ភ្នំពេញៈ ខណៈការចរចារលើប្រាក់ឈ្នួលគោលរបស់កម្មករប្រចាំឆ្នាំកំពុងតែត្រូវបានធ្វើឡើង រដ្ឋមន្រ្តីក្រសួងការងារ លោក អ៊ិត សំហេង នៅក្នុងឱកាសជំនួបជាមួយក្រុមកម្មវិធីយុវជនអាស៊ីអាគ្នេយ៍ បានបញ្ជាក់ថា ប្រាក់ឈ្នួលរបស់កម្មករកាត់ដេរនឹងឡើងទៅដល់ ១៦០ ដុល្លារនៅឆ្នាំ ២០១៨។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានឲ្យដឹងកាលពីម្សិលមិញ។
ក្រសួងការងារ ថ្មីៗនេះ កំពុងធ្វើការជួបប្រជុំជាមួយតំណាងសហជីព និងនិយោជក ដើម្បីកំណត់ប្រាក់ឈ្នួលគោលសម្រាប់ឆ្នាំ ២០១៧។ គោលដៅនៃប្រាក់ឈ្នួលគោល ១៦០ ដុល្លារ នៅឆ្នាំ ២០១៨ ស្របគ្នាទៅនឹងសំណើររបស់រដ្ឋាភិបាលកាលពីចុងឆ្នាំ ២០១៣ ដែលសំដៅឲ្យប្រាក់ឈ្នួលកម្មករឡើងជារៀងរាល់ឆ្នាំ។ ក៏ប៉ុន្តែ គម្រោងនេះមិនត្រូវបានអនុម័តនោះឡើយ ហើយសហជីពមួយចំនួនបានតវ៉ាថា កម្រិតនៃប្រាក់ឈ្នួលគួរតែសមស្របជាមួយការចំណាយទៅលើការរស់នៅ។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជានិយាយថា៖ «ខ្ញុំមិនខ្វល់ថា រដ្ឋាភិបាលបានប្រកាសថា បានប៉ុន្មាននោះទេ។ ប្រសិនបើតម្លៃ [ទំនិញ] ធ្លាក់ចុះ ប្រហែលជា ១៦០$ គ្រប់គ្រាន់ ប៉ុន្តែបើតម្លៃឡើងថ្លៃ វាមិនគ្រប់គ្រាន់ទេ។ ខ្ញុំយល់ថា រដ្ឋាភិបាល និងក្រុមហ៊ុនត្រូវតែគិតថា តើឲ្យកម្មករគ្នារស់ដោយរបៀបណា»។
លោក William Conklin នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌលសាមគ្គីភាព ដែលធ្វើការទៅលើសិទ្ធិការងារ បាននិយាយថា ការកើនឡើង បន្ថែមគឺជាគំនិតមួយល្អ ក៏ ប៉ុន្តែលុះត្រាតែប្រាក់ខែគោលដំបូងខ្ពស់គ្រប់គ្រាន់សម្រាប់ចំណាយលើការរស់នៅ សិន។
លោកបញ្ជាក់ថា៖ «ប្រាក់ខែគោលត្រូវបានរក្សាក្នុងកម្រិតទាបនៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដូច្នេះឥឡូវនេះ គេត្រូវទូទាត់សងវិញនូវពេលវេលាដែលត្រូវបានបាត់បង់» ព្រមទាំងបន្ថែមទៀតថា មូលដ្ឋាននៃការដំឡើងប្រាក់ខែក៏គួរតែដាក់កម្រិតទៅលើសមត្ថភាពក្នុងការចរចារបស់បណ្តាសហជីពផងដែរ។
មិនអាចទាក់ទងក្រសួងការងារដើម្បីសុំការអត្ថាធិប្បាយបានឡើយនៅថ្ងៃម្សិលមិញ៕ TN
Cristina Maza