ភ្នំពេញៈ លោក ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនការ​កាលពី​ថ្ងៃ​ពុធ​បាន​ដឹកនាំ​ក្រុមការងារ​ចូល​បំភ្លឺ​ជាមួយ​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ពាក់ព័ន្ធ​ករណី​ដំណើរការ​នៃ​ការធ្វើ​ជំរឿន​កាលពី​ឆ្នាំមុន បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អនុញ្ញាត​តាម​សំណើ​របស់​សមាជិក​ ១ ​រូប​នៃ​ឧត្តម​ក្រុមប្រឹក្សា​នេះ​។

កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​ប្រធាន​ប្តូរវេន​លោក នួន សុខាវី ប្រធាន​គណបក្ស​ពន្លឺថ្មី បាន​ដំណើរការ​កាលពី​ថ្ងៃ​ពុធ​ចាប់ពី​ម៉ោងជាង​ ៩ ​ព្រឹក​រហូត​ដល់​ម៉ោងជាង​ ១២ ថ្ងៃត្រង់​នៅ​ទីស្តីការ​នាយករដ្ឋមន្ត្រី​ដោយ​មាន​វត្តមាន​សមាជិក​ឧត្តមក្រុមប្រឹក្សា​មកពី​គណបក្ស​ចំនួន​ ១៣ និង​មន្ត្រី​នៃ​ក្រសួងផែនការ​សរុប​ជិត ៧០ ​នាក់​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លេខាធិការដ្ឋាន​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា ប្រតិភូគណបក្ស​ភាគច្រើន​បាន​លើក​ឡើង​ពី​បញ្ហា​មិន​ប្រក្រតី​នៃ​ការធ្វើជំរឿន​កាលពី​ឆ្នាំ​ ២០១៩ ដែល​រៀបចំ​ដោយ​ក្រសួង​ផែនការ​ជាពិសេស​​មាន​ការបាត់​តួលេខ​ពលរដ្ឋ​ដ៏ច្រើន​នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​បើ​ធៀប​នឹង​តួលេខ​ផ្លូវការ​ដែល​ទទួលបាន​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​​បាន​បន្តថា ក្រៅពី​នេះ​បញ្ហា​បក្ខពួក ក្រុមគ្រួសារ​និយម​ក្នុង​ក្រសួង​ផែនការ​រួមទាំង​បញ្ហា​សំខាន់ៗ​ជាក់ស្តែង​មួយចំនួន​ទៀត​ក៏​ត្រូវ​បាន​លើក​មក​ចោទ​ជា​សំណួរ​ទៅកាន់​គណៈប្រតិភូ​ក្រសួងផែនការ​ផងដែរ​។

លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ប្រធាន​គណបក្ស​ខ្មែរក្រោក​ដែល​បានស្នើ​សុំ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ដើម្បី​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងផែនការ​ចូល​បំភ្លឺ​ជុំវិញ​បញ្ហា​ទាំងនេះ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា ការដែល​ចង់​ឲ្យ​រដ្ឋមន្ត្រី​រូបនេះ​ចូល​មក​បំភ្លឺ ព្រោះតែ​លោក​បាន​ស្រាវជ្រាវ​ឃើញ​មាន​ភាពមិន​ប្រក្រតី​ក្នុង​ក្រសួង​នេះ​ជាច្រើន​ដូចជា ការបន្លំ​ទិន្នន័យ​ស្ថិតិប្រជាជន បញ្ហា​នៃ​ការភូតកុហក​លើ​ការធ្វើ​ជំរឿន និង​បញ្ហា​បក្ខពួក​គ្រួសារនិយម​ជាដើម​។

លោក​បាន​ឲ្យ​ដឹង​បន្តថា បន្ទាប់ពី​មាន​ការសាកសួរ​អស់​ជាច្រើន​ម៉ោង​ឃើញ​ថា បញ្ហា​មួយ​ចំនួន​មិន​ត្រូវបាន​រដ្ឋមន្ត្រី និង​ក្រុមការងារ​នៃ​ក្រសួង​នេះ​ទទួលស្គាល់​នោះទេ ហើយ​ថែម​ទាំង​មាន​មូលហេតុ​ជាច្រើន​ដើម្បី​ដោះសា ខណៈ​មាន​ភ័ស្តុតាង​ជាច្រើន​ដូចជា ករណី មន្ត្រី​ធ្វើ​ជំរឿន​យកតែ​ក្រដាស​ទៅ​បិទ​តាម​ផ្ទះ​ដែល​គ្មាន​មនុស្ស​នៅ​​រួច​បូក​យក​តួលេខ​មក​បញ្ចូល​ក្នុង​បញ្ជី​តែម្ដង​។

លោក​បន្ថែមថា​៖ «​ការជំរឿន​បាត់​មនុស្ស ប៉ុន្តែ​បំប៉ោង​ទិន្នន័យ អានេះ​វា​មាន​ផលប៉ះពាល់​ដល់​​ការរៀបចំ​ផែនការ​អភិវឌ្ឍន៍​ជាតិ គម្រោង​វិនិយោគ ៣ ​ឆ្នាំ ​រំកិល​ហើយ​ការវាស់​តម្លៃ វិភាគ​សេដ្ឋកិច្ច វា​ប៉ះពាល់​ទាំងអស់ ប្រសិន​​បើ​យើង​យក​ស្ថិតិ​ជំរឿន កើតឡើង​ពី​ការបន្លំ​យកមក​ធ្វើ​។ កិច្ចប្រជុំ​នេះ គាត់ (​ឆាយ ថន​) អត់​ទទួលស្គាល់​អ្វី​ប៉ុន្មាន​ផង មាន​ការលើក​ហេតុផល អ៊ីចេះ-អ៊ីចុះ​។ ប៉ុន្តែ​អត់​ទេ យើង​នឹង​រៀបចំ​ប្រមូល​ភ័ស្តុតាង​នេះ​ដាក់​ជូន​សម្តេចតេជោ ព្រោះ​យើង​មាន​ភ័ស្តុតាង​»​។

លោក ស្រី ជា អ្នកនាំពាក្យ​ក្រសួង​ផែនការ​មិន​អាច​សុំ​ការអត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​កាលពី​ថ្ងៃ​ពុធ ដោយសារ​តែ​ទូរស័ព្ទ​លោក​មិនអាច​ទាក់ទង​បាន​។

តាម​របាយការណ៍​ជំរឿន​កាលពី​ឆ្នាំ​ ២០១៩ ដែល​រៀបចំ​ដោយ​ក្រសួងផែនការ បាន​ឲ្យ​ដឹងថា​តួលេខ​បណ្តោះអាសន្ន​នៃ​ការធ្វើ​ជំរឿន​ពលរដ្ឋ​ទូទាំង​ប្រទេស​កម្ពុជា​គិត​ត្រឹម​ថ្ងៃទី​ ៣ ខែ មីនា ឆ្នាំ​ ២០១៩ មាន​ប្រជាជន​សរុប​មាន​ចំនួន​ ១៥ ២៨៨ ៤៨៩ នាក់ ដែល​នៅ​ក្នុងនោះ​មាន​ប្រុស​ ៧ ៤១៨ ៥៧៧ នាក់ និង​ស្រី ៧ ៨៦៩ ៩១២​ នាក់​។ បើ​ប្រៀបធៀប​នឹង​តួលេខ​ជំរឿន​ឆ្នាំ​ ២០០៨ ប្រជាជន​កម្ពុជា​បាន​កើនឡើង​ប្រមាណ​ជាង ១ លាន​ ៨ ​សែន​នាក់ ឬ​ស្មើ​ ១៤,១ ​ភាគរយ​។

ក្នុងនោះ​រាជធានី​ភ្នំពេញ​គឺមាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​​ដល់​ទៅ ២ ១២៩ ៣៧១ នាក់ ​ដែល​បន្ត​ឈរ​លំដាប់​ទី​ ១ ស្របពេល​ដែល​ខេត្តកណ្តាល​ឈរ​លំដាប់ថ្នាក់​ទី​ ២ ហើយ​ខេត្ត​កែប​នៅ​តែ​បន្ត​ឈរ​លំដាប់​ចុងក្រោយ​គេ​បង្អស់​ដែលមាន​ប្រជាជន​តិចជាងគេ​បំផុត គឺ​ចំនួន​ត្រឹមតែ ៤១ ៧៩៨ នាក់​។ នេះ​បើ​យោងតាម​របាយការណ៍​ជំរឿន​។

ប៉ុន្តែ​អ្វីដែល​លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង រកឃើញ​​បាន​បង្ហាញថា មាន​បាត់​ប្រជាជន​ជាក់ស្ដែង​ដូចជា នៅ​ខេត្តព្រៃវែង​បាត់អស់​ ២០ ​ម៉ឺន​នាក់​បើ​ប្រៀបធៀប​នឹង​តួលេខ​ជាក់ស្តែង​ក្នុង​ឆ្នាំ​ ២០១៣​។ ​ចំណែក​របាយការណ៍​ផ្លូវការ​នៃ​ចំនួន​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​គឺមាន​សរុប​ចំនួន​ ១ ​លាន​ ៤ ​សែន​នាក់​នៅក្នុង​ឆ្នាំ​ ២០១៩ ប៉ុន្តែ​នៅក្នុង​លទ្ធផល​ជំរឿន​បែរជា​រកឃើញ​មាន​ជាង​ ២ ​លាន​នាក់​ដែល​ជា​តម្រុយ​នៃ​ការ​បំប៉ោង​របាយការណ៍​៕