ភ្នំពេញៈ ក្នុង​អង្គប្រជុំ​រដ្ឋសភា​ដែល​មាន​វត្តមាន​សមាជិក​ចំនួន​ ១០៧ ​រូប​ ពី​ម្សិលមិញ​បាន​អនុម័ត​ទាំងស្រុង​ដោយ​គ្មាន​ការកែប្រែ​លើ​សេចក្តីព្រាង​វិសោធនកម្ម​ ១០ ​មាត្រា​នៃ​ច្បាប់​ស្ដីពី​សហជីព​ដែល​មន្ត្រី​រដ្ឋាភិបាល​បាន​អះអាង​ថា​ច្បាប់​នេះ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​តាម​សំណូមពរ​របស់​ភាគី​ពាក់ព័ន្ធ និង​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​មុន​។

បើ​យោងតាម​សេចក្តី​ថ្លែងហេតុ​បាន​ឲ្យ​ដឹងថា ក្នុង​ការអនុវត្ត​ច្បាប់​ស្តីពី​សហជីព​ដោយ​អនុលោម​តាម​អនុសញ្ញា​អន្តរជាតិ​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​គឺ​មាន​សំណូមពរ​របស់​សហជីព និយោជក អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO) និង​ដៃគូ​ពាក់ព័ន្ធ​ផ្សេងទៀត​។ ពួកគេ​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ទៅលើ​មាត្រា​ខ្លះ​នៃ​ច្បាប់​ស្តីពី​សហជីព​ក្នុង​គោលបំណង​សម្រួល​ដល់​ការអនុវត្ត សិទ្ធិសេរីភាព​ក្នុង​ការបង្កើត​អង្គការ​វិជ្ជាជីវៈ​បន្ថែម​ទៀត ដើម្បី​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​នៃ​ការវិវឌ្ឍ​ផ្នែក​សង្គម សេដ្ឋកិច្ច​កម្ពុជា​បច្ចុប្បន្ន​។

លោក​ អ៊ិត សំហេង ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ​ថ្លែង​នៅក្នុង​អង្គប្រជុំ​សភា​ថា ដើម្បី​លើកកម្ពស់​សិទ្ធិ សេរីភាព អង្គការ​វិជ្ជាជីវៈ និង​ភាពសុខដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​ឱ្យ​កាន់តែ​ប្រសើរ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ក្រសួង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជា​សេនាធិការ​នោះ​បាន​បង្កើត​ក្រុមការងារ​ផ្នែក​ច្បាប់​ដើម្បី​រៀបចំ​តាក់តែង​សេចក្តី​ព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​នៅ​ត្រង់​មាត្រា​ ៣ មាត្រា​ ១៧ មាត្រា​ ២០ មាត្រា​ ២១ មាត្រា​ ២៧ មាត្រា​ ២៨ មាត្រា​ ២៩ មាត្រា​ ៥៤ មាត្រា​ ៥៥ និង​មាត្រា​ ៥៩ នៃ​ច្បាប់​ស្តីពី​សហជីព​។

លោក​បញ្ជាក់ថា​៖ «(​សេចក្តី​ព្រាង​ច្បាប់​) ​សម្រួល​នីតិវិធី​នៃ​ការចុះបញ្ជី​សហជីព ដែល​បញ្ញតិ្ត​ក្នុង​មាត្រា​ ២០ ​ថ្មី និង​មាត្រា​ ២១ ​ថ្មី​ដោយ​មិន​តម្រូវ​ឱ្យ​ធ្វើ​សេចក្តី​ប្រកាស​ផ្ទាល់ខ្លួន​ថា​មាន​កម្រិត វប្បធម៌​យ៉ាងហោច​ណាស់​ចេះ​អាន ចេះ​សរសេរ​អក្សរ​ខ្មែរ និង​មិន​ធ្លាប់​ទទួល​ការផ្តន្ទាទោស​ពី​បទមជ្ឈិម​ ឬ​បទឧក្រិដ្ឋ​ចំពោះ​កម្មករនិយោជិត​ខ្មែរ​។ មិន​តម្រូវ​ឱ្យធ្វើ​សេចក្តីប្រកាស​ថា​មិន​ធ្លាប់​ទទួល​ការផ្តន្ទាទោស​ពី​បទមជ្ឈិម ឬ​បទឧក្រិដ្ឋ​ចំពោះ​កម្មករនិយោជិត​ជា​ជនបរទេស​និង​និយោជក​ដែល​ចង់​ក្លាយជា​អ្នកដឹកនាំ​គ្រប់គ្រង​ និង​អ្នកទទួល​ខុសត្រូវ​កិច្ចការរដ្ឋបាល​នៃ​អង្គការ​វិជ្ជាជីវៈ​។

លោក​បន្តថា​៖ «​សម្រួល​នីតិវិធី​នៃ​ការរក្សា​បញ្ជិកា​ដោយ​មិន​តម្រូវ​ឱ្យ​សហជីព​ចម្លង​របាយការណ៍​សកម្មភាព​ និង​ហិរញ្ញវត្ថុ​ជូន​ក្រសួង​ទទួលបន្ទុក​វិស័យ​ការងារ​។ ប៉ុន្តែ​មាន​កាតព្វកិច្ច ធ្វើ​សវនកម្ម​របាយការណ៍​ទាំងនេះ​ក្នុង​ករណី​មាន​ការស្នើសុំ​ពី​សមាជិក​មួយ​ចំនួន ឬ​ម្ចាស់ជំនួយ​ណា​មួយ​ដូច​មាន​កំណត់​ក្នុង​មាត្រា​ ១៧ ​ថ្មី និង​មាត្រា​ ២៧ ​ថ្មី​»​។

លោក​រដ្ឋមន្ត្រី​បន្ថែមថា​៖ «​កែសម្រួល​នីតិវិធី និង​មូលហេតុ​ក្នុង​ការរំលាយ​អង្គការ​វិជ្ជាជីវៈ​ដោយ​បញ្ជាក់​លក្ខខណ្ឌ​ថា សហជីព​មួយ​ត្រូវ​បាន​រលាយ​ដោយ​ស្វ័យប្រវត្តិ​ក្នុង​ករណី​ដែល​សហគ្រាស​ ឬ​គ្រឹះស្ថាន​ត្រូវបាន​បិទ​លែង​ដំណើរការ​ជា​ស្ថាពរ និង​បាន​ទូទាត់​ជា​ស្ថាពរ​នូវ​ប្រាក់​ឈ្នួល​ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​របស់​កម្មករនិយោជិត ដូច​មាន​កំណត់​ក្នុង​មាត្រា​ទី​ ២៨ ​ថ្មី​»​។

ក្រោយពី​រដ្ឋសភា​អនុម័ត​ហើយ លោក​រដ្ឋមន្ត្រី​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា សេចក្តី​ព្រាងច្បាប់​នេះ​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​ពេលមុន​។

លោក​ថ្លែងថា​៖ «​យើង​មាន​ការខិតខំ​ប្រឹងប្រែង​ច្រើន​។ ការធ្វើ​វិសោធនកម្ម​នេះ​វា​ផ្អែក​ទៅ​លើ​សំណូមពរ ហើយ​សំណូមពរ​មិនមែន​តែ​ភាគី​សហជីព​មួយ​នោះទេ​ក្នុង​នោះ​មាន​ភាគី​ផ្សេងទៀត ដែល​ពាក់ព័ន្ធ​។ ដូច្នេះ​ការសម្រួល​មិនអាច​ឆ្លើយតប​ភាគី​ទាំងស្រុង​នោះទេ តែ​យ៉ាងណា​វា​បាន​ប្រសើរ​ជាង​មុន​ច្រើន​»​។

ជាមួយ​គ្នា​នេះ​សេចក្តី​ថ្លែងហេតុ​ឱ្យដឹងថា​សេចក្តី​ព្រាងច្បាប់​នេះ​ពិតជា​មាន​សារៈសំខាន់​ចំពោះ​ការធានា​សិទ្ធិ សេរីភាព​អង្គការ​វិជ្ជាជីវៈ​ដែលជា​ចំណុច​ស្នូល​ក្នុង​ការអនុវត្ត​គោលនយោបាយ​រាជរដ្ឋាភិបាល​នៃ​ការផ្សារភ្ជាប់​ពាណិជ្ជកម្ម​អន្តរជាតិ​ទៅនឹង​លក្ខខណ្ឌ​ការងារ​ដែល​បាន​លើកកម្ពស់​កិត្យានុភាព​របស់​កម្ពុជា​ក្នុង​ការប្រកួតប្រជែង​ទាក់ទាញ​វិនិយោគ​ និង​បង្កើត​ការងារ​ជូន​កម្មករ និយោជិត និង​បង្ហាញ​អំពី​ការប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការលើកកម្ពស់​សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិត​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ​។

បើ​យោងតាម​សេចក្តី​ថ្លែងហេតុ​បានឱ្យ​ដឹងថា ក្រោយ​ការចូល​ជាធរមាន​នៃ​ច្បាប់​ស្តីពី​សហជីព គិត​ត្រឹម​ខែ​កញ្ញា ឆ្នាំ​ ២០១៩ អង្គការ​វិជ្ជាជីវៈ​សរុប​ចំនួន​ ១ ៦៩២ ត្រូវ​បាន​ចុះបញ្ជី​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ ក្នុងនោះ​សហជីព​មូលដ្ឋាន​ចំនួន ​១ ៥៦៦ សហព័ន្ធ​សហជីព​ចំនួន​ ១០៦ សហភាព​សហជីព​ចំនួន ​១៥ និង​សមាគម​និយោជក​ចំនួន​ ៥​។

ប៉ុន្តែ​លោក ​ប៉ាវ ស៊ីណា ប្រធាន​សហជីព​ចលនា​កម្មករ​ថ្លែង​ពី​ម្សិលមិញ​ថា រាជរដ្ឋាភិបាល​មិន​បាន​ទទួលយក​គំនិត​ពី​ភាគី​សហជីព​ដែល​បាន​ស្នើឱ្យ​បញ្ចូល​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ​នោះទេ​។ លោក​អះអាង​ថា​សេចក្តី​ព្រាង​ច្បាប់​ខាងលើ​នេះ​នៅតែ​បង្ក​ការ​ប្រឈម​សម្រាប់​សហជីព​ដដែល ពីព្រោះ​វា​មិន​មាន​អ្វី​កែប្រែ​ខ្លឹមសារ​ច្រើន​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​វិសោធនកម្ម​ច្បាប់​ស្តីពី​សហជីព​នេះ​មិន​បាន​ធ្វើការ​កែប្រែ​តាម​យោបល់​របស់​ពួកយើង​នោះទេ​។ ដូច្នេះ​ច្បាប់​នេះ​នៅតែ​បង្ក​ឧបសគ្គ​ដដែល ដោយសារ​តែ​ខ្លឹមសារ​វា​គ្មាន​ប្រែប្រួល​។ គេ​គ្រាន់តែ​កែ​អក្ខរាវិរុទ្ធ​ និង​ពាក្យពេចន៍​ខ្លះ គ្មាន​អី​កែ​ទេ​។ ច្បាប់​ហ្នឹង​មិន​បម្រើ​ផលប្រយោជន៍​កម្មករ​នោះទេ ដោយសារ​ច្បាប់​នេះ​កាត់បន្ថយ​អំណាច​របស់​កម្មករ ​និង​សហជីព​ដែលជា​តំណាង​កម្មករ​»​។

លោក​ អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​ការអនុម័ត​ខាងលើ​បាន​នោះទេ​ពី​ម្សិលមិញ​៕