
រដ្ឋរកចំណូលបានជាង ៦៦ ពាន់លានរៀល ពីការលក់ស្លាកលេខរថយន្តក្នុងឆ្នាំ ២០២០។ ហ៊ាន រង្សី
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសរកចំណូលបានពីការលក់លេខចុះបញ្ជីរថយន្តចំនួនជាង ៦៦ ពាន់លានរៀល នៅក្នុងឆ្នាំ ២០២០ ចំណូលនេះកើនចំនួន ៦ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩។ ក្រសួងក៏បានបង្ហាញផងដែរពីតួលេខរាយនៃចំនួនសរុបពីការលក់លេខចុះបញ្ជីរថយន្តមានចំនួន ៦៦ ៤២៧,៧ លានរៀល ស្មើនឹង ១០៦ ភាគរយធៀបនឹងចំណូលឆ្នាំ ២០១៩ ការអនុវត្តចំណូលឆ្នាំ ២០២០ មានការកើនឡើង ៦ ភាគរយ។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ចំណូលនេះទទួលបានពីបណ្តារាជធានីខេត្តនៅទូទាំងប្រទេសដោយរាប់ទាំងការលក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន បានសរុបប្រមាណជាង ៦៦ ពាន់លានរៀល។
លោក សុទ្ធាយុត្តិ បន្តថាចំណូលនេះបានមកពីការលក់លេខចុះបញ្ជីរថយន្ត ដោយមានភាពខុសគ្នាពីការចុះបញ្ជីយានយន្ត ដោយការមើលឃើញការធ្វើចរាចរណ៍នៅតាមផ្លូវគឺជាស្លាកលេខ ហើយសម្រាប់ការលក់តួលេខនេះ ត្រូវបានឆ្លងកាត់បទដ្ឋានគតិយុត្តយ៉ាងត្រឹមត្រូវមិនមែនចេះតែទិញបាននោះទេ។
លោក សុទ្ធាយុត្តិ បានថ្លែងឱ្យដឹងទៀតថា៖ «យើងនិយាយនេះ គឺជាចំណូលពីប្រជាពលរដ្ឋ ដែលត្រូវបានដាក់ជាចំណូលថវិកាជាតិ ហើយបន្ទាប់មកបានគេបង្វែរយកមកប្រើប្រាស់ សម្រាប់ធ្វើការសាងសង់ផ្លូវ ឬ ការអភិវឌ្ឍផ្សេងៗតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា»។
បើតាមលោក ហ៊ាង សុទ្ធាយុត្តិ បើទោះបីក្នុងបរិបទនៃជំងឺកូវីដ ១៩ ( ២០២០) ក៏ក្រសួងអាចគ្រប់គ្រងបាន និងទទួលបាននូវកំណើនប្រមាណ ៦ ភាគរយដែរ ហើយរំពឹងថា នៅក្នុងឆ្នាំ ២០២១ នេះនឹងមានការកើនឡើងថែមទៀត។
លោកថ្លែងថា៖ «ក្រសួងតែងគិតគូរទៅលើតម្រូវការ និងភាពងាយស្រួលរបស់ប្រជាពលរដ្ឋ។ វាជាធម្មតាទេ នៅពេលដែលប្រជាពលរដ្ឋមានសេដ្ឋកិច្ចមានការកើនឡើង យើងត្រូវផ្តល់ភាពងាយស្រួលជូនគាត់ ហើយគាត់នឹងយកថវិការបស់គាត់ចំណាយលើសេវាទាំងអស់ហ្នឹងថែមទៀត»។
ក្នុងកិច្ចប្រជុំកែសម្រួលបទអន្តរាគមន៍សម្រាប់ចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២០ និងលើកទិសដៅការងារឆ្នាំ ២០២១ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០២០។ លោកស្រី កុយ សុដានី រដ្ឋលេខាធិកាក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានវាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត និងប្រមូលចំណូលនេះបានយ៉ាងមានប្រសិទ្ធភាពខ្ពស់។
លោកស្រី សុដានី បានថ្លែងថា៖ «នេះ គឺជាការខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់របស់សមាជិកសមាជិកាគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត និងក្រុមការងារនៃអនុគណៈកម្មការទាំង ២ របស់ក្រសួង»៕
វីដេអូ៖