ភ្នំពេញៈ ក្រសួងសុខាភិបាលបានចេញបម្រាមដល់អាជីវករ និងប្រជាពលរដ្ឋឲ្យបញ្ឈប់ការទិញ លក់ និង ទទួលទានស្រាស និងស្រាថ្នាំដែលផលិត ឬបិត ដោយគ្មានប្រភពច្បាស់លាស់ ពិសេសស្រាដែលផ្សំឡើងពីសារធាតុមេតាណុល។ បម្រាមនេះបានធ្វើឡើងក្រោយមានករណីពុលស្រាថ្នាំចិនសែតាំងគួយក្នុងខេត្តបន្ទាយមានជ័យចំនួន ៤៤ ករណីក្នុងនោះ ៧ ករណីបានស្លាប់។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២០ បានធ្វើការណែនាំដល់គណៈអភិបាលរាជធានី-ខេត្តនៅទូទាំងប្រទេសកម្ពុជាឲ្យធ្វើការផ្សព្វផ្សាយដល់អាជីវករឲ្យបញ្ឈប់ជាដាច់ខាតនូវការលក់ដូរស្រាស ឬ...ស្រាថ្នាំដែលផលិត ឬបិត ឬលាយផ្សំ ដោយមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសពិសេសការយកសារធាតុមេណុលមកផ្សំដែលបង្កផលប៉ះពាល់ដល់សុខភាព និង អាយុជីវិតអ្នកដែលចូលចិត្តទទួលទានស្រា។
លោករដ្ឋមន្ត្រីបានថ្លែងថា៖ «ដើម្បីចៀសផុតពីការពុលស្រាស និងស្រាថ្នាំ សូមបងប្អូនប្រជាពលរដ្ឋ បញ្ឈប់ការទទួលទានស្រាស និងស្រាថ្នាំដែលផលិតដោយគ្មានប្រភពច្បាស់លាស់ និងគ្មានស្ដង់ដាបច្ចេកទេសត្រឹមត្រូវ»។
សេចក្ដីណែនាំ និងបម្រាមនេះធ្វើឡើងបន្ទាប់ពីខាងមន្ទីរពិសោធន៍ក្រសួងសុខាភិបាលបានបង្ហាញពីលទ្ធផលនៃការវិភាគទៅលើសំណាកស្រាថ្នាំចិនសែតាំងគួយដែលប្រមូលបានពីជនរងគ្រោះក្នុងទីតាំងចំនួន ៣ ផ្សេងគ្នា ក្នុងនោះទីតាំងទី ១ ស្ថិតនៅភូមិក្បាលស្ពាន ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និង ២ កន្លែងទៀត ស្ថិតនៅភូមិខ្លាងាប់ ឃុំទួលពង្រ និង ភូមិ-ឃុំអូរសំព័រ ស្រុកម៉ាឡៃ ត្រូវបានគេរកឃើញមានកំហាប់សារធាតុមេតាណុលក្នុងកម្រិតពី ១៣,៥% ដល់ ១៥,១%។
យោងតាមឯកសារដែលសរសេរនៅលើហ្វេសប៊ុកមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំបានឲ្យដឹងថា មេតាណុលជាសារធាតុមួយដែលកើតឡើងដោយសំយោគគីមី ឬដោយចំណិតឈើ។ ជាទូទៅវាត្រូវបានប្រើប្រាស់នៅក្នុងឧស្សាហកម្មផ្សេងៗ។ ក្នុងប្រទេសកម្ពុជា ការពុលដោយសារធាតុនេះ ច្រើនកើតឡើងពីការបរិភោគស្រាដែលបិតពុំបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជាពិសេសការបិតស្រាលាយជាមួយសម្បកឈើផ្សេងចម្រុះគ្នា។ នៅពេលសារធាតុមេតាណុលត្រូវបានបំប្លែងជាអាស៊ីត ហ្វកមិក (Acide formique) តាមរយ:ថ្លើមដែលជាសារធាតុសំខាន់ក្នុងការបង្កឲ្យពុល។ វាជាប្រភេទនៃការពុលធ្ងន់ធ្ងរដែលអាចបណ្តាលឲ្យមាន ពិការភាពផ្នែកប្រព័ន្ធប្រសាទ ឬ អាចឈានដល់ងងឹតភ្នែក និងស្លាប់។
លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងចំណោមជនរងគ្រោះ ដោយករណីពុលស្រាថ្នាំចិនសែតាំងគួយដែលត្រូវបានបញ្ជូនចូលមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃ និងមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យមានអ្នកខ្លះមានអាការ ក្អួត ចុកដើមទ្រូង ស្រវាំងភ្នែក វិលមុខ និងពិបាកដកដង្ហើម។ ចំណែកអ្នកខ្លះទៀតមានអាការធ្ងន់ធ្ងរ ដោយមានស្ថានភាពសន្លប់បាត់ស្មារតី ដែលជាទូទៅរោគសញ្ញានៃការពុលស្រានេះ ភាគច្រើនបង្កឡើងដោយសារធាតុមេតាណុល បំប្លែងជាអាស៊ីត ហ្វកមិក។
លោកបានបញ្ជាក់ថា៖ «ការពុលស្រាក្នុងសភាពធ្ងន់ធ្ងរអាចបណ្ដាលឲ្យអ្នកជំងឺ ងាយប្រឈមទៅនឹងពិការភាពផ្នែកប្រព័ន្ធប្រសាទ ឬងាយនឹងស្លាប់បាន»។
លោក ច័ន្ទសង្វាត បានឲ្យដឹងទៀតថា ករណីពុលស្រាថ្នាំចិនសែតាំងគួយក្នុងខេត្តបន្ទាយមានជ័យបានកើតឡើងតាំងពីថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២០ ដែលគិតមកទល់ថ្ងៃទី ១៤ ខែមិថុនា ម្សិលមិញនេះមានចំនួន ៤៤ ករណី ក្នុងនោះមាន ៧ ករណីបានស្លាប់។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានឲ្យដឹងកាលពីម្សិលមិញថា អាជ្ញាធរខេត្តបន្ទាយមានជ័យបានចុះស្រាវជ្រាវ និងរឹបអូសស្រាថ្នាំនេះពីលើទីផ្សារទាំងអស់នៅក្នុងខេត្តនេះបានចំនួន ១៣ ៨៧៦ លីត្រក្នុងនោះដកហូតពីក្នុងផ្សារនៃទីប្រជុំជនក្រុងប៉ោយប៉ែតចំនួន ៩ ៦៣៣ លីត្រ ពីស្រុកម៉ាឡៃ ៣ ៥៨០ លីត្រ ពីក្រុងសេរីសោភ័ណ ៥៩១ លីត្រ និងពីស្រុកថ្មពួក ៧២ លីត្រ។
លោកប្រធានសាខាកាំកុងត្រូលរូបនេះបានថ្លែងឲ្យដឹងថា៖ «នៅពេលនេះ សមត្ថកិច្ចជំនាញកាំកុងត្រូលបានស្រាវជ្រាវរកឃើញប្រភព ទីតាំងផលិតស្រានេះឃើញហើយក្នុងរាជធានីភ្នំពេញ។ សមត្ថកិច្ចជំនាញកំពុងបន្តចំណាត់ការលើសំណុំរឿងនេះទៅតាមនីតិវិធីច្បាប់»៕
វីដេអូ៖