ភ្នំពេញៈ សមាជិករដ្ឋសភាគ្រោងជួបប្រជុំនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដើម្បីពិភាក្សា និងអនុម័តលើសេចក្ដីស្នើវិសោធនកម្មច្បាប់ស្តីពីការជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងក្រុមប្រឹក្សាខណ្ឌ និងវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីជួយពង្រឹងប្រសិទ្ធភាពការងារ។ នេះបើតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋសភា។
លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភាបានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីគណៈកម្មការអចិន្រៃ្តយ៍រដ្ឋសភាបានប្រជុំចប់កាលពីម្សិលមិញថា សមាជិករដ្ឋសភាគ្រោងជួបប្រជុំនៅថ្ងៃព្រហស្បតិ៍ដើម្បីអនុម័តលើសេចក្ដីស្នើវិសោធនកម្មច្បាប់ស្តីពីការជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងក្រុមប្រឹក្សាខណ្ឌ និងវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
លោកបានបន្តថាសេចក្ដីស្នើវិសោធនកម្មច្បាប់ទាំងនេះជាការផ្ដួចផ្ដើមស្នើឡើងដោយតំណាងរាស្ត្រចំនួន ៩២ រូបក្នុងគោលបំណងបង្កើនអាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងក្រុមប្រឹក្សាខណ្ឌដើម្បីពង្រឹង ប្រសិទ្ធភាព ការងារក្នុងការដោះស្រាយបញ្ហា និងបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោកបញ្ជាក់ថា៖ «យើងសម្រេចប្រជុំពេញអង្គសភានៅថ្ងៃព្រហស្បតិ៍ ទី ៣ ខែមករា ខាងមុខនេះ។ ច្បាប់នេះមានគោលបំណងសំខាន់គឺដើម្បីជំរុញធ្វើឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានលទ្ធភាពគ្រប់គ្រាន់ទៅនៅជិតប្រជាពលរដ្ឋរបស់គាត់។ យើងមើលឃើញការខ្វះខាត សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក និងខណ្ឌមួយចំនួន ដូច្នេះហើយយើងបង្កើនអាសនៈមួយចំនួន ដើម្បីឲ្យមានមន្ត្រីអាចចុះទៅនៅជិត និងស្តាប់ប្រជាពលរដ្ឋរបស់គាត់ដើម្បីបម្រើប្រជាពលរដ្ឋ»។
លោកពន្យល់ថាវិសោធនកម្មច្បាប់ទាំង ២ នេះគឺជាការកែទម្រង់ដើម្បីបំពេញបន្ថែមច្បាប់មុនពេលយកទៅអនុវត្តមានការខ្វះចន្លោះ ដូច្នេះការស្នើធ្វើវិសោធនកម្មច្បាប់នេះដើម្បីឲ្យគ្រប់ជ្រុងជ្រោយ ហើយលោកថានៅមានច្បាប់ជាច្រើនផ្សេងទៀតដែលនឹងត្រូវធ្វើវិសោធនកម្មដើម្បីបំពេញតម្រូវការរបស់សង្គមជាតិ និងរាជរដ្ឋាភិបាល។
លោកបានបញ្ជាក់បន្ថែមថា៖ «យើងនៅសល់ច្បាប់មួយចំនួនទៀតដែលត្រូវធ្វើវិសោធនកម្មដែរ ហើយច្បាប់នេះនឹងមកជាបន្តបន្ទាប់ ហើយដើមអាណត្តិនៃសភានីមួយៗ យើងតំណាងរាស្ត្រតែងតែមើលថា តើអ្វីខ្លះដែលជាតម្រូវការសង្គម ការអភិវឌ្ឍរបស់សង្គម...។ គេធ្វើច្បាប់ដើម្បីអនុវត្ត មិនមែននៅតែក្នុងក្រដាសនោះទេ។ គេធ្វើច្បាប់ដើម្បីអនុវត្តដែលសង្គមត្រូវការ ហើយរដ្ឋអំណាចត្រូវការយកទៅអនុវត្តឲ្យសមស្របការរស់នៅរបស់ប្រជាពលរដ្ឋ និងសង្គម»។
លោក មាស នី អ្នកវិភាគនយោបាយបានលើកឡើងថាការធ្វើវិសោធនកម្មច្បាប់ទាំង ២ នេះគឺពាក់ព័ន្ធនឹងច្បាប់វិសោធនកម្មមាត្រា ៤៥ ថ្មី (ស្ទួន) នៃច្បាប់គណបក្សនយោបាយដោយមានភាពប្រទាក់ក្រឡាគ្នាបណ្តាលឲ្យមានការច្របូកច្របល់ ហើយថាការធ្វើវិសោធកម្មច្បាប់ទាំង ២ នេះគឺជាការពង្រីកអាសនៈក្រុមប្រឹក្សាដែលធ្វើឲ្យខាតបង់ថវិកាជាតិ។
លោកថ្លែងថា៖ «គេត្រូវការធ្វើវិសោធនកម្មច្បាប់ទាំងនេះដើម្បីជួយដោះស្រាយបញ្ហានយោបាយដោយសារច្បាប់ទាំងនេះជាប់ពាក់ព័ន្ធគ្នា ហើយថាការធ្វើបែបនេះធ្វើឲ្យច្របូកច្របលផ្នែកច្បាប់។ វាជាការធ្វើឲ្យខាតបង់ថវិកាជាតិ...ហើយមន្ត្រីខ្លះមិនបានជួយបម្រើប្រជាពលរដ្ឋតែបែរជាបង្កការលំបាកដល់ប្រជាពលរដ្ឋ»។
ទាក់ទងនឹងបញ្ហានេះកាលពីថ្ងៃទី ២៦ ខែធ្នូលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងថារដ្ឋាភិបាលនឹងពង្រីកអាសនៈបន្ថែមសម្រាប់សមាជិកក្រុមប្រឹក្សា ស្រុក ខណ្ឌ ក្រុង និងខេត្ត ខណៈមានកិច្ចការច្រើនដែលត្រូវបំពេញ។
ដោយឡែកកាលពីថ្ងៃទី ៣០ ខែតុលាប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីសម្រេចមួយដោយកំណត់យកថ្ងៃអាទិត្យទី ២៦ ខែឧសភា ឆ្នាំ ២០១៩ ជាកាលថ្ងៃបរិច្ឆេទនៃការបោះឆ្នោតលើកទី ៣ ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុកខណ្ឌដែលជាការបោះឆ្នោតអសកលដោយមានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងមុខតំណែងជាអង្គបោះឆ្នោត៕