ភ្នំពេញៈ តំណាងរាស្ត្រ​ចំនួន​ ១០៨ ​រូប​ដែល​មាន​វត្តមាន​ក្នុង​សាលប្រជុំ​ពេញអង្គ​នៃ​រដ្ឋសភា​កាលពី​ម្សិលមិញ​បាន​បោះឆ្នោត​ដោយ​លើក​ដៃ​អនុម័ត​មាត្រា​មួយ​ចំនួន​នៃ​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ ២ ​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ និង​គ្រប់គ្រង​រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក និង​ខណ្ឌ​ក្នុង​គោលបំណង​ដោះស្រាយ​​បញ្ហា​ថ្នាក់ក្រោម​ជាតិ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​លើក​កម្ពស់​ការ​ផ្ដល់​សេវា ការអភិវឌ្ឍ​ឲ្យ​សមស្រប​ទៅ​នឹង​កំណើន​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​សមាជិក​រដ្ឋសភា​បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា សមាជិក​រដ្ឋសភា​ចំនួន​ ១០៨ ​នាក់​បាន​លើកដៃ​អនុម័ត​នៃ​សេចក្ដី​ព្រាង​ច្បាប់​ទាំង​ ២ ​នេះ​ដោយសារ​តែ​កំណើន​ប្រជាពលរដ្ឋ​នៅ​រាជធានី ខេត្ត ក្រុង ស្រុក​ខណ្ឌ និង​ដើម្បី​ជួយ​ជំរុញ និង​​ពង្រីក​ការអនុវត្ត​គោលនយោបាយ ​វិមជ្ឈការ​ និង​វិសហមជ្ឈការ​ដែល​ជា​ផ្នែក​នៃ​ការធ្វើ​កំណែទម្រង់​ផ្នែក​រដ្ឋបាល​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។

លោក ស ខេង បាន​ថ្លែង​ឲ្យ​ដឹង​ថា​៖ «​យើង​មាន​បំណង​ដ៏ជាក់លាក់​ដើម្បី​នឹង​ផ្ទេរអំណាច​តាម​វិមជ្ឈការ ហើយ​ក្នុង​នោះ​ក៏​មាន​វិសហមជ្ឈការ​ដែរ​ក្នុង​ការផ្ទេរសិទ្ធិ​អំណាច និង​ផ្ទេរ​ធនធាន​មាន​ទាំង​ថវិកា និង​មនុស្ស​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បី​ឲ្យ​រដ្ឋបាល​ដែល​នៅ​កៀក​កិត​ជាមួយ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​អនុវត្ត​នូវ​កិច្ចការ​របស់​ខ្លួន ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​»​។

លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​អះអាង​ថា នៅក្នុង​សេចក្ដី​ព្រាង​ច្បាប់​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខាង​មុខ​នេះ​នឹង​មាន​ការបង្កើន​អាសនៈ​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហើយ​ការបង្កើន​អាសនៈ​នេះ​វា​ក៏​មិន​ប៉ះពាល់​ធ្វើឲ្យ​ខាតបង់​ថវិកា​ជាតិ​ទេ តែ​វា​នឹង​ជួយ​លើក​កម្ពស់​ប្រសិទ្ធភាព​ក្នុង​ការផ្តល់​សេវា​ការអភិវឌ្ឍ និង​ដោះស្រាយ​បញ្ហា​ថ្នាក់មូលដ្ឋាន​។

លោក ស ខេង ថ្លែង​ថា​៖ «​ការចំណាយ​ត្រូវ​តែ​ចំណាយ​ហើយ​ (​ព្រោះ​) ​ក្រុមប្រឹក្សា​ធ្វើការ​បាន​ផល​សម្រាប់​ប្រជាពលរដ្ឋ និង​ជាតិ​»​។

លោក ជាម យៀប តំណាង​ក្រុម​អ្នក​តំណាងរាស្ត្រ​ដែល​ស្នើ​វិសោធនកម្ម​ច្បាប់​នេះ​បាន​ថ្លែង​ទៅកាន់​សមាជិក​រដ្ឋសភា​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​កាលពី​ម្សិលមិញ​ថា​ក្នុង​រយៈពេល ១០ ​ឆ្នាំ​កន្លង​មក​នេះ​បន្ទាប់ពី​ច្បាប់​គ្រប់គ្រង​រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​នេះ​ចូល​ជា​ធរមាន​រហូត​ដល់​បច្ចុប្បន្ន ស្ថានភាព​ប្រជាជន​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ការ​កើនឡើង​ជា​លំដាប់​ដែល​តម្រូវ​ឲ្យ​មាន​ការ​លើក​កម្ពស់​ប្រសិទ្ធភាព​ក្នុង​ការផ្តល់សេវា និង​ការអភិវឌ្ឍ ស្របពេល​ដែល​មុខងារ និង​ធនធាន​ត្រូវ​បាន​ផ្ទេរ​ជា​បន្ត​បន្ទាប់ពី​ថ្នាក់​ជាតិ​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។

លោក​បញ្ជាក់​ថា​៖ «​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​នីមួយៗ​។ ទន្ទឹម​នេះ​ស្ថានភាព​ភូមិសាស្ត្រ​ក៏​ត្រូវ​បាន​កែសម្រួល និង​កំណត់​ឲ្យ​បាន​កាន់តែ​ច្បាស់លាស់​ស្រប​តាម​ការអភិវឌ្ឍ​រីកចម្រើន​នៃ​សេដ្ឋកិច្ច និង​សង្គម​ផង​ដែរ​»​។

លោក ជាម យៀប បាន​បញ្ជាក់​ថា​៖ «​យើង​ខ្ញុំ​ជា​តំណាងរាស្ត្រ​ហត្ថលេខី​សុំ​លើក​សំណើ​ជូន​រដ្ឋសភា​ដើម្បី​ពិនិត្យ និង អនុម័ត លើ​សេចក្តី​ស្នើច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ​ដែល​បាន​ដាក់​ជូន​សម័យប្រជុំ​រដ្ឋសភា​រួមមាន​ការលុបចោល​នូវ​ ២ ​ជំពូក​កែសម្រួល​លេខ​ជំពូក កែសម្រួល​មាត្រា​យោង និង​បន្ថែម​នូវ​ខ្លឹមសារ​ថ្មី​ក្នុង​មាត្រា​មួយ​ចំនួន​»​។

យោង​តាម​សេចក្ដី​ថ្លែងហេតុ​នៃ​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក និង​ខណ្ឌ​បាន​ឲ្យ​ដឹងថា​មាត្រា​មួយ​ចំនួន​ត្រូវ​បាន​កែសម្រួល និង​បន្ថែម​ខ្លឹមសារ​ថ្មី​រួមមាន​ដូចជា កំណត់​បន្ថែម​នូវ​បុគ្គល​គ្មាន​សិទ្ធិ​ឈរ​ឈ្មោះ​ជា​បេក្ខជន​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា កំណត់​អំពី​ការបន្ថយ​រយៈពេល​ផ្ដល់​សុពលភាព​បញ្ជី​បោះឆ្នោត​ពី​ ៣៥ ​ថ្ងៃ​មក​ ១៥ ​ថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត កំណត់​អំពី​ការបន្ថយ​រយៈពេល​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ផ្លូវការ​ពី​ ៣០ ​ថ្ងៃ​មក​ ១៥ ​ថ្ងៃ​វិញ កំណត់​បន្ថយ​រយៈពេល​នៃ​ការឃោសនា​បោះឆ្នោត​ពី​ ១៥ ​ថ្ងៃ​មក​ ៨ ​ថ្ងៃ​វិញ កំណត់​អំពី​ការហែ​ក្បួន​ទ្រង់ទ្រាយ​ធំ​ត្រូវ​ធ្វើ​យ៉ាង​ច្រើន​ ២ ​ដង​ក្នុង​អំឡុងពេល​ឃោសនា​បោះឆ្នោត កំណត់​អំពី​ភ្នាក់ងារ​គណបក្ស​នយោបាយ សិទ្ធិ តួនាទី និង​លក្ខខណ្ឌ​ផ្សេងៗ​។

រដ្ឋសភា​បាន​អនុម័ត​មាត្រា​ ១៨ នៃ​សេចក្ដី​ស្នើច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយ​បង្កើន​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ពី​ ២១ ​រូប​ទៅ​ដល់​ ២៧ ​រូប​។ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ត្រូវ​បង្កើន​ចន្លោះ​ពី​ ១៥ ដល់​ ២៧ ​រូប​។ សមាជិក​ក្រុមប្រឹក្សា​ក្រុង​ត្រូវ​បង្កើន​ចន្លោះ​ពី​​ ១១ ​រូប​ដល់​ ២១ ​រូប​។ សមាជិក​ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ​ត្រូវ​បាន​បង្កើន​ចន្លោះ​ពី​ ១១ ដល់​ ២១ ​រូប​។

លោក សោម សូរីដា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា គជប មិន​ទាន់​បាន​ទទួល​ច្បាប់​វិសោធនកម្ម​ទាំង​ ២ ​នោះ​ទេ ដូច្នេះ​មិន​ដឹង​ថា​ចំនួន​អាសនៈ​នឹង​កើន​ចំនួន​ប៉ុន្មាន​នោះទេ​។

លោក​ ឱក សេរីសោភក្តិ៍ និង​លោក​ អ៊ូ វីរៈ អ្នកវិភាគ​នយោបាយ​កាលពី​ម្សិលមិញ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​ដែល​បានអនុម័ត​ដោយ​រដ្ឋសភា​កាលពី​ម្សិលមិញ​នោះ​ដែរ​។

លោក​ វីរៈ ថ្លែង​ថា​៖ «​ខ្ញុំ​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ប្រសិន​បើ​ខ្ញុំ​មាន​ឱកាស​បាន​មើល​ច្បាប់​ទាំង​នោះ​»​។

លោក​ ឱក សេរីសោភក្តិ៍ ថ្លែង​ថា​៖ «​ខ្ញុំ​មិន​ទាន់​មាន​ពេល​អាន​វិសោធនកម្ម​ច្បាប់​នោះ​នៅ​ឡើយ​ទេ​»​។

ទោះ​ជា​យ៉ាងណា​ក៏ដោយ​យោង​តាម​តារាង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ២១ ខែ​កុម្ភៈ ឆ្នាំ​ ២០១៤ សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​ ២ បាន​ឲ្យ​ដឹងថា​ចំនួន ក្រុង ស្រុក ខណ្ឌ ទាំងអស់​មាន​ចំនួន ១៩៧ ហើយ​មាន​សមាជិក​សរុប​ចំនួន​ ២ ៩៣១ ​នាក់​រួម​ទាំង​សមាជិក​ក្រុមប្រឹក្សា រាជធានី ខេត្ត ចំនួន ៣៩៣ ​នាក់ និង​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ចំនួន ១១ ៤៥៩ ​នាក់​។

កាលពី​ថ្ងៃទី​ ៣០ ខែ​តុលា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្ដី​សម្រេច​មួយ​ដោយ​កំណត់​យក​ថ្ងៃ​អាទិត្យ ទី​ ២៦ ខែ​ឧសភា ឆ្នាំ​ ២០១៩ ជា​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​លើក​ទី ៣ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក​ខណ្ឌ​ដែល​ជា​ការបោះឆ្នោត​អសកល​ដោយ​មាន​សមាជិក​ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុង​មុខ​តំណែង​ជា​អង្គ​បោះឆ្នោត​។ ការបោះឆ្នោត​នេះ​ធ្វើ​ឡើង​ជា​លក្ខណៈ​អសកល​ដោយ​មាន​សមាជិក​ក្រុមប្រឹក្សាឃុំ-សង្កាត់​ក្នុង​តំណែង​ចូលរួម​បោះឆ្នោត​៕