
លោក អង្គវង្ស វឌ្ឍានា កាលពីកន្លងមក ។ ហុង មិនា
ភ្នំពេញៈ រដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា បានកោះហៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា ឲ្យចូលបំភ្លឺនៅក្នុងសម័យប្រជុំរដ្ឋសភានៅថ្ងៃព្រហស្បតិ៍នេះ ទាក់ទងនឹងការងារទូទៅរបស់ក្រសួងយុត្ដិធម៌ ដែលបានអនុវត្ដកន្លងមក។ នេះបើតាមលោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាប្រាប់ភ្នំពេញប៉ុស្ដិ៍ កាលពីថ្ងៃម្សិលមិញ។
គណៈកម្មាធិការអចិន្រៃ្តយ៍នៃរដ្ឋសភាបានបើកកិច្ចប្រជុំមួយកាលពីម្សិលមិញដែលដឹកនាំដោយលោក ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីពិនិត្យសំណើសុំអញ្ជើញលោក អង្គវង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឲ្យចូលមកបំភ្លឺទៅនឹងសំណួររបស់សមាជិករដ្ឋសភានៅថ្ងៃព្រហស្បតិ៍នេះ។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «រដ្ឋសភានឹងចោទសំណួរលើការងាររបស់ក្រសួងយុត្ដិធម៌ ការរៀបចំរបស់ក្រសួងយុត្ដិធម៌នៅក្នុងប្រទេសកម្ពុជា។ ការកោះហៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឲ្យចូលបំភ្លឺនេះ គឺយើងធ្វើតាមនីតិវិធី។ យើងធ្វើតាំងពីសប្ដាហ៍មុនមក គឺមានតំណាងរាស្រ្ដមួយក្រុម គាត់បានស្នើសុំសម្ដេចនាយករដ្ឋមន្រ្ដីឲ្យអញ្ជើញរដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ ហើយសម្ដេចនាយកគាត់អនុញ្ញាត បញ្ចូនមកទើបយើងមានរៀបចំការប្រជុំនេះ។ ការចោទសួរទៅរដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ គឺជាសំណួរអំពីការងាររបស់ក្រសួងយុត្ដិធម៌ជាទូទៅ»។
បើតាមលោក ឡេង ប៉េងឡុង នេះជាលើកទី១ ហើយ ដែលរដ្ឋសភានីតិកាលទី៦ បានកោះហៅរដ្ឋមន្ត្រីថ្នាក់ដឹកនាំក្រសួងរបស់រាជរដ្ឋាភិបាលទៅឆ្លើយបំភ្លឺពាក់ព័ន្ធនឹងការអនុវត្តការងាររបស់ខ្លួន ចាប់តាំងពីចូលកាន់តំណែងសម្រាប់អាណត្តិថ្មីដែលមានរយៈពេលប្រមាណ ១ ឆ្នាំកន្លងមក។
យ៉ាងណាក្ដី ចំពោះការកោះហៅរដ្ឋមន្ត្រីមកបំភ្លឺបែបនេះក៏ធ្លាប់កើតមានផងដែរ នាពេលកន្លងមក ប៉ុន្តែដំណើរការនេះត្រូវបានអញ្ជើញដោយមន្ត្រីនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ប៉ុណ្ណោះដើម្បីឲ្យឆ្លើយបំភ្លឺជុំវិញការអនុវត្ដការងាររបស់ខ្លួន។
ទាក់ទងនឹងការចូលបំភ្លឺនៅរដ្ឋសភានេះ ភ្នំពេញប៉ុស្ដិ៍មិនទាន់អាចសុំការបកស្រាយពីលោក អង្គវង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៅឡើយទេ កាលពីថ្ងៃពុធម្សិលមិញ ដោយលោកឆ្លើយថា កំពុងជាប់រវល់និងថា ចាំលោកទាក់ទងត្រឡប់វិញ ប៉ុន្ដែរហូតមកទល់ម៉ោងចេញផ្សាយ ភ្នំពេញប៉ុស្ដិ៍នៅមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។
ដោយឡែក លោក ជិន ម៉ាលីន និងលោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្ដិធម៌ក៏មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានដែរកាលពីម្សិលមិញ៕