ភ្នំពេញៈ ​សមាជិក​រដ្ឋសភា​ចំនួន​ ១១០ ​រូប​ បានអនុម័ត​សេចក្តី​ព្រាង​ច្បាប់​ចំនួន​ ៧ ​កាលពី​ថ្ងៃ​ចន្ទ​ក្នុងនោះ​ក៏មាន​ការយល់ព្រម​ឱ្យ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​សម្រាប់​អនុវត្ត​​បទប្បញ្ញត្តិ​នៃ​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ចុះ​ថ្ងៃទី​ ១០ ខែ ធ្នូ ឆ្នាំ​ ១៩៨២ ​ទាក់ទង​​នឹង​ការគ្រប់គ្រង​ និង​ការអភិរក្ស​ផល​ស្តុក​ត្រី​ផ្លាស់​ទី​មធ្យម និង​ឆ្ងាយ​ផងដែរ​។

សេចក្តី​ព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់​ព្រមឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​សម្រាប់​អនុវត្ត​បទប្បញ្ញតិ្ត​នៃ​អនុសញ្ញា​សហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ​នេះ​មាន​ ១៣ ​ផ្នែក និង​ ៥០ ​មាត្រា​ត្រូវបាន​គណៈរដ្ឋមន្ត្រី​សម្រេច​យល់ព្រម​ក្នុងសម័យ​ប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​នា​ថ្ងៃទី​ ១១ ខែ​ តុលា ឆ្នាំ​ ២០១៩ ដើម្បី​បញ្ជូន​ទៅសុំ​ការអនុម័ត​ពី​រដ្ឋសភា​។

លោក​ ហ៊ូ ស្រ៊ី ប្រធាន​ស្តីទី​គណៈកម្មការ​ផែនការ​វិនិយោគ​កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន និង​ធនធាន​ទឹកបាន​ថ្លែងថា ច្បាប់​នេះ​ធ្វើឡើង​ដោយ​អនុលោម​តាម​មាត្រា​ ៩០ ​នៃ​រដ្ឋធម្មនុញ្ញ​ព្រះរាជណាចក្រ​កម្ពុជា​ហើយ​​សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​គោលបំណង​ធានា​នូវ​ការប្រើប្រាស់​ និង​អភិរក្ស​ផល​ស្តុក​ត្រី​ផ្លាស់ទី​មធ្យម និង​ផល​ស្តុក​ត្រី​ផ្លាស់ទី​ឆ្ងាយ ប្រកប​ដោយ​ចីរភាព​ដោយ​​ផ្អែកលើ​អភិក្រម​ប្រុងប្រយ័ត្ន​ជាមុន​ និង​ភ័ស្តុតាង​វិទ្យាសាស្ត្រ​ល្អ​បំផុត​ដែល​អាច​រកបាន​។

លោក​បាន​បន្តថា សេចក្តី​ព្រាងច្បាប់​នេះ​គឺជា​ការរួមចំណែក​ដល់​កិច្ចសហប្រតិបត្តិការ​ក្នុង​អនុតំបន់ តំបន់ និង​អន្តរជាតិ​រវាង​រដ្ឋ​ជា​ម្ចាស់​ឆ្នេរ និង​រដ្ឋ ដែល​ធ្វើ​នេសាទ​នៅ​សមុទ្រ​ក្រៅ​ក្នុង​ការគ្រប់គ្រង និង​អភិរក្សផល​ស្តុក​ត្រី​ផ្លាស់ទី​មធ្យម និង​ផល​ស្តុក​ត្រី​ផ្លាស់​ទី​ឆ្ងាយ​។

លោក​បាន​បញ្ជាក់ថា​៖ «​កម្ពុជា​អាច​បាន​ផលប្រយោជន៍​ពី​ការចូល​ជា​សមាជិក តាមរយៈ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុជា​ក្នុង​ការចូលរួម​ដោះស្រាយ​ការទទួល​​ខុសត្រូវ​...​ទទួលបាន​ជំនួយ​បច្ចេកទេស​ និង​ហិរញ្ញវត្ថុ​មូល​ពី​មូលនិធិ​ពិសេស​សម្រាប់​ការងារ​គ្រប់គ្រង និង​អភិរក្ស​ការងារ​ធនធាន​ជលផល​»​។

បើ​តាម​សេចក្ដី​ថ្លែងហេតុ​របស់​រាជរដ្ឋាភិបាល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​បាន​ផ្ញើ​​ទៅ​រដ្ឋសភា​កាលពី​ថ្ងៃ​ ១៦ ខែ​​តុលា​បាន​ឲ្យ​ដឹងថា ភាគី​នានា​នៃ​កិច្ចព្រមព្រៀង​នេះ​នឹង​អនុម័ត​វិធានការ​នានា​ដើម្បី​និរន្តរភាព​យូរអង្វែង​នៃ​ប្រភេទ​ត្រី​ពាក់ព័ន្ធ និង​រក្សា​ការប្រើប្រាស់​ឲ្យ​បាន​ប្រសើរ​បំផុត​។ ការពារ​ជីវចម្រុះ​នៅក្នុង​បរិស្ថាន​សមុទ្រ​ធានា​នូវ​ការប្រើប្រាស់​។ ចាត់វិធានការ​ដើម្បី​ទប់ស្កាត់​ ឬ​លុបបំបាត់​ការនេសាទ​ហួស​កម្រិត​ និង​សមត្ថភាព​ធ្វើ​នេសាទ​លើសលប់​។

សេចក្តី​ថ្លែងហេតុ​បានបញ្ជាក់​ថា​ «(​ភាគី​នានា​នៃ​កិច្ចព្រមព្រៀង​នេះ​) ​ប្រមូល និង​ចែករំលែក​ទាន់​ពេលវេលា​នូវ​ទិន្នន័យ​ស្តីពី​សកម្មភាព​នេសាទ​រួមទាំង​ទីតាំង​របស់​នាវា ព្រមទាំង​ផល​ចាប់​ទាំង​ប្រភេទ​គោលដៅ និង​មិនមែន​ជា​ប្រភេទ​គោលដៅ និង​សមត្ថភាព​នេសាទ​ និង​ទី​ ៥. អនុវត្ត និង​ជំរុញ​វិធានការ​គ្រប់គ្រង និង​អភិរក្ស​តាមរយៈ​ការតាមដាន ត្រួតពិនិត្យ និង​ការអង្កេត​ប្រកប​ដោយ​ប្រសិទ្ធភាព​»​។

ក្រោយពី​រដ្ឋសភា​អនុម័ត​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ថ្លែងថា​៖ «​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​នឹង​ប្រើប្រាស់​ច្បាប់​នេះ​ព្រមទាំង​ប្តេជ្ញាចិត្ត​ធ្វើការ​ផ្សព្វផ្សាយ​អនុវត្ត​ច្បាប់​នេះ​ជាមួយ​អន្តរ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ក្នុង និង​ក្រៅប្រទេស​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​កំណែ​ទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​ក្នុង​វិស័យ​កសិកម្ម​»​។

ដោយឡែក​នៅ​ថ្ងៃ​ដដែល​​នោះ​ដែរ​សមាជិក​រដ្ឋសភា​ទាំង​ ១១០ ​រូប​ ក៏បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ចំនួន​ ៦ ​ផ្សេង​ផង​​ដែរ ក្នុង​នោះ​មាន​ច្បាប់​ពាក់ព័ន្ធ​ការអភិវឌ្ឍ​វិស័យ​អគ្គិសនី និង​ការគ្រប់គ្រង​ក្រុមហ៊ុន​វិនិយោគ​​អគ្គិសនី​នៅ​ប្រទេស​កម្ពុជា​តាម​បណ្ដា​ខេត្ត​មួយចំនួន​ដូចជា​​នៅក្នុង​ខេត្តពោធិ៍សាត់ បាត់ដំបង ស្វាយរៀង បន្ទាយមានជ័យ និង​ការទិញ​អគ្គិសនី​ពី​ប្រទេស​ឡាវ រួមទាំង​ច្បាប់​ផ្សេង​ទៀត​ជាដើម​៕