
សមាជិករដ្ឋសភាលើកដៃអនុម័តច្បាប់ក្នុងកិច្ចប្រជុំពីម្សិលមិញ។ ហុង មិនា
ភ្នំពេញៈ រដ្ឋសភាបានធ្វើការអនុម័តជាឯកច្ឆន្ទ លើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ដែលមាន ៩ ជំពូក និង ៧២ មាត្រា ដោយមានសំឡេងគាំទ្រពីសមាជិករដ្ឋសភាចំនួន ១០៨ លើ ១០៨ សំឡេងស្របពេលដែលការអភិវឌ្ឍធនធានប្រេងកាត ទាំងដែនគោក និងដែនសមុទ្រ កំពុងដំណើរការទៅមុខ បន្ទាប់ពីមានការពិភាក្សា និងមានការឯកភាពគ្នាជាមួយរាជរដ្ឋាភិបាលរួចហើយ។
លោក ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា កាលពីម្សិលមិញថា តាមការសម្រេចរបស់គណៈកម្មាធិការអចិន្រៃ្តយ៍នៃរដ្ឋសភា ដែលប្រជុំកាលពីថ្ងៃទី ៥ និងថ្ងៃទី ១៣ មិថុនា ឆ្នាំ ២០១៩ សម័យប្រជុំលើកទី២ នីតិកាលទី៦ មានរបៀបវារៈចំនួន ៦ ក្នុងនោះរួមបញ្ចូលទាំងការអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតផងដែរ។
លោក ហេង សំរិន បញ្ជាក់ថា៖ «រដ្ឋធម្មនុញ្ញចែងថា ក្រុមលើសពីពាក់កណ្ដាលនៃចំនួនសមាជិករដ្ឋសភាទាំងមូល សម្រាប់ការអនុម័តទាំងឡាយណាដែលតម្រូវឲ្យយកមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងអស់»។
លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា បានបង្ហាញនូវរបាយការណ៍នៃការពិនិត្យសេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតនៅក្នុងអង្គសភាថា សេចក្ដីព្រាងច្បាប់នេះត្រូវបានរាជរដ្ឋាភិបាលបញ្ជូនមករដ្ឋសភា សុំការពិនិត្យ និងអនុម័តជាការប្រញាប់កាលពីថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០១៩ នេះ។
លោកស្រីបានថ្លែងថា គណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភាបានបើកកិច្ចប្រជុំ ពិនិត្យ ពិភាក្សាលើសេចក្ដីព្រាងច្បាប់នេះកាលពីថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៩ ដោយបានសម្រេចប្រគល់សេចក្ដីព្រាងនេះជូនគណៈកម្មការទី៩ នៃរដ្ឋសភា ដើម្បីធ្វើការសិក្សាស្រាវជ្រាវក្នុងថ្ងៃខែឆ្នាំដដែល។ លោកស្រីបានបន្ដថា គណៈកម្មការទី៩ រដ្ឋសភា បានធ្វើការពិនិត្យ សិក្សាស្រាវជ្រាវ និងបំពេញភារកិច្ច ស្របតាមនីតិវិធី ដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ។ គណៈកម្មការទី ៩ បានពិនិត្យឃើញសេចក្ដីព្រាងច្បាប់នេះ មានសារៈសំខាន់ មានភាពចាំបាច់ ហើយគណៈកម្មការបានសម្រេចឯកភាព ស្នើសុំ ប្រធានរដ្ឋសភារៀបចំសិក្ខាសាលាមួយ ដើម្បីស្វែងយល់លើសេចក្ដីព្រាងច្បាប់នេះ។
លោកស្រី សាផុន បញ្ជាក់ថា៖ «នៅថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០១៩ គណៈកម្មការទី៩ បានបើកកិច្ចប្រជុំបន្ដទៀតដើម្បីបូកសរុប មតិយោបល់ និងអនុសាសន៍ផ្សេងៗ ដែលសមាជិកក្នុងអង្គសិក្ខាសាលាបានលើកឡើងយកមកពិនិត្យ ពិភាក្សាផ្ទៃក្នុងលើសេចក្ដីព្រាងច្បាប់នេះម្ដងទៀត ហើយពិនិត្យឃើញថា ពុំមានអ្វីប៉ះពាល់ទៅលើការកែសម្រួលខ្លឹមសារ សេចក្ដីព្រាងច្បាប់នេះឡើយ។ គណៈកម្មការទី៩ ក៏បានឈានទៅសម្រេចឯកភាព រក្សាទុកខ្លឹមសារដើមទាំងស្រុងរបស់រាជរដ្ឋាភិបាលដដែល។
បើតាមលោកស្រី សាផុន កាលពីថ្ងៃទី ១០ ខែ មិថុនា គណៈកម្មការទី៩ បានសហការជាមួយគណៈកម្មការជំនាញនានា ទាំងអស់របស់រដ្ឋសភា បើកកិច្ចប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ លោក ស៊ុយ ស៊ែម រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពលដើម្បីពិនិត្យពិភាក្សាលើសេចក្ដីព្រាងច្បាប់នេះជាវគ្គចុងក្រោយ។
លោកស្រីបញ្ជាក់ថា៖ «យោងតាមបទបង្ហាញរបស់ថ្នាក់ដឹកនាំរបស់ក្រសួងរ៉ែ និងថាមពលកាលពីថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៩ លទ្ធផលសិក្ខាសាលាពីថ្ងៃទី ៦ ខែ មិថុនា និងលទ្ធផលកិច្ចប្រជុំអន្តរគណៈកម្មការជាមួយតំណាងរាជរដ្ឋាភិបាល កាលពីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៩ អង្គប្រជុំបានគាំទ្រសេចក្ដីព្រាងច្បាប់នេះ ដោយពុំមានលើកសំណើកែសម្រួលលើខ្លឹមសារ មាត្រាណាមួយឬជំពូកណាមួយឡើយ និងបានសម្រេចឯកភាពខ្លឹមសារដើមរបស់រាជរដ្ឋាភិបាលដដែល»។
បើតាមលោកស្រី សាផុន សេចក្ដីព្រាងច្បាប់នេះ រួមមាន ៩ ជំពូក ៧២ មាត្រា និងមានឧបសម្ព័ន្ធចំនួន ១ ដែលជាការពន្យល់ វាក្យខណ្ឌបច្ចេកទេសសំខាន់ៗប្រើក្នុងច្បាប់នេះ។
យោងសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលសម័យប្រជុំរដ្ឋសភា ក្រោយពីបញ្ចប់កិច្ចប្រជុំ កាលពីម្សិលមិញបានបញ្ជាក់ថា៖ «សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអានប្រកាស ទទួលស្គាល់ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត។ សេចក្តីព្រាងច្បាប់នេះ មាន ៩ ជំពូក និង ៧២ មាត្រា។ អង្គសភាបានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់នេះមួយជំពូកម្តងៗ ដោយបានអនុម័តយល់ព្រមលើខ្លឹមសារសេចក្តីព្រាងច្បាប់ទំាងមូល មានចំនួន ១០៨ សំឡេង»។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវ បានលើកឡើងថា ជាទូទៅនៅក្រោមការគ្រប់គ្រងដោយសភា «ឯកបក្ស» គឺមិនមានការវែកញែកណាមួយទៅលើសេចក្ដីព្រាងច្បាប់ណាមួយ ឱ្យបានច្រើននោះទេ។
លោកថ្លែងថា៖ «តាមរយៈការអនុម័តនេះ ខ្ញុំមិនមានការរំពឹងថា មានការវែកញែកអ្វីល្អិតល្អន់ ដូចកាលដែលសភាមានគូបដិបក្ខទេ។ ប៉ុន្ដែអ្វីដែលយើងព្រួយបារម្ភនោះ ត្រង់ថា តើច្បាប់នេះបានផ្ដល់នូវយុត្ដិធម៌ និងសមធម៌ សម្រាប់សង្គមមួយនេះគ្រប់គ្រាន់ដែរឬទេ? បើសិនជាច្បាប់នេះបានធ្វើឡើង ដោយមិនមានការពិភាក្សាឲ្យបានស៊ីជម្រៅ និងមិនមានគូបដិបក្ខក្នុងការវែកញែកច្បាប់នេះ»។
ទោះយ៉ាងណា លោក មាស នី លើកឡើងថា ច្បាប់នេះ មានសារៈសំខាន់ ពីព្រោះជាច្បាប់ដែលមានបំណងគ្រប់គ្រងធនធានធម្មជាតិប្រេង។ ជាមួយគ្នានេះ លោកថ្លែងថា ប្រេងជាធនធានធម្មជាតិ ដែលមិនអាចកកើតវិញបានទេ ពេលយកវាអស់ គឺអស់ហើយ ដែលត្រង់ចំណុចនេះ មានពាក្យ ២ ដែលប្រើក្នុងប្រទេសដែលទទួលបានប្រេងនេះថា តើវាជាសំណាងរបស់ប្រទេស ឬក៏ជាបណ្ដាសា។
លោកថា៖ «ពាក្យនេះ ចង់បង្ហាញថា សំណាងត្រង់ថា ប្រទេសដែលទទួលបានប្រេងនោះ ចេះបែងចែកឲ្យមានសមភាពសមធម៌ហើយធនធាននេះ វាមិនមែនជាធនធានសម្រាប់ខ្មែរជំនាន់នេះតែមួយជំនាន់នោះទេ គឺជាធនធាន សម្រាប់កូនចៅខ្មែរជំនាន់ក្រោយៗទៀត។ ដូច្នេះបើខ្មែរជំនាន់នេះ មិនបានរៀបចំការប្រើប្រាស់ធនធានធម្មជាតិឲ្យបានត្រឹមត្រូវទេ នោះគឺវាអស់ធនធានធម្មជាតិ និងការអភិវឌ្ឍប្រទេសបាត់បង់តុល្យភាព»។
យ៉ាងណាក្តី សេចក្ដីថ្លែងហេតុអំពីសេចក្ដីព្រាងច្បាប់នេះរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី ៥ ខែមេសាបានបង្ហាញថា ព្រះរាជាណាចក្រកម្ពុជាបានចាប់ផ្តើមធ្វើសកម្មភាពសិក្សាស្រាវជ្រាវ និងការស្វែងរុករកធនធានប្រេងកាតដំបូងតាំងតែពីអំឡុងទសវត្សរ៍ទី ៦០ នៃសតវត្សរ៍ទី ២០ ដោយក្រុមអ្នកភូគព្ភសាស្ត្រចិន និងប៉ូឡូញដោយបានចងក្រងនូវឯកសារ និងផែនទីភូគព្ភសាស្រ្ដជាមូលដ្ឋាន។
រាជរដ្ឋាភិបាលបានឲ្យដឹងថា បច្ចុប្បន្ននេះ ការផ្គត់ផ្គង់ផលិតផលប្រេងកាត បម្រើឱ្យសេចក្តីត្រូវការ របស់ប្រទេស ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនជាតិ និងអន្តរជាតិនានា ដោយពឹង ផ្អែកលើការនាំចូលទាំងស្រុង ពីប្រទេសជិតខាង។ ដោយយោងលើភាពចាំបាច់ ដើម្បីទាក់ទាញអ្នកវិនិយោគ ឱ្យចូលមកវិនិយោគលើធនធានប្រេងកាត និងដើម្បីរៀបចំការ គ្រប់គ្រង និងអភិវឌ្ឍធនធានប្រេងកាតឱ្យមានប្រសិទ្ធភាព និងស្របតាមបទដ្ឋានអន្តរជាតិ អតីតរដ្ឋកម្ពុជា បានអនុម័តបទប្បញ្ញត្តិប្រេងកាត ដែលជាមូលដ្ឋានគ្រឹះ ក្នុងការបើកផ្លូវឱ្យអ្នកនិយោគទុនចូលរួមធ្វើការដេញថ្លៃជាលក្ខណៈអន្តរជាតិលើកទី ១ នៅឆ្នាំ ១៩៩១។
សេចក្ដីថ្លែងហេតុដដែលបញ្ជាក់ថា អាស្រ័យដោយបទប្បញ្ញត្តិប្រេងកាតឆ្នាំ ១៩៩១ ពុំអាចឆ្លើយតបទៅនឹងការវិវឌ្ឍនៃវិស័យប្រេងកាលី ក្នុងបរិបទនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបរិស្ថានរបស់ព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន ហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាល បានរៀបចំតាក់តែងឡើងវិញនូវសេចក្តីព្រាងច្បាប់នេះ ដើម្បីគ្រប់គ្រង និងអភិវឌ្ឍធនធានប្រេងកាត ឲ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ទាក់ទាញ និងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុន និងដើម្បីជំរុញការអភិវឌ្ឍវិស័យប្រេងកាតប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពក្នុងការរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច សង្គម និង ផលប្រយោជន៍ យូរអង្វែងរបស់ប្រទេសជាតិ ស្របពេលដែលការស្វែងរុករក និងការអភិវឌ្ឍធនធានប្រេងកាតទាំងដែនគោក និងដែនសមុទ្រ កំពុងដំណើរការទៅមុខ ដែលក្នុងនោះប្លុកប្រេងកាតមួយនៅដែនសមុទ្រកំពុងឈានទៅរកការផលិតធនធានប្រេងកាតលើកទី ១ ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជានាពេលខាងមុខ។
សេចក្ដីថ្លែងហេតុដដែលបានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានតាក់តែងឡើងជាលើកដំបូង ដោយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលដោយមានការជួយឧបត្ថម្ភពីអ្នកជំនាញការច្បាប់នៃធនាគារអភិវឌ្ឍន៍អាស៊ីក្នុងឆ្នាំ ១៩៩៦ និងមានការពិនិត្យបន្ថែមទៀត ពីអ្នកជំនាញការច្បាប់មកពីក្រុមហ៊ុនជប៉ុន អាយដឹមម៉ុត ស៊ូអ៊ុយអ៊ែនហ្គាស។
បើតាមសេចក្ដីថ្លែងហេតុដដែលចាប់តាំងពីឆ្នាំ ២០០៦ មកអតីតអាជ្ញាធរប្រេងកាតជាតិកម្ពុជា បានយកសេចក្តីព្រាងច្បាប់នេះ មកកែសម្រួលឡើងវិញ ដោយមានការពិគ្រោះយោបល់ជាមួយអ្នកជំនាញបច្ចេកទេស និងអ្នកជំនាញផ្នែកច្បាប់ជាតិ និងអន្តរជាតិនានា។ ក្រោយពីអតីតអាជ្ញាធរប្រេងកាតជាតិកម្ពុជា ត្រូវបានធ្វើសមាហរណកម្មមកក្រោមក្រសួងរ៉ែ និងថាមពលក្នុងឆ្នាំ ២០១៣ សេចក្តីព្រាងច្បាប់នេះត្រូវបានកែសម្រួលបន្ថែមដោយបញ្ចូលបរិបទថ្មីៗ មួយចំនួនផ្អែកលើបទពិសោធនៃបណ្តាប្រទេសផ្សេងៗដូចជាប្រទេស ន័រវែស អូស្ត្រាលី ជប៉ុន ឥណ្ឌូនេស៊ី ថៃ វៀតណាម ទីម័រខាងកើត ម៉ាឡេស៊ី និងប្រ៊ុយណេ ជាដើម៕