ភ្នំពេញៈ រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទ លើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងសំឡេង ១១៦ លើ ១១៨ ដែលការបង្កើតក្រសួងនេះក្នុងគោលបំណង ដើម្បីធ្វើឱ្យផ្នែកស្រាវជ្រាវលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងរបកគំហើញផ្សេងៗ (នវានុវត្តន៍) របស់កម្ពុជាឱ្យទទួលបានប្រសិទ្ធភាព និងទូលំទូលាយក្នុងប្រយោជន៍ជំរុញឱ្យវិស័យវិទ្យាសាស្ត្រមានការរីកចម្រើន។
កិច្ចប្រជុំវិសាមញ្ញនីតិកាលទី ៦ ដែលធ្វើឡើងកាលពីថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០២០ ដឹកនាំដោយលោក ហេង សំរិន ប្រធានរដ្ឋសភា និងមានការចូលរួមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមទាំងសមាជិករដ្ឋសភាចំនួន ១១៨ រូប និងតំណាងរាជរដ្ឋាភិបាលជាច្រើនរូបទៀត។
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភាស្តីពីលទ្ធផលនៃកិច្ចប្រជុំនេះកាលពីថ្ងៃទី ១៣ ខែមីនាបញ្ជាក់ថា បន្ទាប់ពីបានពិភាក្សាគ្នាតាមនីតិវិធីរួចមក រដ្ឋសភា បានអនុម័តជាឯកច្ឆន្ទសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងការពិភាក្សាសេចក្តីព្រាងច្បាប់នេះមានលោក ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាជាអ្នករាយការណ៍ជូនអង្គសភាពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់។ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងសហការីជាតំណាងរាជរដ្ឋាភិបាលជាអ្នកការពារសេចក្តីព្រាងច្បាប់។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា៖ «សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ដែលជាច្បាប់បើកផ្លូវដល់រាជរដ្ឋាភិបាលធ្វើការប្តូរឈ្មោះក្រសួងឧស្សាហកម្ម និងសិប្បកម្មទៅជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ការប្តូរឈ្មោះក្រសួងឧស្សាហកម្មគឺធ្វើឡើងដើម្បីពង្រីកសក្តានុពល វិស័យឧស្សាហកម្មនៅកម្ពុជា ឱ្យទូលំទូលាយដើរស្របតាមយុគសម័យបច្ចុប្បន្ន និងទៅអនាគតស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០»។
យោងតាមសេចក្តីថ្លែងហេតុរបស់លោក ហ៊ុន សែន បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០ ដើម្បីបញ្ជូនទៅសុំការពិនិត្យ និងអនុម័តពីស្ថាប័ននីតិប្បញ្ញតិ្តរួមមាន ៨ មាត្រា និងខ្លឹមសារសង្ខេបសំខាន់ៗមួយចំនួនទៀត»។
សេចក្ដីថ្លែងហេតុរបស់លោកនាយករដ្ឋមន្ដ្រីបញ្ជាក់ថា៖ «មាត្រា ១ ដល់មាត្រា ៤ កំណត់អំពីឈ្មោះក្រសួងថ្មី សមត្ថកិច្ចរបស់ក្រសួង និងសមត្ថកិច្ចដឹកនាំគ្រប់គ្រងក្រសួង។ មាត្រា ៥ កំណត់អំពីបទប្បញ្ញត្តិដើម្បីធានាបាននិរន្តរភាព នៃការអនុវត្តលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស។ មាត្រា ៦ កំណត់ពីបញ្ហាដែលពាក់ព័ន្ធនឹងការគ្រប់គ្រង ដឹកនាំក្រសួង តាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្មដែលត្រូវមានអានុភាពអនុវត្តន៍ទៅមុខទៀតរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួសស្របតាមបទប្បញ្ញត្តិនៃច្បាប់ថ្មីនេះ និងមាត្រា ៧ ដល់មាត្រា ៨ បានកំណត់អំពីការនិរាករណ៍ច្បាប់ និងការប្រកាសឱ្យប្រើច្បាប់ជាការប្រញាប់»។
លោក ហ៊ុន សែន កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២០ បានឯកភាពឱ្យប្តូរឈ្មោះក្រសួង «ឧស្សាហកម្ម និងសិប្បកម្ម» ទៅជា «ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»។ ការឯកភាពបានធ្វើឡើងបន្ទាប់ពីមានសំណើពីលោក ចម ប្រសិទ្ធ។
តាមលិខិតទីស្តីការគណៈរដ្ឋមន្ត្រីផ្ញើទៅលោក ចម ប្រសិទ្ធ កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២០ បានបញ្ជាក់ថាទន្ទឹមនឹងការយល់ព្រមឱ្យប្តូរឈ្មោះក្រសួង រាជរដ្ឋាភិបាលក៏យល់ព្រមឱ្យធ្វើវិសោធនកម្មច្បាប់ទាំងឡាយ និងឯកសារគតិយុត្តផ្សេងៗដែលមានការពាក់ព័ន្ធដល់រចនាសម្ព័ន្ធ និងការប្រព្រឹត្តទៅនៃក្រសួងដែលប្តូរឈ្មោះថ្មីនេះផងដែរ។
លិខិតដដែលបញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានឯកភាពឱ្យបង្កើតអង្គភាពថ្មី ២ ទៀតគឺអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែលមានថ្នាក់ស្មើអគ្គនាយកដ្ឋាន។ ការបង្កើតអង្គភាពទាំង ២ នេះគឺពុំមានការតម្រូវឱ្យបន្ថែមនូវក្របខ័ណ្ឌរដ្ឋនោះទេពោលគឺប្រើប្រាស់ក្របខ័ណ្ឌទាំងឡាយដែលកំពុងមានហើយពាក់ព័ន្ធដល់ការងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីដដែលបានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលក៏បានណែនាំឱ្យផ្តល់ការងារយកចិត្តទុកដាក់ គាំទ្រ និងបង្កលទ្ធភាពទៅតាមសភាពជាក់ស្តែងនៃតម្រូវការរបស់អង្គភាពថ្មីទាំង ២ ខាងលើនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ពីបណ្តាស្ថាប័នពាក់ព័ន្ធទាំងឡាយ ដើម្បីធ្វើឱ្យផ្នែកស្រាវជ្រាវលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងរបកគំហើញផ្សេងៗ (នវានុវត្តន៍) របស់កម្ពុជាឱ្យទទួលបានប្រសិទ្ធភាព និងទូលំទូលាយក្នុងប្រយោជន៍ជំរុញឱ្យវិស័យវិទ្យាសាស្ត្រ មានការរីកចម្រើន និងផ្ទេរបច្ចេកវិទ្យាស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤.០៕