ភ្នំពេញៈ រដ្ឋ​សភានៃ​ព្រះរាជាណាចក្រ​កម្ពុជា ​អាណត្តិ​ទី៦ ​បានបើក​សម័យ​ប្រជុំ​លើក​ទី២ ​របស់​ខ្លួន​កាលពី​ម្សិលមិញ ​ដោយមាន​ការពិភាក្សា​ និង​អនុម័ត​លើ​របៀប​វារៈ​ចំនួន ៤ ​ដឹកនាំ​ដោយ​ប្រធាន​រដ្ឋសភា ​លោក​ ហេង សំរិន​ រួមទាំង​ការចូលរួម​ពី​សមាជិក​រដ្ឋសភា ​និង​មន្ត្រី​ទូត​ប្រចាំ​នៅ​កម្ពុជា​មួយ​ចំនួន ​និងដោយ​មានការ​កោត​សរសើរ​ដ៏ខ្ពង់ខ្ពស់​ពី​ព្រះមហា​ក្សត្រថា​រដ្ឋ​សភា​បានបំពេញ​ការងារ​កន្លង​មក​សម្រាប់​ប្រជារាស្ត្រ​បាន​ល្អ។

លោក​ ឡេង ប៉េងឡុង ​អគ្គលេខា​​ធិការ​រដ្ឋ​សភា ​និងជា​អ្នកនាំពាក្យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ ម្សិលមិញ​ថា ​របៀបវារៈ​ចំនួន ៤ ​ដែល​រដ្ឋសភា​លើក​មក​ពិភាក្សា​និង​អនុម័ត​កាលពី​ព្រឹក​ម្សិល​មិញ ​គឺទី១ ​ផ្ដោតលើព្រះរាជ​សារ​​ផ្ញើជូន​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី២​ របស់​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ ​នរោត្តម ​សីហមុនី ​ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។ ​ទី២ ​ការអាន​របាយការណ៍​ស្ដីពី​សកម្មភាព​របស់​រដ្ឋ​សភា​ចន្លោះ​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី១ ​និង​លើក​ទី២ ​នីតិកាល​ទី៦។

ទី៣​ ការសម្រេច​បោះឆ្នោត​ជ្រើសតាំង​លោក​ស្រីលី វួច​ឡេង ​ជា​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​សម្រាប់​អាណត្តិ ឆ្នាំ ២០១៩-២០២៨​ និង​ទី៤​ ការបោះ​ឆ្នោត​ជ្រើសតាំង​លោក​ ប្រាជ្ញ ច័ន្ទ​ ជាសមាជិក​គណៈកម្មកា​រ​សិទ្ធិ​មនុស្ស​ទទួលពាក្យ​បណ្ដឹង​ អង្កេត ​និង​ទំនាក់ទំនង​រដ្ឋសភា ​ព្រឹទ្ធសភា​ និង​លោក​ ច័ន្ទ សុផល​ ជា​សមា​ជិក​​គណៈ​កម្មការ​មហា​ផ្ទៃ ​ការពារជាតិ ​និង​មុខងារ​សាធារណៈ។

លោក ​ប៉េងឡុង ថ្លែង​ថា​៖ « (នៅ​​ក្នុង​ព្រះរាជ​សារ ​ព្រះ​មហា​ក្សត្រ) ​លោក​គ្រាន់តែ​សរសើរ​រដ្ឋសភា ​រដ្ឋាភិបាល​ហ្នឹង ​ដែល​រដ្ឋសភា​បាន​ចុះ​សួរ​សុខទុក្ខ​បងប្អូន​ប្រជាជន​ហ្នឹង»។

បើតាម​ព្រះរាជសារ​របស់​ព្រះ​មហាក្សត្រ​ផ្ញើ​ទៅកាន់​រដ្ឋសភា ​ការខិតខំ​ប្រឹងប្រែង​របស់​សមាជិក​​សមាជិកា​នៃ​រដ្ឋសភា​គ្រប់រូប​ គឺជា​សកម្ម​ភាព​បម្រើ​ប្រជា​ពល​រដ្ឋ ​ដែល​ក្នុងនោះ​រួមមាន​ការចុះទៅ​យ៉ាងសកម្ម​នៅតាម​មូលដ្ឋាន​ដើ​មី្ប​សួរ​សុខ​ទុក្ខ​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ប្រជា​រាស្ដ្រ​ជា​ម្ចាស់​ឆ្នោត​ ព្រមទាំង​ទទួលយក​នូវ​រាល់​បញ្ហា​កង្វល់​ និង​បញ្ហា​ប្រឈម​នានា ​ដើម្បី​ផ្ដល់​ទៅឱ្យ​រាជ​រដ្ឋាភិបាល​រិះរក​វិធានការ​ដោះស្រាយ​​ជា​បន្ទាន់​នូវ​បញ្ហា​ទាំង​ឡាយ​នោះ។

បន្ថែម​ពីនេះ​ព្រះអង្គ​ក៏បាន​សរសើរ​ទៅដល់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​ដែល​ព្រះអង្គ​ចាត់ទុកថា​ជា​អ្នក​មានគុណ​បំណាច់​ដ៏​ថ្លៃថ្លា​ក្នុងការ​បម្រើ​ជាតិ «វីរភាព​ដ៏​ឧត្តុង្គឧត្តម​ និង​ជាម​គ្គុ​ទ្ទេសក៍​ដ៏​ឆ្នើម​ដឹកនាំ​ប្រទេស​ប្រកប​ដោយ​គតិ​បណ្ឌិត​ និង​សក្តានុព​ល​របស់​សម្ដេច​នាយក​បានធ្វើឱ្យ​ព្រះរាជា​ណាចក្រ​​កម្ពុជា​មាន​សុខសន្ដិភាព​ ស្ថិរភាព​សង្គម ​និង​ការអភិវឌ្ឍ​ជាតិ​រីកចម្រើន​លើ​គ្រប់​វិស័យ​ជា​លំដាប់​រហូត​ទល់​ពេល​នេះ»។

ព្រះ​មហាក្សត្រ​បាន​បន្តថា ​រយៈពេល​កន្លងមក ​រដ្ឋសភា​មាន​ការយកចិត្ត​ទុកដាក់​សហកា​រ​ជាមួយ​រាជ​រដ្ឋាភិបាល​ ធានា​ការពារ​នូវ​សន្ដិភាព ​ស្ថិរភាព​ សន្ដិសុខ​ និង​សុវត្ថិភាព ​សម្រាប់​ការរស់នៅ​ដោយ​សុខ​ក្សេមក្សាន្ត​របស់​ប្រជាពលរដ្ឋ​គ្រប់​ទិសទី​ក្នុង​ផ្ទៃ​ប្រទេស​ និង​ប្រឹងប្រែង​បន្ត​អភិវឌ្ឍន៍ ​សេដ្ឋកិច្ច ​និង​សង្គម​គ្រប់​វិស័យ​ដោយ​ផ្ដោត​ជា​អាទិភាពទៅលើ​ការកែទម្រង់​អភិបាលកិច្ច​ល្អ ​ការកសាង​សមត្ថភាព​ អភិវឌ្ឍន៍​ធនធាន​មនុស្ស ​និង​ការវិនិយោគ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ ​ដើម្បី​ជំរុញ​លើក​កម្ពស់ ​និង​កែលម្អ​ជីវភាព​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង និង​ពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម ​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប ​ពិសេស​អ្នកក្រីក្រ​ និង​ជន​ងាយ​រង​គ្រោះ។

នៅ​ចុងបញ្ចប់​នៃ​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​បានគូស​បញ្ជាក់​ថា ​«ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​​ថា ​រដ្ឋសភា​ដ៏​ឧត្តុង្គឧត្តម ​ជា​តំណាង​របស់​ប្រជា​ពលរដ្ឋ​ទូ​ទាំង​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​នឹង​បន្ត​ខិត ខំ ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ​ទៀត ​សំដៅ​ធានាបាន​នូវ​សង្គមជាតិ​កម្ពុជា ប្រកប​ដោយ​ភាពសុខដុម​រមនា មាន​សន្ដិភាព ​ស្ថិរភាព​នយោបាយ ​និង​ការ​​អភិវឌ្ឍ​ទៅតាម​ទិសដៅ​រួម​ជា​ជំហាន»៕