ភ្នំពេញៈ ច្បាប់ភតិសន្យាពិសេស ឬហៅថាច្បាប់គ្រប់គ្រងផ្ទះជួលដែលរដ្ឋសភាបានអនុម័តកាលពីម្សិលមិញនឹងមិនអនុញ្ញាតឲ្យម្ចាស់ផ្ទះជួលដំឡើងថ្លៃឈ្នួលផ្ទះសម្រាប់កម្មករ និស្សិត និងសិស្សដែលជួលផ្ទះក្នុងអំឡុងពេល ២ ឆ្នាំនៃការជួលផ្ទះតែផ្តល់សិទ្ធិឲ្យអ្នកជួលផ្ទះអាចឈប់ជួលពេលណាក៏បាន។
ច្បាប់ភតិសន្យាពិសេសត្រូវបានអនុម័តដោយសំឡេងគាំទ្រ ១០២/១០៤ សំឡេង។ ច្បាប់នេះមាន ៤ ជំពូក និង ១១ មាត្រា។
តាមរយៈសេចក្តីថ្លែងហេតុច្បាប់នេះធ្វើឡើងក្នុងគោលបំណងគ្រប់គ្រងបន្ទប់ជួល និងទំនាក់ទំនងរវាងកម្មករ សិស្ស និងនិស្សិត ជាមួយនឹងម្ចាស់ផ្ទះដែលមានបន្ទប់ជួលស្នាក់នៅឲ្យមានលក្ខណៈរៀបរយព្រមទាំងជួយដោះស្រាយសំណូមពររបស់កម្មករ សិស្ស និងនិស្សិត ទាក់ទងនឹងតម្លៃបន្ទប់ជួលសមស្របនឹងកម្រៃប្រាក់កម្រៃគោលប្រចាំខែទាប។
មាត្រា ៦ មាត្រា ៨ និង ៩ នៃច្បាប់នេះបានចែងថាភតិសន្យាពិសេសមានអំឡុងពេលមិនតិចជាង ២ ឆ្នាំ ហើយភតិសន្យាពិសេសដែលមិនកំណត់អំឡុងពេល ឬកំណត់អំឡុងពេលតិចជាង ២ ឆ្នាំ ត្រូវចាត់ទុកថាមានរយៈពេល ២ ឆ្នាំ។
ក្នុងអំឡុងពេលដែលភតិសន្យាពិសេសមានអានុភាពអនុវត្តម្ចាស់ផ្ទះជួល មិនអាចដំឡើងថ្លៃឈ្នួលបានឡើយ។ អ្នកជួលផ្ទះមានសិទ្ធិរំលាយភតិសន្យាពិសេស នៅពេលណាក៏បាន។ ដោយឡែក មាត្រា ៧ ចែងថាម្ចាស់ផ្ទះជួលមានសិទ្ធិរំលាយភតិសន្យាពិសេស បានតែករណីដូចជាអ្នកជួលផ្ទះមិនបង់ថ្លៃឈ្នួល ២ ដងជាបន្តបន្ទាប់ ដោយគ្មានមូលហេតុសមស្របអ្នកជួលផ្ទះប្រើប្រាស់ និងអាស្រ័យផលលើវត្ថុជួលខុសពីគោលបំណងនៃការជួល ឬមានចេតនាធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ច្រើនលើក និងបង្កឥទ្ធិពលធ្ងន់ធ្ងរដល់ជីវភាពរស់នៅប្រក្រតីរបស់អ្នករស់នៅជុំវិញ។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាសមាជិកក្រុមការងារតាក់តែងច្បាប់ស្តីភតិសន្យាពិសេស លោក ប៉ាល់ សំអឿន បានឲ្យដឹងថាក្រោយការអនុម័តច្បាប់នេះក្រសួងស្ថាប័នពាក់ព័ន្ធនឹងត្រូវបានរៀបចំឲ្យទទួលខុសត្រូវតាមផ្នែកនីមួយៗនៃកម្រិតការងារទាក់ទងនឹងការវាយតម្លៃ និងការវាស់ស្ទង់ភាពក្រីក្រដើម្បីអនុវត្តច្បាប់នេះឲ្យមានប្រសិទ្ធភាព។
លោកថា៖ «ថ្វីបើច្បាប់នេះអនុម័តរួចមែនតែយើងមិនទាន់អនុវត្តនោះទេខាងរដ្ឋាភិបាលនឹងធ្វើការកំណត់បែងចែកតួនាទីរបស់ស្ថាប័ន ក្រសួងលើការងារផ្សេង ដើម្បីកំណត់ពីកម្រិតនៃភាពក្រីក្ររបស់កម្មករ សិស្ស និងនិស្សិត។ យើងអនុវត្តច្បាប់នេះក្នុងក្របខ័ណ្ឌផ្ទៃប្រទេសតែក៏ទាមទារឲ្យមានការកំណត់ឲ្យច្បាស់លាស់ទើបច្បាប់នេះមានប្រសិទ្ធភាព»។
អ្នកស្រី មុំ ម្ចាស់ផ្ទះជួលជាប្រភេទផ្ទះល្វែងនៅម្តុំទួលស្លែងបានបង្ហាញការគាំទ្រចំពោះច្បាប់នេះដើម្បីបង្ការនូវទំនាស់កើតឡើងរបស់ភាគីទាំងពីរ ប៉ុន្តែអ្នកស្រីយល់ថាការកំណត់រយៈពេល ២ ឆ្នាំ គឺច្បាស់ណាស់នឹងបង្កផលវិបាកខ្លះដល់ម្ចាស់ផ្ទះជួល។
អ្នកស្រីថា៖ «កន្លងមកខ្ញុំឃើញការតវ៉ាទាមទាររបស់កម្មកររោងចក្រ តម្លៃប្រាក់ឈ្នួលសមរម្យសព្វថ្ងៃគ្នាមានប្រាក់ខែតិចបើគ្នាបានឡើងតិចតួច ម្ចាស់ផ្ទះមិនគួរដំឡើងថ្លៃផ្ទះតាមនោះទេ។ ខ្ញុំដឹងថារយៈពេល ២ ឆ្នាំ គឺនឹងធ្វើឲ្យម្ចាស់ផ្ទះពិបាក អ៊ីចឹងហើយមានតែអំពាវនាវដល់រដ្ឋាភិបាលពិចារណាគ្រប់គ្រងតម្លៃទីផ្សារកុំឲ្យអ្វីៗឡើងថ្លៃហើយលើកហេតុផលរឿងទីផ្សារសេរីនោះ»។
កញ្ញា គិត ម៉េង កម្មការិនីកាត់ដេររោងចក្រ គីន តាយ ស្នាក់នៅបន្ទប់ជួលមួយកន្លែងក្នុងសង្កាត់ចាក់អង្រែក្រោមនៅតែបង្ហាញក្តីបារម្ភចំពោះប្រសិទ្ធភាពនៃច្បាប់នេះដោយថាបច្ចុប្បន្នតម្លៃផ្ទះជួលរបស់កម្មករចន្លោះពី ២០ ទៅ ៣០ ដុល្លារ គឺមិនមានកិច្ចសន្យានោះទេហើយថ្លៃជួលនៅតែបន្តកើនឡើងទោះតិចតួចក្តី។
កញ្ញាថា៖ «ជារឿងល្អដែលមានច្បាប់តែច្បាប់នេះអនុវត្តបានកម្រិតណាតាមពិសោធន៍របស់ខ្ញុំ នៅពេលសួរនាំម្ចាស់ផ្ទះជួលតែងតែមិនអើពើហើយបើយើងរឹងរួសគឺគេឈប់ជួលផ្ទះហើយ»។
កញ្ញា សុង ដាណែត អាយុ ១៨ ឆ្នាំ ជាសិស្សថ្នាក់ទី ១២ នៃវិទ្យាល័យឥន្ទ្រទេវី បច្ចុប្បន្នស្នាក់នៅផ្ទះជួលម្តុំសំណង់ ១២ ខណ្ឌទួលគោកក្នុងតម្លៃ ៧០ ដុល្លារក្នុង ១ ខែ ដោយមិនគិតថ្លៃទឹក និងភ្លើងនោះទេ។
ដាណែតថា៖ «ខ្ញុំសប្បាយចិត្ត និងគាំទ្រច្បាប់គ្រប់គ្រងផ្ទះជួលនេះព្រោះថាការកំណត់បែបហ្នឹងធ្វើឲ្យម្ចាស់ផ្ទះ មិនហ៊ានដំឡើងថ្លៃឈ្នួលផ្តេសផ្តាស ហើយបែបនេះធ្វើឲ្យខ្ញុំមានអាម្មណ៍សុវត្ថិភាព និងងាយស្រួលក្នុងការរស់នៅដោយមិនចាំបាច់បារម្ភពីការផ្លាស់ប្តូរលំនៅឋានញឹកញាប់»។
បញ្ហានេះក៏ត្រូវបានលោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលើកឡើងដូចគ្នានៅក្នុងកិច្ចប្រជុំអនុម័តច្បាប់នេះកាលពីម្សិលមិញដោយលោកថាមន្ត្រីនៅតាមមូលដ្ឋានតែងតែមានសកម្មភាពចុះមូលដ្ឋានដើម្បីប្រមូលយកលុយពីម្ចាស់ផ្ទះជួល។
ប៉ុន្តែឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអះអាងថាទាក់ទិននឹងបញ្ហានេះគឺក្រសួងមហាផ្ទៃបានសហការជាមួយនឹងក្រសួងសេដ្ឋកិច្ចបានរួមគ្នាធ្វើសៀវភៅសេវាដើម្បីកំណត់តម្លៃយ៉ាងច្បាស់លាស់។
លោកបន្តថា៖ «ខ្ញុំទទួលស្គាល់ថាអាចនឹងមានបុគ្គលមន្ត្រីរបស់យើងនៅមូលដ្ឋានមានភាពឆ្គាំឆ្គង ប៉ុន្តែខ្ញុំមិនឯកភាពថាវាយតម្លៃជាទូទៅទាំងអស់សុទ្ធតែអសកម្មទេយើងត្រូវមើលបញ្ហាឲ្យពិត បើមិនដូច្នោះទេយើងដោះស្រាយក៏វាមិនបានល្អដែរ»៕