ភ្នំពេញៈ រដ្ឋសភា​នឹង​បោះឆ្នោត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ផ្ដល់​សេចក្ដីទុកចិត្ត លើ​ការតែងតាំង និង​កែសម្រួល​សមាសភាព​រដ្ឋមន្ត្រី​ចំនួន​ ៥ ​រូប និង​តែងតាំង​ទេសរដ្ឋមន្ត្រី​ចំនួន​ ៥ រូប​តាម​សំណើ​របស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឡេង ប៉េងឡុង អ្នក​នាំពាក្យ​រដ្ឋសភា និង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភា​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ២៧ ខែមីនា បាន​ផ្ញើលិខិត​មួយ​ជូនទៅ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ស្នើសុំ​លោក ហេង សំរិន រៀបចំ​ការបោះឆ្នោត​ផ្ដល់​សេចក្ដីទុកចិត្ត​របស់​រដ្ឋសភា​លើ​ការតែងតាំង និង​កែសម្រួល​សមាសភាព​នៃ​រាជរដ្ឋាភិបាល​ដោយ​មាន​ការតែងតាំង​ទេសរដ្ឋមន្ត្រី​ចំនួន​ ៥ រូប​ដែល​ជា​អតីតរដ្ឋមន្ត្រី និង​កែសម្រួល និង​តែងតាំង​សមាសភាព​រដ្ឋមន្ត្រី​ថ្មី ៥ ​រូប​ដែល​ត្រូវ​ជំនួស​អតីត​រដ្ឋមន្ត្រី​មុន​។

ក្នុង​លិខិត​របស់លោក​ដដែល​នោះ​លោក​ ហ៊ុន សែន បាន​តែងតាំង​លោក​ ចម ប្រសិទ្ធ ជា​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ គឺ​លោក​បន្ត​នៅក្នុង​ក្រសួង​ដដែល​ដែល​ទើប​ប្ដូរ​ឈ្មោះ​ពី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ជា​ទេសរដ្ឋមន្ត្រី​។

លោក​បានស្នើ​តែងតាំង​លោក កើត រិទ្ធ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ជំនួស​លោក អង្គ វង្ស វឌ្ឍានា​។ លោក​ ជា វ៉ាន់ដេត តំណាងរាស្ត្រ​ខេត្តតាកែវ និង​ជា​ប្រធាន​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន និង​ធនធាន​ទឹក (​គណៈកម្មការ​ទី​ ៣) នៃ​រដ្ឋសភា ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ជំនួស​លោក ត្រាំ អ៊ីវតឹក​។

លោក ឈិត សុខុន រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​អតីត​អភិបាល​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​ធម្មការ​ និង​សាសនា​ជំនួស​លោក ហ៊ឹម ឆែម​។ ចំណែក​លោក ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួង​មុខងារ​សាធារណៈ និង​ជា​អតីត​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ត្រូវបាន​តែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​មុខងារ​សាធារណៈ​ជំនួស​លោក ពេជ្រ ប៊ុនធិន​។

ចំណែក​អតីតរដ្ឋមន្ត្រី ទាំង ៤ រូប​រួមមាន​លោក ហ៊ឹម ឆែម លោក អង្គ វង្ស វឌ្ឍនា លោក ត្រាំ អ៊ីវតឹក និង​លោក ពេជ្រ ប៊ុនធិន ត្រូវបាន​តែងតាំង​ជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កាលពី​ម្សិលមិញ​មិន​បាន​បដិសេធ​លើ​លិខិត​ដែល​មាន​ការចែកចាយ​លើ​បណ្ដាញ​សង្គម​ទេ ប៉ុន្តែ​លោក​ថា​ជាធម្មតា​មាន​តែ​លោកនាយក​រដ្ឋមន្ត្រី​ម្នាក់​គត់​ដែល​ដឹង​ពី​ការតែងតាំង និង​កែសម្រួល​នេះ​ហើយ​រដ្ឋសភា​អាច​ដឹង​ពេល​ទទួល​លិខិត​របស់លោក​។ លោក​យល់ថា លិខិត​នេះ​ប្រហែល​ត្រូវបាន​បែកធ្លាយ​។

ទោះយ៉ាងណា​លោក​ពន្យល់​ថា ការរុះរើ​រដ្ឋមន្ត្រីក្រសួង​ទាំង ៤ នេះ​ជា​ផែនការ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ត្រៀម​ជា​យូរ​មកហើយ​។

លោក​ថ្លែងថា​៖ «​សម្ដេច​នៅពេល​ចាប់ផ្ដើម​អាណត្តិ​នេះ​លោក​បាន​ថា លោក​នឹង​មាន​ការដោះដូរ​ខ្លះ​នៅពេល​ពាក់កណ្ដាល​ទី​។ លោក​ធ្វើឲ្យ​សមាជិក​រាជរដ្ឋាភិបាល​ដែល​រាប់​តាំងពី​រដ្ឋមន្ត្រី​ឡើង​ទៅ​មាន​ភាពឆ្លើយតប​មាន​ភាព​រស់រវើក​ឲ្យ​មាន​ភាពឆ្លើយតប​នឹង​ការងារ ហើយ​លោក​បង្វិល​ចុះ​បង្វិល​ឡើង អានោះ​ជា​ការរៀបចំ​របស់​នាយករដ្ឋមន្ត្រី​ដែល​ទទួលខុស​ត្រូវ​ចំពោះ​មុខ​រដ្ឋសភា​»​។

លោក​បន្តថា ការផ្លាស់ប្ដូរ​នេះ​មិន​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ប្រទេស និង​ពិភពលោក​បច្ចុប្បន្ន​ដែល​កំពុង​មមាញឹក​លើ​ការប្រឈមមុខ​ជាមួយ​ជំងឺ​កូវីដ-១៩​នោះទេ​។ លោក​ថា​ជំងឺ​នេះ​គឺ​មាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​រួចហើយ ដោយ​មាន​លោកនាយក​រដ្ឋមន្ត្រី​ជា​ប្រធាន ហើយ​មាន​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ជា​អនុប្រធាន​។

លោក​ថ្លែងថា​៖ «​យើង​មើលឃើញ​ថា ការរៀបចំ​សម្រួល​សមាសភាព​របស់​គណៈរដ្ឋមន្ត្រី​ហ្នឹង​ប៉ះពាល់​ត្រឹម​ក្រសួង គឺ​ក្រសួង​ជំនាញ ដើម្បី​ប្រសិទ្ធភាព​ការងារ​ដែល​នេះ​ជា​ការយល់ឃើញ​របស់​នាយករដ្ឋមន្ត្រី​។ ដូច្នេះ​ខ្ញុំ​ចាត់ទុក​សារ​នេះ​ថា​ជា​សារ​ដែល​បាន​បែកធ្លាយ ពិបាក​នឹង​យកមក​ពិចារណា​»​។

ទោះជា​យ៉ាងណា​ក៏ដោយ​យោងតាម​ច្បាប់​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រី​មាត្រា ២១ ចែង​ថា​៖ «​នាយករដ្ឋមន្ត្រី​លើក​សំណើ​ផ្លាស់ប្ដូរ និង​ជំនួស​សមាជិក​រាជរដ្ឋាភិបាល​ជូន​រដ្ឋសភា ដើម្បី​​បោះឆ្នោត​ទុកចិត្ត​។ ក្រោយពី​រដ្ឋសភា​បាន​បោះឆ្នោត​ទុកចិត្ត​ហើយ សមាជិក​រាជរដ្ឋាភិបាល​នោះ​ត្រូវ​តែងតាំង​ដោយ​ព្រះមហាក្សត្រ​»​។

​លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​ថ្លែងថា ក្រសួង​ទាំង​ ៤ ​ដែល​មាន​ការដោះដូរ​រដ្ឋមន្ត្រី​នេះ​មិនមែន​ជា​ក្រសួង​ដែល​ពាក់ព័ន្ធ​ខ្លាំង​ទៅលើ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ទេ ជាពិសេស​ក្រសួង​មុខងារ​សាធារណៈ និង​ធម្មការ និង​សាសនា​គឺជា​ក្រសួង​ដែល​ប្រជាពលរដ្ឋ​មិនសូវ​ចាប់អារម្មណ៍​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ចាប់អារម្មណ៍​ខ្លាំង​លើ​ក្រសួង​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការធ្វើ​ស្រែចម្ការ ទឹក ការលក់​ស្រូវ​អង្ករ ការផ្ទេរកម្មសិទ្ធិ​ដីធ្លី​។

លោក​ថ្លែងថា​៖ «​មាន​ក្រសួង ២ ក្នុង​ចំណោម​ ៤ ​នោះ​មាន​ក្រសួងយុត្តិធម៌ ដែល​មាន​ការត្អូញត្អែរ​ច្រើន​ពី​ប្រជាពលរដ្ឋ​ដែល​គួរតែមាន​ការកែសម្រួល​ហើយ ហើយ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ហ្នឹង​ក៏​យើង​ឃើញថា ការគ្រប់គ្រង​លើ​សេវា​ទូរគមនាគមន៍​ក៏​មាន​បញ្ហា​ដែរ តាំងពី​ប្រសិទ្ធភាព​តាំងពី​ភាពស្មោះត្រង់​នៃ​ក្រុមហ៊ុន​ទូរស័ព្ទដៃ​ឯកជន​ទៅលើ​អតិថិជន​ទាំងអស់​នេះ​ដែល​រដ្ឋ​ត្រូវធ្វើ​និយតកម្ម​ត្រូវ​ធ្វើ​អន្តរាគមន៍​ដើម្បី​ធានា​ការគោរព​សិទ្ធិ​ដល់​អតិថិជន​។ យើង​ឃើញថា សកម្មភាព​របស់​ក្រសួង​នេះ​នៅមាន​តិចតួច​ណាស់ គ្មានអ្វី​ដែល​គួរ​ឲ្យ​ទទួល​យក​បាន​ពី​សំណាក់​ប្រជាពលរដ្ឋ​ទេ​»​។

លោក​ថា ក្រសួង​ដែល​គួរតែ​ពង្រឹងគុណភាព​សេវាកម្ម​សម្រាប់​ប្រជាពលរដ្ឋ​គឺ​ក្រសួង​ដែល​ពាក់ព័ន្ធ​នឹង​ជីវភាព​ប្រជាពលរដ្ឋ​ជាក់ស្ដែង​ប្រចាំថ្ងៃ ដូចជា​ក្រសួងកសិកម្ម និង​ក្រសួង​ធនធានទឹក​ដែល​ធ្វើការ​ហាក់ដូចជា​ត្រួតស៊ីគ្នា ប៉ុន្តែ​ប្រជាពលរដ្ឋ​ធ្វើស្រែ​តែ​ ១ ​រដូវ ស្ទើរតែ​រក​ទឹក​ធ្វើស្រែ​មិនបាន​។ ​

បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​ក៏​គួរតែ​ត្រូវបាន​ពង្រឹង​ផងដែរ ដែល​ក្នុង​ក្រសួង​នេះ​មាន​បញ្ហា​សាមញ្ញ​មួយចំនួន​ដូចជា​ពាក់ព័ន្ធ​នឹង​អត្រា​នុកូលដ្ឋាន សៀវភៅ​គ្រួសារ​ថ្មី​ត្រូវ​ធ្វើ​សៀវភៅ​ស្នាក់នៅ​ថ្មី​។ រដ្ឋាភិបាល​បាន​ប្ដូរ​ខណ្ឌ សង្កាត់​អីចុះ​ឡើង កាត់​ពីនេះ​ទៅនោះ ដូច្នេះ​ប្រជាពលរដ្ឋ​គាត់​អស់​លុយ​ហើយ ហើយ​ការផ្ទេរសិទ្ធិ​ដីធ្លី ប្រជាពលរដ្ឋ​ត្អូញត្អែរ​រហូត​ក្នុង​មួយឆ្នាំ​អី មិនទាន់​កាត់ឈ្មោះ​បាន​ផង ហើយ​អស់​លុយ​ទៀត​។ លោក អ៊ូ ច័ន្ទរ័ត្ន អតីត​សមាជិកសភា​នៃ​អតីត​បក្សប្រឆាំង​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បានទេ​៕