The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋសភា​នឹង​បើក​ប្រជុំ​សប្ដាហ៍​ក្រោយ​ ពិភាក្សា​លើ​វិសោធនកម្ម​ច្បាប់​គណបក្ស




រដ្ឋសភា​នឹង​បើក​ប្រជុំ​សប្ដាហ៍​ក្រោយ​ ពិភាក្សា​លើ​វិសោធនកម្ម​ច្បាប់​គណបក្ស

Content image - Phnom Penh Post
សមាជិក​រដ្ឋសភា​នៅ​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ច្បាប់​នា​ពេល​កន្លង​មក​​​។ ហេង ជីវ័ន

រដ្ឋសភា​នឹង​បើក​ប្រជុំ​សប្ដាហ៍​ក្រោយ​ ពិភាក្សា​លើ​វិសោធនកម្ម​ច្បាប់​គណបក្ស

ភ្នំពេញ: ជា​ការ​វាយបក​​នឹង​សំណើ​​​សុំ​ផ្អាក​របស់​គណបក្ស​ប្រឆាំង​ គណៈកម្មាធិការ​អចិន្រៃ្តយ៍​​​របស់​រដ្ឋសភា​​ដែល​គ្រប់គ្រង​​ដោយ​គណបក្ស​កាន់​អំណាច​កាលពី​ម្សិលមិញ​បាន​កំណត់​ថ្ងៃ​ចន្ទ​​សម្រាប់​ការ​បោះឆ្នោត​​ស្តីពី​ការ​កែប្រែ​​​ដែល​មាន​លក្ខណៈ​ចម្រូងចម្រាស​​ទៅ​លើ​​ច្បាប់​​ឆ្នាំ​ ១៩៩៧ ​ស្តីពី​គណបក្ស​នយោបាយ​។

វិសោធនកម្ម​ដ៏សំខាន់​នេះ​ដែល​អ្នក​រិះគន់​​និយាយ​ថា​អាច​នឹង​ត្រូវ​ប្រើ​ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​​​ក្រោម​លេស​ជាច្រើន​ត្រូវ​បាន​ដាក់​​ដោយ​​តំណាង​រាស្រ្ត​ ៦០ ​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​​​បន្ទាប់ពី​​មាន​សំណើ​មួយ​ពី​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​ ឲ្យ​មាន​ការ​សរសេរ​ច្បាប់​នេះ​ឡើង​វិញ​​​ដើម្បី​រារាំង​ទណ្ឌិត​មិន​ឲ្យ​ធ្វើ​ជា​មេដឹកនាំ​គណបក្ស​នយោបាយ​​ និង​​រំលាយ​គណបក្ស​​​នយោបាយ​ប្រសិន​បើ​​មេដឹកនាំ​នោះ​​មាន​ទោស​។

បន្ទាប់ពី​កិច្ចប្រជុំ​រយៈពេល​ជិត​មួយ​ម៉ោង​ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ ១០ ​រូប​​​នៅ​គណៈកម្មាធិការ​នេះ​​បាន​សម្រេច​​បើក​សម័យ​ប្រជុំ​​ពេញអង្គ​​វិសាមញ្ញ​​នៅ​សប្តាហ៍​ក្រោយ​​​សម្រាប់​ការ​បោះឆ្នោត​​ធ្វើ​វិសោធនកម្ម​​ដោយ​មិន​ទទួល​យក​សំណើ​​​របស់​​សមាជិក​សភា​ពីរ​រូប​របស់​គណបក្ស​​សង្គ្រោះ​ជាតិ​​​ដែល​ស្នើសុំ​​ឲ្យ​មាន​ការ​ពន្យារ​ពេល​រយៈពេល​ ៦ ​​ខែ​។

ដោយ​សំដៅ​​ទៅ​រដ្ឋសភា​ថា​ជា​ «​វេទិកា​​ប្រជាធិបតេយ្យ​» អ្នក​នាំពាក្យ​​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ លោក ​ឈាង​ វុន ​បាន​អំពាវនាវ​ឲ្យ​​​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​​​លោក​ហៅថា​ «​ដៃគូ​សន្ទនា​របស់​យើង​» ឲ្យ​ចូលរួម​សម័យ​ប្រជុំ​នេះ​។

ទោះ​យ៉ាង​ណា​ក្តី​លោក វុន បាន​កត់សម្គាល់​ថា​គណបក្ស​ប្រជាជន​កម្ពុជា​​​មាន​សំឡេង​ភាគច្រើន និង​អាច​អនុម័ត​ច្បាប់​នេះ​​បាន​​​​បើ​ទោះបី​​មិន​មាន​វត្តមាន​​របស់​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​។

តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​លោក សុន ឆ័យ បាន​ថ្លែង​ថា​សមាជិក​​​​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​អាទិត្យ​ដើម្បី​សម្រេច​ថា​តើ​​នឹង​ចូលរួម​ឬ​អត់​?

លោក​បាន​ថ្លែង​ថា​៖ «​​យើង​នឹង​ពិចារណា​ [ចូលរួម​] ​ប្រសិន​បើ​​សម័យ​ប្រជុំ​នេះ​​​​បញ្ចូល​ការ​ពិភាក្សា​​ផ្លាស់ប្តូរ​ចំណុច​មួយ​ចំនួន​»​។

លោក ហូរ វ៉ាន់ បាន​ថ្លែង​ថា​គណបក្ស​ប្រឆាំង​​យ៉ាង​ហោច​ណាស់​ចង់​រៀបចំ​សិក្ខា​សាលា​មួយ​​​ឲ្យ​ភាគី​ពាក់ព័ន្ធ​ជួយ «​កែលម្អ​​ច្បាប់​នេះ​»​។

ការ​គំរាម​របស់​លោក​នាយក​រដ្ឋមន្រ្តី​ដើម្បី​រំលាយ​​គណបក្ស​នយោបាយ​​​​ប្រសិន​មេដឹកនាំ​គណបក្ស​នយោបាយ​នោះ​មាន​ទោស​បាន​​បណ្តាល​ឲ្យ​លោក សម រង្ស៊ី​ កាលពី​ថ្ងៃ​សៅរ៍​​បាន​លាលែង​​ពី​តំណែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​ និង​បាន​ចាកចេញ​ពី​គណបក្ស​។

ទោះបី​យ៉ាង​ណា​ក្តី​ច្បាប់​​ដែល​ស្នើ​វិសោធនកម្ម​នៅ​ថ្ងៃ​ចន្ទ​ដែល​អនុវត្ត​លើស​ពី​នេះ​ទៀត​ដោយ​​អនុញ្ញាត​​ឲ្យ​អាជ្ញាធរ​​រំលាយ​គណបក្ស​នយោបាយ​​ណា​ដែល​បំពាន​ច្បាប់​​ ឬ​គំរាម​កំហែង​ «​សន្តិសុខ​​រដ្ឋ​»​ ឬ​ «​ឯកភាព​ជាតិ​»​។

ច្បាប់​នេះ​ក៏​រារាំង​​អ្នក​ដែល​មាន​ទោស​មិន​ឲ្យ​កាន់​​តំណែង​មេដឹកនាំ​​ទេ​។​

ខណៈ​​លោក វ៉ាន់ (Vann) ​បាន​កត់សម្គាល់​ពី​ម្សិលមិញ​ថា​សមាជិក​មួយ​ចំនួន​​នៃ​​​​ក្រុម​ដឹកនាំ​របស់​គណបក្ស​​ប្រឆាំង​​នៅ​​​តែ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​ច្បាប់​។ ដោយ​លើក​ឡើង​អំពី​ភាព​តានតឹង​នយោបាយ​ និង​ការ​បោះឆ្នោត​​ឃុំ​សង្កាត់​​ខែ​មិថុនា​​ដែល​នឹង​​ខិត​ជិត​មក​ដល់​លោក​បាន​ជំរុញ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​​ពិចារណា​ឡើង​វិញ​។​

លោក វ៉ាន់ បាន​ថ្លែង​ថា​​៖​ «​​យើង​គួរ​តែ​រង់ចាំ​រហូត​ដល់​ការ​បោះឆ្នោត​ចប់​ នៅពេល​បរិយាកាស​ល្អ​ យើង​អាច​មក​ជួប​គ្នា​ហើយ​ជជែក​គ្នា​​ដើម្បី​ធ្វើ​វិសោធនកម្ម​​ច្បាប់​នេះ​​​​ដោយ​មាន​គណបក្ស​ទាំង​ពីរ​»​៕ PS

អត្ថបទគួរចាប់អារម្មណ៍