ភ្នំពេញ: រដ្ឋសភា​កាលពី​ម្សិលមិញ​បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២១ និង​សេចក្តី​ព្រាង​ច្បាប់​ ៦ ​ផ្សេង​ទៀត ប៉ុន្តែ​មិនទាន់​មាន​គម្រោង​បញ្ជូន​ទៅ​ព្រឹទ្ធសភា ដើម្បី​ពិនិត្យ និង​អនុម័ត​បន្ត​ទេ ខណៈ​សង្គម​ស៊ីវិល​ថា ការអនុម័ត​ច្បាប់​ទាំងនេះ​មាន​លក្ខណៈ​លឿន​ពេក​ដែល​ធ្វើឱ្យ​គ្មាន​អត្ថន័យ​គ្រប់គ្រាន់​។

ការអនុម័ត​ច្បាប់​ទាំងនេះ​ធ្វើ​ឡើង​ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦ ដឹកនាំ​ដោយ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង​មាន​ការចូលរួម​ពី​សមាជិក​ចំនួន​ ១១៤ ​រូប​។

លោក ហេង សំរិន បាន​ឱ្យដឹង​តាម​​ហ្វេសប៊ុក​ផ្លូវការ​លោក​ថា សេចក្តី​ព្រាង​​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២១ ​ដែល​មាន​ ៦ ​ជំពូក ១៥ ​មាត្រា​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​បរិការណ៍​ជំងឺ​កូវីដ​១៩ ដ៏កាចសាហាវ​បាននិង​កំពុង​​យាយី​សកលលោក រួមទាំង​កម្ពុជា​ផង​។

លោក​បន្តថា ថវិកា​ឆ្នាំ​ ២០២១ ​គឺជា​ថវិកា​សម្រាប់​ប្រយុទ្ធ​ការពារ​អាយុជីវិត​ប្រជាជន រក្សា​លំនឹង​សង្គម សេដ្ឋកិច្ច និង​ជីវភាព​របស់​ប្រជាជន ព្រម​ជាមួយ​នឹង​ការតម្រង់​ធនធាន​ឆ្ពោះ​ទៅ​ស្តារ និង​​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយពេល​វិបត្តិ​ជំងឺ​កូវីដ​១៩ តាម​គន្លង​ប្រក្រតី​ថ្មី​ដើម្បី​ធានា​សុខសន្តិភាព ស្ថិរភាព​សង្គម និង​ចីរភាព​នៃ​កំណើន​សេដ្ឋកិច្ច ។

លោក ហេង សំរិន បាន​បញ្ជាក់ថា​៖ «​រដ្ឋសភា បាន​គាំទ្រ​សេចក្តី​ព្រាងច្បាប់​ដ៏សំខាន់​នេះ និង​សេចក្តី​ព្រាង​ច្បាប់​ដទៃទៀត​ដែល​មាន​សារៈសំខាន់​នៅក្នុង​វិស័យ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​»​។

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា​កាលពី​ម្សិលមិញ​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​កិច្ចប្រជុំ​អនុម័ត​ច្បាប់​នេះ​ទេ ដោយ​ទូរស័ព្ទ​លោក​គ្មាន​អ្នក​ទទួល​។

លោក សន ជ័យ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ (ANSA) ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ការអនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ឆ្នាំនេះ និង​សេចក្តី​ព្រាង​ច្បាប់​ផ្សេង​ចំនួន​ ៦ ​នេះ​គឺ​ហាក់ដូចជា​ប្រញាប់​ពេក ដោយ​មិនបាន​ពិភាក្សា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។ ​ការអនុម័ត​ច្បាប់​លឿន​បែបនេះ គេ​នឹង​ចាត់ទុក​ថា​ច្បាប់​គ្មាន​គុណភាព​គ្រប់គ្រាន់ និង​មិន​ឆ្លុះបញ្ចាំង​តថភាព​ទាំងមូល​ក្នុង​សង្គមជាតិ​។

លោក សន ជ័យ បាន​បញ្ជាក់ថា​៖ «​ច្បាប់​នេះ​គួរតែ​មាន​ការពិគ្រោះ​យោបល់​ឱ្យ​បាន​ច្រើនជាង​នេះហើយ​ជាពិសេស input សម្រាប់​កែលម្អ​ខ្លឹមសារ​ច្បាប់​នេះ ជាពិសេស​ការបែងចែក​ថវិកា​រវាង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ព្រោះ​យើង​ចង់ឱ្យ​ថវិកាជាតិ​ហ្នឹង​ទៅ​ឱ្យ​ដល់​ថ្នាក់ក្រោម​ជាតិ​ឱ្យ​បាន​ច្រើនជាង​នេះ ដោយសារ​ទីនោះ ជា​ទីកន្លែង​ដែលមាន​តម្រូវការ​ច្រើន​ដូចជា ត្រូវ​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​នានា និង​បញ្ហា​ទប់ស្កាត់​ជំងឺ​កូវីដ​១៩ ឬ​គ្រោះធម្មជាតិ​ជាដើម​»​។

លោក ហ៊ុន ម៉ានី ប្រធាន​គណៈកម្មការ​អប់រំ យុវជន និង​កីឡា កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា​បាន​ឱ្យ​ដឹង​តាមរយៈ​ហ្វេសប៊ុក​លោក​ពី​ម្សិលមិញ​ថា តំណាង​រាជ​រដ្ឋាភិបាល​បាន​បង្ហាញ​ពី​ស្មារតី​នៃ​ការតាក់តែង​សេចក្តី​ព្រាង​ច្បាប់​នេះ​ដោយ​ផ្តោត​ជា​ចម្បង​លើ​ការប្រយុទ្ធ​ការពារ​អាយុជីវិត​ប្រជាជន ការរក្សា​លំនឹង​សង្គម សេដ្ឋកិច្ច នៅក្រោយ​វិបត្តិ​​កូវីដ​ ១៩ ។

លោក​បន្តថា កន្លង​មក​រាជរដ្ឋាភិបាល​បាន​អនុវត្ត​ការងារ​ប្រកប​ដោយ​ភាពទទួល​ខុសត្រូវ និង​ជោគជ័យ​ពី​អាណត្តិ​ ១ ​ទៅ​អាណត្តិ​ ១ ​ដោយ​សម្រេច​បាន​សមិទ្ធផល​ជា​ប្រយោជន៍​ជូន​ពលរដ្ឋ និង​ភាពរីកចម្រើន​ក្នុងសង្គម​។ ប៉ុន្តែ​ដោយសារ​កត្តា​សត្យានុម័ត​នៃ​បរិបទ​អន្តរជាតិ​តម្រូវ​កត្តា​អត្តនោម័ត​ត្រូវតែ​សម្រប​ខ្លួន​ទៅតាម​ស្ថានភាព​ជាក់ស្តែង​ក្នុង​បរិបទ​ថ្មី​នេះ​។ ក្នុង​ន័យ​នេះ ការគិតគូរ និង​របៀបរបប​នៃ​ការអនុវត្ត​ការងារ​ក៏​ត្រូវតែ​មាន​ការសម្រប​តាម​កាលៈទេសៈ​ជាក់ស្តែង​ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​ការរៀបចំ​ថវិកាជាតិ និង​ចំណូល​ថវិកា​ជាតិ ដែល​មាន​កម្រិត​តាម​ស្ថានភាព​ដូចគ្នា​ដែរ​។

ដោយឡែក​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​​ ៦ ​ផ្សេង​ទៀត​ដែល​រដ្ឋសភា​ពិភាក្សា និង​អនុម័ត​ដែរនោះ​រួមមាន ទី​១-​សេចក្តី​ព្រាង​​ច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០១៩ ទី​២- ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​មូលបត្រ ទី​៣- សេចក្តី​ព្រាងច្បាប់​ស្តីពី​ការរៀបចំ​ និង​ការប្រព្រឹត្ត​ទៅ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ទី​៤- ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង អាស៊ាន​ស្តីពី​ការទទួល​ស្គាល់​ទៅវិញ​ទៅមក​លើ​ការផ្តល់​អាជ្ញាប័ណ្ណ​ក្រុម​អាកាសយានិក ទី​៥- ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សិទ្ធិ​សហការ​លើ​ជើងហោះហើរ​ក្នុង​ស្រុក​ក្នុង​រង្វង់​ទឹកដី​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ណាមួយ និង​សិទ្ធិ​ហោះហើរ​កូធ័រ​មីណល​រវាង​អាកាសយានដ្ឋាន​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ទី៦- ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​អនុវត្ត​កញ្ចប់​កិច្ចសន្យា​ទី​ ៩ និង​ទី​ ១០ ​នៃ​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន​ស្តីពី​សេវាកម្ម៕