ជាមួយ​រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន​នោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ក្រុមនិស្សិត​កំពុង​សិក្សា​ពី​លទ្ធភាព​លើ​គម្រោង​មួយចំនួន​។ ​ក្នុងនោះ​មាន​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក​នៅតាម​សាកលវិទ្យាល័យ​ដូចជា ការដាក់​ធុង​ទឹកស្អាត​ដែល​អាចឱ្យ​និស្សិត​យក​ដប​ទឹក​បរិស្ថាន​មក​ដាក់​ទឹកបាន​ជាដើម​។

លោក​បាន​បន្តថា​៖ «​គម្រោង​នេះ យើង​អាច​បង្កើតជា​ធុង​ទឹក​ចម្រោះ​មួយ​ដែល​អាចឱ្យ​និស្សិត​គាត់​យក​ដប​ទឹក​បរិស្ថាន​មកប្រើប្រាស់​ច្រក​ទឹកបាន​។ ខាង​សាលារៀន​យើង​ក៏​នឹង​រៀបចំ​ឱ្យមាន​កិច្ចពិភាក្សា​ដែរ ប៉ុន្ដែ​ក្រោយ​រៀបចំ​រួចរាល់​យើង​នឹង​ស្នើ​ទៅ​ក្រសួងបរិស្ថាន​ជា​អ្នក​សម្រេច​លើ​ការងារ​នេះ​ព្រោះ​ការរៀបចំ​វេទិកា​នេះ​គឺជា​ការរៀបចំ​របស់​ក្រសួង​។ ​ប៉ុន្ដែ​យើង​នឹង​លើក​ឡើងជា​គំនិត​ផ្សេងៗ​ផងដែរ ដើម្បី​ដាក់​ស្នើ​ទៅ​ក្រសួង​បរិស្ថាន​»៕