ភ្នំពេញៈ រដ្ឋ​សភា បាន​សម្រេច​ ប្រគល់​គណៈ​កម្មា​ធិការ​នីតិ​កម្ម​ និង​យុត្តិធម៌​រដ្ឋ​សភា ធ្វើការ​ពិនិត្យ​ និង​សិក្សា​ពី​វិសោធន​កម្ម​ច្បាប់​ក្រម​ព្រហ្មទណ្ឌ ​ ដែល​ត្រូវ​បាន​គណៈ​រដ្ឋ​មន្ត្រី​អនុម័ត​កាលពី​ចុង​សប្តាហ៍​មុន ​ចែង​ថា ការ​ប្រមាថ អង្គ​​ព្រះ​មហាក្សត្រ អាច​ប្រឈម​ទោស​ដល់​៥​ឆ្នាំ​ ក្នុង​ពន្ធនាគារ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​រដ្ឋ​សភា ទទួល​បាន​នាពេល​នេះ​ គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ នៅ​​ថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រោម​អធិបតី​ភាព​ លោក ហេង សំរិន ដើម្បី​ធ្វើ​ការ​ពិភាក្សា និង​អនុម័តនូវ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ វិសោធន​កម្ម​ក្រម​ព្រហ្ម​ទណ្ឌ និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិសោធន​កម្ម​មាត្រា​ ២៦​ មាត្រា​ ២៧ ថ្មី​ មាត្រា ​២៨ មាត្រា ៣១ និង​មាត្រា​៣២​ នៃ​ច្បាប់​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​ នៃ​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​។

លោក​ ហេង សំរិន បាន​សម្រេច​ប្រគល់​វិសោធនកម្ម​នៃ​ច្បាប់​ខាង​លើ​នេះ ជូន​ «ដល់​គណៈ​កម្ម​ការ​​នីតិកម្មនិងយុត្តិធម៌ នៃ​រដ្ឋ​សភា​ ពិនិត្យ​និង​សិក្សា ហើយ​ធ្វើ​របាយ​ការណ៍​ ជូន​គណៈ-​កម្មា​ធិការ​​អចិ​ន្រ្តៃយ៍រដ្ឋសភា វិញ»។

យោង​តាម​ប្រកាស​ព័ត៌មាន​របស់​គណៈ​រដ្ឋ​មន្ត្រី ចុះ​កាលពី​ថ្ងៃ​ទី ​២ ខែ​កុម្ភៈ​ ឲ្យ​ដឹង​ថា ៖ «មាត្រា ៤៣៧ ស្ទួន បញ្ចូល​ទៅ​ក្នុង​ជំពូក​ទី​១ នៃ​មាតិកា​ទី​១ នៃ​គន្ថី​ទី៤ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ដែល​មាន​ខ្លឹម​សារ​ជា​រួម​ថា ការ​ប្រមាថ​ចំពោះ​អង្គ​ព្រះ​មហា​ក្សត្រ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ ពី ១ ឆ្នាំ​ទៅ ៥ ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី ២ លាន​រៀល ទៅ ១០ លាន​រៀល»។

«ចំពោះ​នីតិ​បុគ្គល ក៏​អាច​ត្រូវ​បាន​ផ្តន្ទា​ទោស​ពិន័យ​ជា​ប្រាក់​ពី ១០ លាន​រៀល​ទៅ​ ៥០ លាន​រៀល ព្រម​ទាំង​ទោស​បន្ថែម​មួយ ឬ​ច្រើន​ក្នុង​ករណី​ដែល​តុលាការ​រក​ឃើញ​ថា មាន​ពិរុទ្ធភាព​ពាក់​ព័ន្ធ​នឹង​ការ​ប្រមាថ​ចំពោះ​អង្គ​ព្រះ​មហាក្សត្រ»៕