ភ្នំពេញៈ រដ្ឋសភាកាលពីម្សិលមិញបានចេញលិខិតមួយដោយស្នើឱ្យលោក កឹម សុខា បំភ្លឺពាក់ព័ន្ធនឹងខ្សែអាត់សំឡេងពីរឿងអាស្រូវស្នេហាដ៏ចម្រូងចម្រាសជារឿងដែលត្រូវបានអង្គការសង្គមស៊ីវិល និងមជ្ឈដ្ឋានជាច្រើនចាត់ទុកថាជាការបង្វែរទិសមិនឲ្យមានការជជែកពីបញ្ហាជាតិដែលជាយុទ្ធសាស្ត្រដដែលៗដើម្បីដាក់សម្ពាធទៅលើបក្សប្រឆាំង។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកាលពីម្សិលមិញបានចេញលិខិតមួយដោយស្នើឱ្យលោក កឹម សុខា តំណាងរាស្ត្រមណ្ឌលកំពង់ចាមបំភ្លឺរឿងសំឡេងខ្សែអាត់តាមបណ្តឹងរបស់យុវជនមួយក្រុមដែលអះអាងថាជានិស្សិត។
ក្នុងលិខិតបញ្ជាក់ថា៖ «រដ្ឋសភាបានទទួលញត្តិស្នើសុំដោយលោក ស្រី ចំរើន តំណាងយុវជន និងនិស្សិតចុះថ្ងៃទី ១៤ មីនាដែលមានខ្លឹមសារស្នើសុំឯកឧត្តមឆ្លើយបំភ្លឺចំពោះខ្សែអាត់សំឡេងស្នេហាអសីលធម៌ដែលសង្ស័យជាសំឡេងរបស់ឯកឧត្តម (កឹម សុខា)»។ «អាស្រ័យហេតុនេះសូមឯកឧត្តមមេត្តាពិនិត្យពិចារណា និងផ្តល់នូវការបំភ្លឺតាមសំណើឱ្យបានឆាប់តាមការគួរ»។
លោក ឡេង ប៉េងឡុង បានបញ្ជាក់បន្ថែមថា៖ «សូមឱ្យលោកធ្វើការបំភ្លឺមួយមកលោកចង់បំភ្លឺម៉េចក៏បានដែរបាទ តែកាន់តែឆាប់កាន់តែល្អ»។ តែលោកថាប្រសិនបើលោក កឹម សុខា មិនបំភ្លឺករណីនេះទេរដ្ឋសភាក៏នឹងមិនមានវិធានការអ្វីដែរគ្រាន់តែជូនដំណឹងទៅក្រុមនិស្សិតវិញថាលោក កឹម សុខា បដិសេធធ្វើការបំភ្លឺតាមការស្នើ។ កាលពីថ្ងៃទី ១៤ មីនា យុវជនមួយក្រុមនេះបានដាក់ញត្តិទៅរដ្ឋសភាដើម្បីឲ្យស្ថាប័នជាតិកំពូលមួយនេះកោះហៅលោក កឹម សុខា ចេញមុខបកស្រាយរឿងខ្សែអាត់សំឡេងពីរឿងអាស្រូវស្នេហា។
ជាមួយគ្នានេះកាលពីល្ងាចថ្ងៃទី ១៨ ខែ មីនា លោក ចំរើន បានដឹកនាំនិស្សិតប្រមាណ ៣០ នាក់ដាក់ពាក្យប្តឹងលោក កឹម សុខា ទៅអង្គភាពប្រឆាំងអំពើពុករលួយដើម្បីស៊ើបលើករណីនេះផងដែរ។
ទាក់ទងនឹងបណ្តឹងនេះប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាលោកបានទទួលពាក្យបណ្តឹងរបស់យុវជនកាលពីថ្ងៃសុក្រសប្តាហ៍មុន។
លោកបន្តថា៖ «ជាធម្មតាពាក្យប្តឹងយើងទទួលថ្ងៃនេះហើយថ្ងៃស្អែកយើងនឹងដោះស្រាយប៉ុន្តែយើងមានការយឺតយ៉ាវមួយថ្ងៃដោយសារខ្ញុំទើបត្រឡប់ពីក្រៅប្រទេសវិញតែយើងបានជូនដំណឹងម្ចាស់ប្តឹងសូមឱ្យមកការពារពាក្យប្តឹងរបស់ខ្លួន»។
យ៉ាងណាក្តីលោកថានឹងរង់ចាំការបកស្រាយរបស់យុវជននោះថាពិតជាត្រឹមត្រូវឬអត់ទើបអាចមានវិធានការតាមក្រោយ។
លោក ស្រី ចំរើន បានថ្លែងកាលពីម្សិលមិញថាលោកនឹងដឹកនាំក្រុមនិស្សិតប្រមាណ ១០០ នាក់ចូលរួមកិច្ចប្រជុំតាមការអញ្ជើញពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយនៅវេលាម៉ោង ៩ ព្រឹកថ្ងៃនេះដើម្បីបំភ្លឺ និងការពារពាក្យបណ្តឹងដែលប្តឹងលោក កឹម សុខា ពីបទពុករលួយដោយលោកចោទថាបានទិញផ្ទះដីជាច្រើនឲ្យស្រីស្នេហ៍។
លោកថា៖ «មូលហេតុប្តឹងពីបទពុករលួយព្រោះថាគាត់ (កឹម សុខា) ជាតំណាងរាស្ត្រអត់មានអភ័យឯកសិទ្ធិក្នុងការបើកជំនួញ ឬធ្វើអាជីវកម្មអ្វីទេព្រោះគាត់ជាសមាជិកសភាដូច្នេះយើងមានចម្ងល់ថាតើគាត់បានលុយមកពីណាទិញផ្ទះ ដីរាប់ម៉ឺនដុល្លារ និងផ្តល់លុយរាប់ពាន់ដុល្លារឱ្យស្រីស្នេហ៍បើកមុខរបររកស៊ី»។ ប៉ុន្តែនៅពេលភ្នំពេញប៉ុស្តិ៍ សួរចុះបើ លោក កឹម សុខា គាត់មានលុយមុនពេលក្លាយជាតំណាងរាស្ត្រតើលោកយល់យ៉ាងណា?
លោក ចំរើន ឆ្លើយថាបើនេះជាការពិតគឺជាចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ។
ភ្នំពេញប៉ុស្តិ៍មិនអាចសុំការអធិប្បាយដោយផ្ទាល់ពីប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា បាននៅឡើយទេខណៈអ្នកនាំពាក្យលោក យឹម សុវណ្ណ បញ្ជាក់ថា៖ «ខ្ញុំមិនដឹងមិនចាប់អារម្មណ៍»។
ប៉ុន្តែអ្នកវិភាគឯករាជ្យលោក អ៊ូ វីរៈ មើលឃើញថាចំណាត់ការរបស់រដ្ឋសភា និងអង្គភាពប្រឆាំងអំពើពុករលួយនេះធ្វើឡើងបន្ទាប់ពីមានការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយលោកចាត់ទុកថាជារឿងនយោបាយទាំងស្រុង។
លោក វីរៈ បន្តថា «ខ្ញុំគិតថាជារឿងមួយដើម្បីបង្វែរទិសមិនឱ្យជជែកពីរឿងបញ្ហាជាតិបើសិនជាយើងមើលមែនទែនមនុស្សទាំងពី ១៥ ទៅ ២០ ម៉ឺននាក់អ្នកខ្លះមានរថយន្តតម្លៃមួយលានដុល្លារផ្ទះវីឡារាប់មិនអស់ ទ្រព្យសម្បត្តិរាប់មិនអស់ហេតុអ្វីមិនបើកការស៊ើបអង្កេត»។
លោក វីរៈ បានសម្តែងការសោកស្តាយដោយហៅរឿងនេះថាជារបៀបធ្វើនយោបាយចាស់គំរឹលដដែលៗ។
លោកថា មួយវិញទៀត «ខ្ញុំមើលទៅជាយុទ្ធសាស្ត្រដាក់សម្ពាធលោក កឹម សុខា ក្នុងការធ្វើនយោបាយដើម្បីគាបសង្កត់គណបក្សប្រឆាំងទាំងមូលប៉ុន្តែខ្ញុំមើលទៅមិនមែនជារបៀបធ្វើនយោបាយល្អទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១៧ មីនា បានព្រមានចាត់វិធានការផ្លូវច្បាប់ពីរឿងអាស្រូវស្នេហាដែលគេសង្ស័យថាពាក់ព័ន្ធនឹងលោក កឹម សុខា ខណៈលោក កឹម សុខា បានប្រកាន់យកគោលជំហរមិនឆ្លើយ មិនឆ្លង និងមិនឈ្លោះ៕