ភ្នំពេញៈ រដ្ឋសភា​បានសម្រេច​ជា​ឯកច្ឆន្ទ​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​កាលពី​ម្សិលមិញ​បើកផ្លូវ​ឱ្យ​មាន​ការសាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​ចំនួន​ ២ ដែល​មាន​តម្លៃ​សរុប​​ចំនួន​ ១ ៦៦៥ ​លាន​ដុល្លារ​​អាមេរិក ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​ឲ្យ​បាន​ ១០០ ​ភាគរយ​សម្រាប់​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ​ ២០២៤​។

សមាជិក​រដ្ឋសភា​បាន​ឲ្យ​ដឹង​នៅក្នុង​កិច្ចប្រជុំ​ថា រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​ចំនួន​ ២ ដែល​ ១ ​ស្ថិត​នៅក្នុង​ខេត្តកោះកុង និង​ ១ ​ទៀត​ស្ថិតនៅក្នុង​ខេត្ត​ឧត្តរមានជ័យ​។

លោក ហេង សំរិន ប្រធាន​​រដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​​រដ្ឋសភា​ជា​វិសាមញ្ញ ដើម្បី​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​ ៣ ដែលជា​គម្រោង​វិនិយោគ​លើ​គម្រោង​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​។

ក្នុងចំណោម​សេចក្ដី​ព្រាងច្បាប់​ទាំង​ ៣ ​នោះ​គឺ​សេចក្ដីព្រាងច្បាប់​ចំនួន​ ២ ជា​គម្រោង​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​អានុភាព​ ៧០០ ​មេហ្គាវ៉ាត់​នៅ​ខេត្តកោះកុង​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ អ៊ិនវេសម៉ិន គ្រុប ឯ.ក និង​គម្រោង​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​អានុភាព​ ២៦៥ ​មេហ្គាវ៉ាត់​នៅ​ខេត្ត​ឧត្តរមានជ័យ​របស់​ក្រុមហ៊ុន ហាន សេង ខូល ម៉ាញ​។

ចំណែក​សេចក្ដីព្រាងច្បាប់​មួយទៀត​គឺជា​គម្រោង​វិនិយោគ​សាងសង់​ខ្សែបណ្ដាញ​បញ្ជូន​អគ្គិសនី​តង់ស្យុង​ ២៣០ ​គីឡូវ៉ុល តភ្ជាប់​ពី​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​ខេត្ត​ឧត្តរមានជ័យ​មក​អនុស្ថានីយ​សៀមរាប​ខាងកើត​របស់​ក្រុមហ៊ុន ហាន សេង ខូល ម៉ាញ​។

លោក វិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​លើកឡើង​ថា បច្ចុប្បន្ន​នៅក្នុង​ចំណោម​ខ្នង​ផ្ទះ​ទាំងអស់​ប្រមាណ​ ៣ ​លាន​ ៨ ​សែន​នៅ​ទូទាំងប្រទេស​គឺ​នៅសល់​ខ្ទង់​ ៥០ ​ម៉ឺន​ខ្នង​ផ្ទះ​ទៀត​ ឬ​ស្មើនឹង​ ៧% ដែល​ពុំទាន់​មាន​អគ្គិសនី​ប្រើប្រាស់​នៅឡើយ​។

លោក​បន្តថា ការបង្កើត​រោងចក្រ​អគិ្គសនី​ដុតធ្យូងថ្ម​ទាំង​ ២ ​នេះ​មាន​បំណង​ផ្គត់ផ្គង់​អគ្គិសនី​ទៅកាន់​ខ្នង​ផ្ទះ​នៅសល់​ប្រហែល​ ៧% ​នោះ​ដើម្បី​ឱ្យ​ពលរដ្ឋ​នៅក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​មាន​អគ្គិសនី​ប្រើប្រាស់​ទាំងអស់​គ្នា​នៅ​ត្រឹម​ឆ្នាំ​ ២០២៤ ​ខាងមុខ​។

លោក​ថា​៖ «​ទី​ ១ យើង​ធ្វើយ៉ាងណា​ឱ្យ​ការផ្គត់ផ្គង់​អគ្គិសនី​ឱ្យ​ពលរដ្ឋ​ទាំងអស់​នៅ​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​មាន​អគ្គិសនី​​ប្រើប្រាស់ ហើយ​ទី​ ២ ​ដោយសារ​ថាមពល​​អគ្គិសនី​ជា​ស្នូល​នៃ​ការអភិវឌ្ឍ គឺ​ធ្វើ​យ៉ាងណា​ដើម្បី​ជួយ​បង្កើត​ការងារ​ជូន​ពលរដ្ឋ​យើង​បន្ថែមទៀត​»​។

លោក វិចទ័រ ហ្សូនា បញ្ជាក់ថា​គម្រោង​សាងសង់​រោងចក្រ​អគ្គិសនី​នៅ​ខេត្តកោះកុង​ដោយ​ក្រុមហ៊ុន​របស់​លោក គិត ម៉េង គឺ​មាន​ទំហំ​ទឹកប្រាក់​វិនិយោគ​ចំនួន​ ១៤០០ ​លាន​ដុល្លារ ខណៈ​គម្រោង​សាងសង់​រោងចក្រ​អគ្គិសនី​នៅ​ខេត្ត​ឧត្តរមានជ័យ​ដែលជា​ក្រុមហ៊ុន​ខ្មែរ​សហការ​ជាមួយ​ចិន​គឺ​មាន​ទំហំ​ទឹកប្រាក់​ចំនួន​ ២៦៥ ​លាន​ដុល្លារ​។

បើតាម​តួលេខ​ពី​ក្រសួង​រ៉ែ និង​ថាមពល​បញ្ជាក់ដែរ​ថា ភូមិ​ចំនួន​ ១៣១៣១ គឺ​ទទួល​បាន​អគ្គិសនី​ប្រើប្រាស់​ក្នុង​ចំណោម​ភូមិ​សរុប​ទាំងអស់​ចំនួន​ ១៤១៦៨ ​ភូមិ ខណៈ​ក្រសួង​អះអាង​ថា​ត្រឹម​ឆ្នាំ​ ២០២០ ​នេះ​ការតភ្ជាប់​បណ្ដាញ​អគ្គិសនី​ចូល​ភូមិ​គឺ​នឹង​ធ្វើឱ្យ​បាន ​១០០%៕