ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចអនុញ្ញាតឱ្យមន្ត្រីអប់រំបម្រើការនៅតាមអង្គភាពថ្នាក់ជាតិត្រូវអនុវត្តន៍តាមប្រព័ន្ធអនឡាញទាំងស្រុង ដោយមិនបាច់មានមន្រ្តីប្រចាំការឡើយ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ នៅថ្ងៃសុក្រ ទី ០៩ ខែ មេសា ឆ្នាំ ២០២១ ដែលចុះហត្ថលេខាដោយលោក ហង់ជួន ណារ៉ុន បានឱ្យដឹងថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្រសួងអប់រំ យុវជន និងកីឡា សូមណែនាំដល់មន្ត្រីអប់រំបម្រើការនៅតាមអង្គភាពថ្នាក់ជាតិទាំងអស់ ត្រូវអនុវត្តន៍តាមប្រព័ន្ធអនឡាញទាំងស្រុង។
លោកបានលើកឡើងថា៖ «មន្ត្រីអប់រំទាំងអស់ត្រូវបំពេញការងារនៅតាមផ្ទះរៀងៗខ្លួន តាមប្រព័ន្ធអនឡាញហើយគ្រប់អង្គភាពទាំងអស់មិនចាំបាច់រៀបចំវេនការងារ ឬមន្ត្រីប្រចាំការឡើយ»។
លោកថា អង្គភាពថ្នាក់ជាតិទាំងអស់ត្រូវតាមដាន និងរាយការណ៍ជាប្រចាំអំពី ស្ថានភាពសុខភាពរបស់មន្ត្រី ប៉ុន្តែក្នុងករណីមានការសង្ស័យ ឬសភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូវីដ ១៩ ត្រូវរាយការណ៍៕