ភ្នំពេញៈ រដ្ឋសភា​កម្ពុជា​បាន​សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង ចំពោះ​សភា​អឺរ៉ុប​ដែល​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ពាក់ព័ន្ធ ការកាត់ទោស​ថ្នាក់ដឹកនាំ និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​សង្គម​ស៊ីវិល ដោយ​រដ្ឋសភា​កម្ពុជា​ជំរុញ​ឱ្យ​សភា​អឺរ៉ុប​គួរ​វាយតម្លៃ​ប្រកប​ដោយ​សត្យានុម័ត ចំពោះ​ការវិវត្ត​នយោបាយ​នៅ​កម្ពុជា​។

សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋសភា​កម្ពុជា​ដែល​ចេញផ្សាយ​ពី​ម្សិលមិញ​បាន​សម្តែង​នូវ​ការខកចិត្ត​យ៉ាងខ្លាំង ចំពោះ​សេចក្តី​សម្រេចចិត្ត​របស់​សភា​អឺរ៉ុប​នៅ​ថ្ងៃទី​ ១១ ខែមីនា ឆ្នាំ​ ២០២១ ស្តីពី​ការជំនុំជម្រះ​ក្តី​ «​ប្រឆាំង​នឹង​ជនល្មើស​ច្បាប់​នៅ​កម្ពុជា​»​។

រដ្ឋសភា​កម្ពុជា គូសបញ្ជាក់​ថា ក្នុង​នាម​ជា​រដ្ឋ​ឯករាជ្យ និង​អធិបតេយ្យ​ប្រទេស​កម្ពុជា​មាន​សិទ្ធិ​អនុវត្ត​នូវ​គោលនយោបាយ​ស្វ័យ​សម្រេច​របស់ខ្លួន ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ រួមទាំង​សន្តិភាព ស្ថិរភាព និង​វិបុលភាព​របស់​ប្រទេស​។ រដ្ឋសភា​កម្ពុជា​បាន​ជំរុញ​ឱ្យ​សភា​អឺរ៉ុប មេត្តា​វាយតម្លៃ​ប្រកប​ដោយ​សត្យានុម័ត ចំពោះ​ការវិវត្ត​នយោបាយ​នៅ​កម្ពុជា និង​សូម​បន្ត​ចូលរួម​សិក្សា​ស្វែងយល់​អំពី​ក្រុម​គណបក្សនយោបាយ​ទាំងអស់​នៅ​កម្ពុជា​ដោយ​ឈរលើ​គោលការណ៍​នៃ​ការជឿ​ទុក​ចិត្ត​គ្នា ការគោរព​គ្នា និង​ផលប្រយោជន៍​ទៅវិញ​ទៅមក​។

ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​​រដ្ឋសភា​កម្ពុជា​បាន​លើកឡើង​ថា ការជំនុំជម្រះ​ក្តី​ «​ជនល្មើស​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ផែនការ​ក្បត់​នា​ថ្ងៃទី​ ៩ ខែ វិច្ឆិកា ឆ្នាំ​ ២០១៩» គឺធ្វើឡើង​ស្របតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ពាក់ព័ន្ធ​របស់​ប្រទេស​ដែល​សម្រាប់​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​។

សេចក្តី​ថ្លែងការណ៍​បន្ថែម​ថា​៖ «​រាល់​ការប៉ុនប៉ង​រៀបចំ​ផែនការ​បះបោរ​តាមរយៈ​ការប្រើប្រាស់​ភាសា​បរិហារ​កេរ្តិ៍​ញុះញង់​ឱ្យមាន​អំពើហិង្សា​ក៏ដូចជា​ការអំពាវនាវ​ឱ្យ​កងកម្លាំង​ប្រដាប់អាវុធ ក្រោកឈរ​ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ គឺជា​ទង្វើ​ខុសច្បាប់ និង​ត្រូវតែ​ធ្វើការ​ថ្កោលទោស​ជាដាច់ខាត​»​។

សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ១ ​មីនា ឆ្នាំ​ ២០២១ បាន​ប្រកាស​សាលក្រម​កាត់ទោស​កំបាំង​មុខ​លោក​ សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​គេចខ្លួន​ទៅ​បរទេស​ឱ្យ​ជាប់ពន្ធនាគារ ២៥ ​ឆ្នាំ និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​ឱ្យ​ជាប់ពន្ធ​នាគារ​ចន្លោះ​ពី​ ២០ ទៅ ២២ ឆ្នាំ ពីបទ​ឧបឃាត​ដែល​បាន​ប្រព្រឹត្ត​នៅ​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៩​។

បន្ទាប់ពី​តុលាការ​កម្ពុជា​ចេញ​សេចក្តី​សម្រេច​បែបនេះ សភា​អឺរ៉ុប​កាលពី​ថ្ងៃទី​ ១១ ខែមីនា ២០២១ បានចេញ​សេចក្តី​ថ្លែងការណ៍​ដោយបាន​លើកឡើង​អំពី​ការកាត់ទោស​ដែលមាន​ជនជាប់ចោទ​ច្រើន យន្តការ​ផ្លូវច្បាប់​លើ​សង្គម​ស៊ីវិល ការចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​បញ្ហា​កូវីដ​១៩ ជាពិសេស​ការកាត់ទោស​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម រង្ស៊ី និង​សមាជិក​ផ្សេងទៀត​។

នៅក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​សភា​អឺរ៉ុប​បាន​លើកឡើង​ពី​បញ្ហា​ជាច្រើន​ចំណុច​រួមមាន​ទាំង​ការអំពាវនាវ​កុំឱ្យ​សហភាព​អឺរ៉ុប​ទទួលយក​ប្រទេស​កម្ពុជា ជា​កន្លែង​សម្រាប់​រៀបចំ​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប​ដែល​គ្រោង​ធ្វើឡើង​នៅ​ឆ្នាំនេះ ប្រសិនបើ​លទ្ធិ​ប្រជាធិបតេយ្យ មិនត្រូវ​បាន​ស្ដារ​ឡើងវិញ​ទេនោះ​។

ក្រៅពីនេះ​សភា​អឺរ៉ុប​ក៏​អំពាវនាវ​ឱ្យ​បេសកកម្ម​សហភាព​អឺរ៉ុប​នៅ​ភ្នំពេញ និង​ស្ថានទូត​នៃ​ប្រទេស​សមាជិក​អឺរ៉ុប​ទាំងអស់​បន្ត​តាមដាន​ការកាត់ទោស​ និង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ពន្ធនាគារ ព្រមទាំង​ស្នើឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្ដល់​សុពលភាព​ដល់​គណបក្ស​សង្គ្រោះជាតិ​ឡើងវិញ និង​ផ្ដល់​អាសនៈ​ដល់​ក្រុមប្រឹក្សាឃុំ-សង្កាត់​ជាប់ឆ្នោត​នៃ​គណបក្ស​នេះ​ចំនួន ៥ ០០៧ ​នាក់​ឡើងវិញ​។

ទោះយ៉ាងណា លោក​ ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ចាត់ទុក​ការលើកឡើង​របស់​សភា​អឺរ៉ុប​ថា​ជា​ការសម្រេច​ផ្អែកទៅលើ​ផលប្រយោជន៍​ និង​របៀបវារៈ​នយោបាយ​ច្រើនជាង​បច្ចេកទេស សិទ្ធិមនុស្ស ឬក៏​បច្ចេកទេស​ច្បាប់​។

លោក​បញ្ជាក់ថា​៖ «​ដោយសារ​តែ​ស្ថាប័ន​នេះ​បាន​ទទួល​សំណើ​ពី​ក្រុម​អតីត​បក្សប្រឆាំង​ក៏ដូចជា​សម្ព័ន្ធមិត្ត និង​ប្រទេស​ដែលជា​មិត្ត​របស់​ពួកគេ​មួយចំនួន អ៊ីចឹង​ការសម្រេច​គឺ​ផ្អែក​ទៅ​លើ​និន្នាការ និង​ទំនាក់ទំនង​ផលប្រយោជន៍​នយោបាយ​ច្រើនជាង​»​។

លោក​បន្ថែមថា​ទោះយ៉ាងណា​កម្ពុជា​ក្នុង​នាម​ជា​រដ្ឋ​អធិបតេយ្យ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​អធិបតេយ្យភាព និង​យន្តការ​ច្បាប់​របស់​កម្ពុជា​ដែល​មាន​ជា​ធរមាន​ និង​បន្ត​យន្តការ​សហការគ្នា ពិគ្រោះ​យោបល់ ដើម្បី​ឱ្យ​សភា​អឺរ៉ុប​ និង​គណៈកម្មការ​អឺរ៉ុប​យល់ច្បាស់​ពី​យន្តការ​នីតិវិធី​របស់​តុលាការ​នៅ​កម្ពុជា​។

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​លោក គិន ភា មើល​ឃើញ ទិដ្ឋភាព​ ២ ​ជុំវិញ​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋសភា​កម្ពុជា និង​សេចក្តីថ្លែងការណ៍​របស់​សភា​អឺរ៉ុប​ទាក់ទង​ការកាត់ទោស​លើ​មេដឹកនាំ និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក​ថា​៖ «​ទិដ្ឋភាព​ទី​១ យើង​ដឹង​ហើយ​ថា ដំណើរការ​វិនិច្ឆ័យ​កាត់ក្តី​លើ​ជន​ដែល​ត្រូវ​ចោទ​ទាំង​ប៉ុន្មាន​នាក់​ដែល​ធ្វើ​ដោយ​តុលាការ​កម្ពុជា គឺ​ធ្វើ​ឡើង​ក្រោម​ក្របខ័ណ្ឌ​នៃ​ច្បាប់​កម្ពុជា ដូចនេះ​កម្ពុជា​ក្នុង​ឋានៈ​ជា​រដ្ឋ​អធិបតេយ្យ​ត្រូវតែមាន​គោលការណ៍​ច្បាប់​របស់ខ្លួន​ក្នុងការ​ពង្រឹង​នីតិរដ្ឋ សណ្តាប់ធ្នាប់​សាធារណៈ​ស្ថិរភាព​ផ្ទៃក្នុង​ប្រទេស​»​។ ការអនុវត្ត​ច្បាប់​វា​ជា​សិទ្ធិ​ពេញ​ទី​របស់​ប្រទេស​នីមួយៗ សម្រាប់​វិធាន​ផ្ទៃក្នុង​ក្នុង​ការធានា​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​របស់​ប្រទេស​។

ទិដ្ឋភាព​ទី២ ការចេញ​សេចក្តី​ថ្លែងការណ៍​របស់​សភា​អឺរ៉ុប​លោក​យល់ថា អឺរ៉ុប​គួរ​គប្បី​ស្វែងយល់​បន្ថែម​អំពី​ប្រទេស​កម្ពុជា​ជា​ជាង​ចេញ​សេចក្តី​ថ្លែងការណ៍​ពី​ចម្ងាយ​ណាមួយ​ដែល​មិន​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ជាក់ស្តែង​នៅ​ប្រទេស​កម្ពុជា​។

លោក​លើកឡើង​ថា​៖ «​ខ្ញុំ​ជឿថា ការមិន​យល់​គ្នាច្រើន​ជាង​ក្នុង​ក្របខ័ណ្ឌ​នៃ​សេចក្តី​ថ្លែងការណ៍ ហើយ​ខ្ញុំ​អរគុណ​ដល់​អឺរ៉ុប​ដែល​យកចិត្ត​ទុកដាក់​លើ​កម្ពុជា​។ ប៉ុន្តែ​គួរ​ជួយ​កម្ពុជា​ក្នុង​បែបផែន​ផ្សេង​មិនមែន​គ្រាន់តែ​ជា​ការសម្តែង​កង្វល់​មិន​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ជាក់ស្តែង​របស់​កម្ពុជា​នោះទេ​»​។

យ៉ាងណា​ក៏ដោយ​លោក​មើលឃើញ​ថា ជា​ទិដ្ឋភាព​រួម បើទោះបី​ជា​កម្ពុជា និង​សហភាព​អឺរ៉ុប​បាន​ចេញ​សេចក្តីថ្លែងការណ៍​ឆ្លើយតប​ទៅវិញ​ទៅមក​ក្តី ក៏​នឹង​មិន​ធ្វើឱ្យ​ប៉ះពាល់​ដល់​កិច្ចសហប្រតិបត្តិការ និង​ចំណងមិត្តភាព​របស់​ភាគី​ទាំង​ ២ ​នោះ​ទេ​។

លោក​បញ្ជាក់ថា​៖ «​ដូច្នេះ​វា​អាច​មាន​ចំណុច​មិន​យល់​គ្នា​ទៅ​បញ្ហា​ប្រជាធិបតេយ្យ បញ្ហា​សិទ្ធិ​មនុស្ស ប៉ុន្តែ​នៅមាន​លំហ​ផ្សេងទៀត​ដែល​កម្ពុជា និង​សហភាព​អឺរ៉ុប​អាច​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា​បាន ឧទាហរណ៍​កិច្ចសហប្រតិបត្តិការ​កាត់បន្ថយ​ភាពក្រីក្រ ការជំរុញ​សេដ្ឋកិច្ច​ក្នុង​ និង​ក្រោយ​បរិបទ​កូវីដ បរិស្ថាន ជា​ហូរហែ​ជាដើម​»​។

លោក​ គិន ភា ​យល់​ថា ទិដ្ឋភាព​មួយ​វា​មិនអាច​ធ្វើឱ្យ​ខូច​ទាំងស្រុង​នូវ​កិច្ចសហប្រតិបត្តិការ​​រវាង​ទំនាក់ទំនង​កម្ពុជា និង​សហភា​អឺរ៉ុប​នោះទេ ។ «​ខ្ញុំ​យល់ថា ឱកាស និង​លម្ហ​នៅតែ​មាន​សម្រាប់​ការស្តារ​ទំនុកចិត្ត ឬ​ភាពជឿជាក់​គ្នា​រវាង​កម្ពុជា និង​អឺរ៉ុប​»៕