ភ្នំពេញៈ រដ្ឋសភា​នឹង​បើក​សម័យ​ប្រជុំ​ពេញអង្គ​នៅ​សប្ដាហ៍​ក្រោយ​ដើម្បី​អនុម័ត​ជ្រើសរើស​បេក្ខជន​ចេញ​ពី​សមាជិក​រដ្ឋសភា​ ២ ​រូប​មកពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដើម្បី​តែងតាំង​ជា​សមាជិក​ព្រឹទ្ធសភា​ក្រោយពី​ការបោះឆ្នោត​កាលពី​ដើម​ខែ​កុម្ភៈ​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្រៃ្តយ៍​នៃ​រដ្ឋសភា​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ឲ្យ​ដឹង​ថា​៖ «​អង្គប្រជុំ​បាន​អនុម័ត​ទទួល​យក​បេក្ខជន​ចំនួន​ ២ ​រូប​ដែល​មាន​លក្ខណសម្បត្តិ​គ្រប់​លក្ខខណ្ឌ​ក្នុង​ចំណោម​បេក្ខជន​ ១២ ​រូប​ដែល​បាន​ដាក់​ពាក្យ​ឈរ​ឈ្មោះ​ជា​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​ ៤ ​ដើម្បី​ដាក់​ជូន​សម័យ​ប្រជុំ​រដ្ឋសភា​នាពេល​ខាង​មុខ បោះឆ្នោត​ជ្រើសតាំង​»​។

លទ្ធផល​នៃ​ការបោះឆ្នោត​ព្រឹទ្ធសភា​កាលពី​ខែ​កុម្ភៈ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​បាន​អាសនៈ​ទាំងអស់​ចំនួន​ ៥៨ ​នៃ​កៅអី​សរុប​ចំនួន​ ៦២ ​កើត​ចេញ​បាន​ការ​បោះឆ្នោត​ក្នុង​នោះ​ ២ ​រូប​តែងតាំង​ដោយ​ព្រះមហាក្សត្រ និង​ ២ ​រូប​តែងតាំង​ដោយ​រដ្ឋសភា​។ ព្រះមហាក្សត្រ​បាន​តែងតាំង​សមាជិក​ ២ ​រូប​រួច​ហើយ​មាន​ឈ្មោះ សម្តេច​រាជបុត្រី​ព្រះអនុជ នរោត្តម អរុណរស្មី និង​លោកស្រី អ៊ុំ សូម៉ានីន​។

លោក ញ៉េប ប៊ុនជិន អ្នក​នាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ថ្លែង​ដោយ​ក្ដី​សង្ឃឹម​ថា​បេក្ខជន​ ២ ​នាក់​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​មាន​គ្រប់​លក្ខណៈ និង​អាច​ជាប់​ដោយ​មិន​អាច​ប្រកែក​បាន​។

លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នក​នាំពាក្យ​រដ្ឋសភា​ជាតិ​បាន​ឲ្យ​ដឹងថា បេក្ខជន​ ២ ​នាក់​នោះ​មិន​ទាន់​អាច​បង្ហាញ​អត្តសញ្ញាណ​បាន​ទេ​​រង់ចាំ​ប្រជុំ​សម្រេច​នៅ​ថ្ងៃ​ទី​ ៩ ខែ​មេសា ខាង​មុខ​នេះ​»៕