សៀមរាបៈ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ និងរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ បានរួមគ្នាដាំកូនឈើព្រៃចំនួនជាង ១៧ ០០០ ដើមកាលពីថ្ងៃសៅរ៍ នៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែនស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ដើម្បីអភិរក្សតំបន់វប្បធម៌ប្រវត្តិសាស្ត្រ។ សង្គមស៊ីវិលបានសាទរ និងថានេះជាការចូលរួមស្តារគម្របព្រៃឈើនៅតំបន់ដែលធ្លាប់ទទួលរងនូវការកាប់បំផ្លាញ។
ថ្លែងក្នុងពិធីដាំកូនឈើព្រៃក្រោមប្រធានបទ «សៀមរាបផ្ទះខ្ញុំ ភ្នំគូលែនខ្ញុំ» លោក សាយ សំអាល់ បានបញ្ជាក់ថា ការដាំស្តារព្រៃឈើនេះជួយបង្កើនធនធានជីវចម្រុះ ធានាការការពារ និងអភិរក្សតំបន់ប្រវត្តិសាស្ត្រ វប្បធម៌ធម្មជាតិនៅក្នុងឧទ្យានជាតិនេះ។ នេះបើតាមហ្វេសប៊ុករបស់ក្រសួងបរិស្ថានកាលពីថ្ងៃសៅរ៍។
លោកបន្តថាការដាំកូនឈើក៏ជាការធានាផ្តល់ការផ្គត់ផ្គង់ទឹកសម្រាប់ប្រជាសហគមន៍ ដែលរស់នៅលើភ្នំគូលែន និងពលរដ្ឋនៃខេត្តសៀមរាបផងដែរ។
លោក សាយ សំអាល់ ថ្លែងថា៖ «ព្រៃឈើរក្សាបាននូវលំនឹងបរិស្ថានធម្មជាតិ រក្សាខ្យល់បរិសុទ្ធ បង្កើនអុកស៊ីហ្ស៊ែន និងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត»។
បើតាមហ្វេសប៊ុកក្រសួងបរិស្ថានឱ្យដឹងថាលោក ទៀ បាញ់ ដែលជាឧបនាយករដ្ឋមន្ត្រីផងនោះបានថ្លែងលើកទឹកចិត្តឱ្យប្រជាសហគមន៍ចូលរួមពង្រឹង និងអនុវត្តច្បាប់ ដើម្បីគ្រប់គ្រងធនធានធម្មជាតិក្នុងសហគមន៍ឲ្យមាននិរន្តរភាព និងបង្កើតតំបន់ទេសចរណ៍ធម្មជាតិផ្តល់សេវា។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិ ការបរបាញ់សត្វ។ ងាកមករួមគ្នាការពារ និងអភិរក្សធនធានធម្មជាតិ និងដាំស្តារព្រៃឈើឡើងវិញនៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីរួមចំណែកកាត់បន្ថយនូវការប្រែប្រួលអាកាសធាតុក្នុងតំបន់ និងពិភពលោក។
លោក ទៀ បាញ់ បានថ្លែងថា៖ «ការដាំស្តារកូនឈើនៅលើខ្នងភ្នំគូលែននាពេលនេះបានបង្ហាញឱ្យឃើញនូវការគាំទ្រយ៉ាងខ្លាំងពីប្រជាសហគមន៍ និងអាជ្ញាធរមូលដ្ឋានដែលបានចាត់ទុកការដាំកូនឈើគឺជាកាតព្វកិច្ចចម្បងរបស់យើងគ្រប់គ្នា»។
លោក ស ម៉ូរី អនុប្រធានបណ្តាញយុវជនកម្ពុជាដែលតែងតែចូលរួមចុះល្បាតឃ្លាំមើលព្រៃឈើដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើបានប្រាប់ភ្នំពេញប៉ុស្តិ៍ ពីម្សិលមិញថាលោកស្វាគមន៍ចំពោះការចូលរួមរបស់រដ្ឋមន្ត្រីទាំង ២ រូបនេះក្នុងការដាំដើមឈើឡើងវិញនៅតំបន់ដែលរេចរឹល ឬនៅតំបន់ដែលទទួលរងនូវការកាប់បំផ្លាញរួចហើយ។ នេះគឺជាការចូលរួមស្តារគម្របព្រៃឈើ និងស្តារប្រព័ន្ធអេកូឡូស៊ីនៅតំបន់ដែលត្រូវដាំដើមឈើឡើងវិញ។
លោកបានបញ្ជាក់ទៀតថា៖ «សម្រាប់ខ្ញុំ ការដាំដើមឈើបន្ថែម យើងគួរតែចូលរួមទាំងអស់គ្នា។ តែអ្វីដែលសំខាន់ ក្រសួងបរិស្ថានក៏ដូចជាក្រសួងដែលពាក់ព័ន្ធហ្នឹងគួរតែចាត់វិធានការឱ្យបានម៉ឺងម៉ាត់ក្នុងការការពារព្រៃឈើធម្មជាតិដែលនៅសេសសល់នៅកម្ពុជា ទោះបីជាច្រើនឆ្នាំកន្លងមក គម្របព្រៃឈើនៅក្នុងប្រទេសកម្ពុជាយើងទទួលរងការកាប់បំផ្លាញពីការកាប់ឈើខុសច្បាប់ពីការផ្តល់ដីសម្បទានសេដ្ឋកិច្ចពីការកាប់ទន្ទ្រាន កាន់កាប់ដីអីជាដើម»។
លោក ស ម៉ូរី បានបន្ថែមថាទោះបីជាយ៉ាងណាក៏ដោយគម្របព្រៃឈើធម្មជាតិនៅប្រទេសកម្ពុជាដែលមាននៅក្នុងតំបន់ឧទ្យានជាតិ ដែនជម្រកសត្វព្រៃ និងតំបន់ការពារទេសភាពជាដើមនៅមិនទាន់ត្រូវបានការពារឱ្យបានល្អប្រសើរនៅឡើយទេ។ ព្រៃទាំងនោះនៅតែប្រឈមនឹងការកាប់ទន្ទ្រានពីការកាន់កាប់ដីខុសច្បាប់ និងការកាប់ឈើដើម្បីធ្វើអាជីវកម្មជាដើម៕