ភ្នំពេញៈ ក្នុង​អង្គប្រជុំ​រដ្ឋសភា​ដែល​មាន​វត្តមាន​សមាជិក​ចំនួន​ ១១០ ​រូប ក្នុង​ចំណោម​ទាំងអស់ ១២៥​ ​រូប មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ពី​ម្សិលមិញ បាន​អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​ ១៩៨៥ ​និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​ ២០០៥​។ សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​ ២០១៩ ​នេះ​នឹង​ប្រើប្រាស់​ជា​ឯកសារ​សម្រាប់​ទទួលស្គាល់​កម្ពុជា-វៀតណាម ដែល​បាន​ព្រមព្រៀង​គ្នា​បោះបង្គោល​ព្រំដែន​គោក​សម្រេច​បាន​ ៨៤ ​ភាគរយ​។

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​តំណាង​រដ្ឋាភិបាល​បាន​ប្រាប់​រដ្ឋសភា​ថា​សន្ធិសញ្ញា​បំពេញបន្ថែម ឆ្នាំ​ ២០១៩ ​ដែល​រដ្ឋសភា​ទើប​អនុម័ត​យល់ព្រម​នេះ​គឺជា​ឯកសារ ផ្លូវច្បាប់​ប្រវត្តិសាស្ដ្រ​ដ៏មាន​សារៈសំខាន់​បំផុត​ក្នុង​ការទទួល​យក​សមិទ្ធផល​ដែល​ប្រទេស​ទាំង​ ២ ​សម្រេច​បាន​មកដល់​បច្ចុប្បន្ន​ ៨៤ ​ភាគរយ​នៃ​ការបោះបង្គោល​ និង​ខណ្ឌសីមា​ព្រំដែន​គោក​រវាង​កម្ពុជា-វៀតណាម​។

លោក​ ទៀ បាញ់ ដែល​ក៏​ជា​ឧបនាយករដ្ឋមន្ត្រី​ផង​នោះបាន​ថ្លែង​ថា​៖ «​វា​ក៏​ជា​ឯកសារ​គ្រឹះ ការពារ​បូរណភាព​ទឹកដី​កម្ពុជា​ដោយ​មាន​ខ្សែ​ព្រំដែន មិន​ឱ្យ​ប្រែប្រួល ថែរក្សា​បាន​នូវ​ព្រំដែន​សុខសន្ដិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ដើម្បី​ភាពសុខសាន្ត​របស់​ពលរដ្ឋ​កម្ពុជា​តទៅទៀត​»​។

បើតាម​រដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ​សន្ធិសញ្ញា​ឆ្នាំ​ ២០១៩ ដែល​ត្រូវ​មេដឹកនាំ​ប្រទេស​ទាំង​ ២ ចុះហត្ថលេខា​ទទួល​ស្គាល់​នៅ​ថ្ងៃទី​ ៥ ​តុលា​ឆ្នាំ​ ២០១៩ ​នៅ​រដ្ឋធានី ហាណូយ គឺ​ត្រូវ​បានរៀបចំ​ដោយ​ភាគី​កម្ពុជា-វៀតណាម​តាមរយៈ​កិច្ចប្រជុំ​ប្ដូរ​វេន​ចំនួន​ ៥ ​ដង ការផ្លាស់ប្ដូរ​កំណត់​ទូត​ចំនួន​ ៤ ​ដង និង​លិខិត​ឆ្លើយឆ្លង​គ្នា​នូវ​ចំណុច​មិន​ឯកភាព​ចំនួន​ ៣ ​ដង​។

ទិដ្ឋភាព​រដ្ឋសភា​ប្រជុំ​អនុម័ត​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​ស្តីពី​ការកំណត់​ព្រំដែន​រដ្ឋ កម្ពុជា-វៀតណាម ម្សិលមិញ​។ រូបថត រដ្ឋសភា

តាម​សន្ធិសញ្ញា​ដដែល​នេះ​គឺ​ប្រទេស​ទាំង​ ២ ​បាន​ឯកភាព​គ្នា​កែសម្រួល​ខ្សែ​ព្រំដែន​ដែល​បាន​កំណត់​ក្នុង​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​ ១៩៨៥ ​និង​សន្ធិសញ្ញា​ឆ្នាំ​ ២០០៥ ដើម្បី​សម្រេច​យក​តាម​ការកាន់កាប់​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ ដោយ​ឈរលើ​គោលការណ៍​ស្មើភាព ១=១ ស្ដីពី​ផ្ទៃដី​ដែល​ត្រូវ​ដោះដូរ​គ្នា​។

លោក​ ឡឹក សុធារ អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ (GDP) ដែល​ជា​គណបក្ស​បាន​ដាក់​លិខិតស្នើ​សុំ​ទៅ​រដ្ឋសភា ឱ្យ​ពន្យារពេល​លើ​ការអនុម័ត​យល់​ព្រម​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​ ២០១៩ ​ស្ដីពី​ការទទួល​ស្គាល់​ការកំណត់​ព្រំដែន​គោក​នេះ​បាន​សម្ដែង​ការសោកស្ដាយ​ចំពោះ​រដ្ឋសភា​ដែល​បាន​បដិសេធ និង​មិន​យកចិត្ត​ទុកដាក់​ចំពោះ​ការដាក់​សំណើសុំ​របស់ GDP​។

លោក​ថា​ កត្តា​ដែល​គណបក្ស​របស់​លោក​មាន​ការព្រួយបារម្ភ​ចំពោះ​ការផ្ដល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​នេះ ពីព្រោះ​រដ្ឋសភា​បច្ចុប្បន្ន​កំពុងតែ​ដឹកនាំ​ដោយ​គណបក្ស​តែមួយ​ និង​ស្របពេល​ប្រទេស​កំពុង​ជួប​បញ្ហានយោបាយ​ប្រេះឆា​នៅឡើយ​។

លោក​បន្ថែមថា ក្នុង​ស្ថានភាព​មិនទាន់​មាន​ការឯកភាព​ជាតិ​គ្នា​បែបនេះ​ការអនុម័ត​ផ្ដល់​សច្ចាប័ន​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​នឹង​អាច​ធ្វើឱ្យ​ជាតិ​កាន់តែ​មានការ​បែកបាក់​គ្នា​កាន់តែ​ខ្លាំង​ថែមទៀត​នាពេល​ខាងមុខ​។ ពីព្រោះ​នឹងមាន​អ្នកនយោបាយ​គណបក្ស​មួយ​លើក​យក​បញ្ហា​ព្រំដែន​នេះ​ទៅ​វាយប្រហារ​អ្នក​នយោបាយ​គណបក្ស​មួយ​ទៀត​ថា​បាន​ក្បត់ជាតិ ឬ​លក់​ទឹកដី និង​កាត់​ទឹកដី​ឱ្យ​បរទេស​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​៖ «​ពួកគេ​យក​បញ្ហា​ព្រំដែន​ជា​ចំណុច​រសើប​ និង​ចំណុចក្ដៅ​ក្នុង​ការបញ្ឆេះ​កំហឹង​ប្រជាជន​ឱ្យ​ងើប​បះបោរ និង ងើប​តស៊ូ​ជាដើម​។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ព្រួយបារម្ភ​អំពី​ចំណុច​នេះ ហើយ​មិន​ចង់​ឱ្យ​ប្រវត្តិសាស្ត្រ​ច្រំ​ដែល​ដ៏អាក្រក់​ហ្នឹង កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ទៀត​ទេ​»​។

អ្នកនាំពាក្យ GDP បាន​លើកឡើង​ទៀតថា នៅពេល​ខាងមុខ​គណបក្ស​របស់​លោក​នឹង​ដាក់ញត្តិ​ទៅ​ព្រឹទ្ធសភា និង​ស្ថាប័ន​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​ស្ថាប័ន​កំពូល​របស់​ជាតិ​ទាំង​ ២ ​នេះ​ចេញ​អន្តរាគមន៍​ជុំវិញ​ការអនុម័ត​របស់​រដ្ឋសភា​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​នេះ​។

អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា សន្ធិសញ្ញា​ឆ្នាំ​ ១៩៨៥ ជា​សន្ធិសញ្ញា​ខុសច្បាប់ ពីព្រោះ​ជា​សន្ធិសញ្ញា​ដែល​វៀតណាម​បង្កើត​ឡើងជា​ឯកតោភាគី​ក្នុង​ទសវត្សរ៍​ ៨០ នៅពេល​កំពុង​ត្រួតត្រា​ប្រទេស​កម្ពុជា​។

ប៉ុន្តែ​លោក​ ទៀ បាញ់ បាន​ប្រាប់​អ្នកកាសែត​បន្ថែម​ទៀត​ថា ការបោះបង្គោល​ និង​ខណ្ឌសីមា​ព្រំដែន​គោក​ជាមួយ​ប្រទេស​វៀតណាម​ដែល​ទម្រាំ​សម្រេច​ចំនួន​ ៨៤ ​ភាគរយ​នេះ​ គឺ​ជួប​បញ្ហា​ស្មុគស្មាញ​ជាច្រើន ព្រោះ​ត្រូវ​ចុះ​ទៅ​ពិនិត្យ​ដល់​ទីតាំង​ផ្ទាល់​សាចុះ​សាឡើង និង​ពិនិត្យ​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី និង​និយាម​ការ​ឱ្យ​បាន​ត្រឹមត្រូវ​រហូត​ដល់​ភាគី​ទាំង​ ២ ​អាច​ឯកភាព ដោយ​មិន​ត្រូវ​ឱ្យ​ខាង​ណា​ត្រូវ​បាត់បង់​ទឹកដី​ឡើយ​។

លោក​បន្តថា រដ្ឋាភិបាល​មិន​ខ្វល់​នឹង​អ្នក​រិះគន់​ទាំង​នោះឡើយ ព្រោះ​ពួកគេ​មួយ​ចំនួន​ចេះតែ​និយាយ​ប៉ុណ្ណោះ និង​មិន​ដែល​ទៅ​មើល​ការបោះបង្គោល ឬ​ស្គាល់​បង្គោល​ព្រំដែន​ផង​។

លោក​ ទៀ បាញ់ បញ្ជាក់​ថា​៖ «​ចង់​និយាយ​ម៉េច​ឱ្យគេ​និយាយ​ទៅ​មិនអាច​ហាម​គេ​បានទេ​។ ប៉ុន្តែ​កិច្ចការងារ​នេះ​យើង​បាន​ខិតខំ​ធ្វើ​ ១៣ ​ឆ្នាំ​មកហើយ ទម្រាំ​បាន​ប៉ុណ្ណេះ​»​។

ពី​ថ្ងៃ​ម្សិលមិញ ភ្នំពេញ​ប៉ុស្ដិ៍​មិន​អាច​ទាក់ទង​សុំ​ការអធិប្បាយ​ពី​អ្នកវិភាគ​នយោបាយ លោក​ មាស នី និង​លោក ឡៅ ម៉ុងហៃ រួមទាំង​លោក​ សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ជុំវិញ​ការអនុម័ត​នេះ​បាន​ទេ ដោយសារ​ពួកលោក​មិន​លើក​ទូរស័ព្ទ​៕