
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលថ្លែងក្នុងសន្នីសីទកាសែតនាពេលកន្លង។ ហុង មិនា
ភ្នំពេញៈ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងសុខាភិបាលបានរកឃើញនូវករណីវីរុសកូវីដ ១៩ មួយករណីទៀត លើខ្លួនស្ត្រីជនជាតិអង់គ្លេសម្នាក់ អាយុ ៦៥ ឆ្នាំ ដែលបានចូលមកខេត្ត កំពង់ចាម តាមទូកទេសចរណ៍ដែលចេញពីកំពង់ផែ ហូជីមិញ ប្រទេសវៀតណាម។ នេះបើតាមការប្រកាសរបស់លោក រដ្ឋមន្ត្រីនៅក្នុងសន្និសីទសារព័ត៌មានកាលពីយប់មិញ។
លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា នៅរសៀលម៉ោង ៤ ថ្ងៃទី ១០ ខែមីនា នេះ លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រ បានបង្ហាញថា ស្ត្រីជនជាតិ អង់គ្លេស ម្នាក់ អាយុ ៦៥ ឆ្នាំ មានវីរុសកូវីដ ១៩។ ស្ត្រីរូបនេះ គឺជាអ្នកដំណើរតាមនាវាមួយចេញពីកំពង់ផែក្នុងទីក្រុងហូជីមិញ ប្រទេស វៀតណាម ដោយឆ្លងកាត់ចំណុចក្អមសំណសំដៅមកទីក្រុង ភ្នំពេញ និងបានធ្វើដំណើរហួសទៅចូលចតនៅកំពង់ចំណតនាវាក្នុងទីក្រុងកំពង់ចាម។
លោកបន្តថា បច្ចុប្បន្ន ក្រសួងបានយកស្ដ្រីអង់គ្លេសនោះ មកដាក់ក្នុងបន្ទប់ដោយឡែកនៅក្នុងមន្ទីរពេទ្យខេត្ត កំពង់ចាម។ ចំណែកស្ដ្រីជនជាតិអង់គ្លេសម្នាក់ទៀត ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយស្ដ្រីជនជាតិ អង់គ្លេសឆ្លង Covid-19 មានលទ្ធផលតេស្ដអវិជ្ជមាន ហើយស្ដ្រីនោះត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកក្នុងបន្ទប់នៅក្នុងនាវា។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ចំពោះអ្នកដំណើរផ្សេងទៀតសរុប ៣០ នាក់ និងនាវិកសរុប ៣៤ នាក់ត្រូវបានណែនាំឱ្យនៅលើនាវាទាំងអស់មិនឱ្យចុះចេញ មកលើគោកឡើយ ដើម្បីឱ្យមន្ត្រីក្រសួងសុខាភិបាលយកសំណាកមកធ្វើតេស្ដនៅវិទ្យាស្ថានប៉ាស្ទ័របន្តទៀត។
ស្ដ្រីអង់គ្លេសឆ្លង Covid-19 គឺបានធ្វើដំណើរតាមយន្តហោះចេញពីទីក្រុង ឡុងដ៍ ប្រទេស អង់គ្លេស មកដល់ទីក្រុង ហាណូយ ប្រទេស វៀតណាម នៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២០ ដោយមានគ្នាចំនួន ៥ នាក់ជាជនជាតិអង់គ្លេសទាំងអស់ ប៉ុន្តែការធ្វើតេស្ដអវិជ្ជមានទាំង ៥ នាក់។
បន្ទាប់មក ពួកគាត់បានបន្តធ្វើដំណើរតាមនាវាចេញពីទីក្រុង ហូជីមិញ នៅថ្ងៃទី ៥ ខែ មីនា មកដល់រាជធានីភ្នំពេញនៅថ្ងៃទី ៧ ខែមីនា។ នៅពេលមកដល់រាជធានី ភ្នំពេញ អ្នកដំណើរតាមនាវានេះបានទទួលដំណឹងថា យន្តហោះដែលស្ដ្រីជនជាតិអង់គ្លេស បានជិះនៅថ្ងៃទី ២ ខែ មីនា គឺមានជនជាតិវៀតណាមម្នាក់ដែលអង្គុយជិតស្ដ្រីជនជាតិអង់គ្លេសអាយុ ៦៥ ឆ្នាំនោះ ត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ ១៩ នៅទីក្រុង ហាណូយ។
ពេលមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី ៧ ខែមីនា ស្ដ្រីជនជាតិអង់គ្លេសទាំង ៥ រូប ត្រូវបានបញ្ជូនទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយបានយកសំណាកវត្ថុវិ-ភាគចំនួន៣នាក់ ដោយសារ ២ នាក់ទៀតប្រកែកមិនឱ្យយកសំណាកមកពិនិត្យដាច់ណាត់ ដោយសំអាងថា ខ្លួនមិនមានរោគសញ្ញាអ្វីទាំងអស់។ ជាលទ្ធផលអ្នកទាំង ៣ នាក់នោះមានអវិជ្ជមានវីរុស Covid-19។
ដើម្បីឱ្យមានភាពច្បាស់លាស់ មន្ទីរពេទ្យខ្មែរ-សូវៀត បានផ្ដល់ព័ត៌មានមកមន្ទីរសុខាភិបាលខេត្ត កំពង់ចាម ដើម្បីឱ្យរង់ចាំយកវត្ថុសំណាកស្ដ្រីជនជាតិ អង់គ្លេស ចំនួន ២ នាក់ទៀត នៅពេលនាវានោះចូលចត។
នៅក្រោយពីមានការសម្របសម្រួលពីអ្នកគ្រប់គ្រងនាវា ក្រុមគ្រូពេទ្យបានពិនិត្យនិងយកសំណាកស្ដ្រីជនជាតិអង់គ្លេសទាំង ២ នាក់មកធ្វើតេស្ដនៅវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី ៩ ខែមីនា ហើយនៅថ្ងៃទី ១០ ខែមីនា វេលាម៉ោង ៤ និង៣០នាទី ក៏បានលទ្ធផលវិជ្ជមានលើស្ដ្រីជនជាតិអង់គ្លេសម្នាក់អាយុ ៦៥ ឆ្នាំនោះ៕
វីដេអូ៖