ភ្នំពេញៈ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បាន​ស្នើឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ សូម​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ ដើម្បី​ទុក​លទ្ធភាព​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ជាយក្រុង​អាច​មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​ក្នុង​រដូវកាល​ខ្វះខាត​ទឹក ដោយសារ​សម្ពាធ​ទឹក​មានការ​ថមថយ​ និង​ខ្វះ​ទឹក​ប្រើ​ក្នុង​រដូវប្រាំង​នេះ​។

យោងតាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី​ ១៦ ខែ មីនា ឆ្នាំ​ ២០២១ បានឱ្យដឹងថា ក្នុង​បរិបទ​កូវីដ​ ដែល​រង​ផល​ប៉ះពាល់​គ្រប់​ចរន្ត​នៃ​សេដ្ឋកិច្ចជាតិ​ទាំងមូល​ក្នុងនោះ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ក៏​ទទួលរង​នូវ​ឥទ្ធិពល​នេះដែរ​។

ប៉ុន្តែ​ទោះបី​ស្ថិត​ក្នុង​ស្ថានភាព​ដ៏លំបាក​នេះ​យ៉ាងណាក្តី​ក៏​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ នៅតែ​ដំណើរការ បម្រើ​សេវា​ជូន​អតិថិជន​ក្នុង​រាជធានី-ភ្នំពេញ និង​ក្រុង​តាខ្មៅ ២៤ ម៉ោង​... ​និង​ជា​រៀងរាល់ថ្ងៃ​។

សេចក្តី​ជូនដំណឹង​បាន​បន្តថា នៅ​រដូវប្រាំង​នេះ​កម្ពស់​ទឹកទន្លេ​បាន​ស្រក​ចុះ​ទាប​ជាង​សព្វដង ការផលិត​ទឹក និង​ការប្រើប្រាស់​ទឹក​នៅ​មាន​អតុល្យភាព​គឺអាច​មាន​ការខុសគ្នា​នៃ​សម្ពាធ​ទឹក​ខ្លាំង​ ឬ​ខ្សោយ នៅពេល​ដែល​អតិថិជន​សម្រុក​ប្រើប្រាស់​ទឹក​ក្នុងពេល​តែមួយ​។ មានន័យថា សេចក្តី​ត្រូវការ​លើសពី​សមត្ថភាព​នៃ​ការផ្គត់ផ្គង់​ដែល​ធ្វើឱ្យ​សម្ពាធ​ទឹក​នៅតាម​តំបន់​ជាយក្រុង​នឹង​បន្ត​ធ្លាក់​ថមថយ​ចុះ​ជាង​ពេលមុន ឬ​ខ្វះ​ទឹក​ប្រើប្រាស់​នៅ​តំបន់​ជាយក្រុង​ខ្លះ​។

រដ្ឋាករទឹក​ស្វយ័ត​បញ្ជាក់ថា​៖ «​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ សូម​ការយោគយល់​អធ្យាស្រ័យ​ពី​ប្រជាពលរដ្ឋ​ប្រមាណ​ជា​ ៤០ ០០០ ​គ្រួសារ​ ដែល​រស់នៅ​ប៉ែក​ខាងលិច​នៃ​រាជធានីភ្នំពេញ​ក្នុង​ភូមិ​ខ្លះ​នៃ​សង្កាត់​មួយចំនួន​ដូចជា កំបូល ភ្លើង​ឆេះ​រទេះ ឃ្មួញ ក្រាំងធ្នង់ គោករកា កន្ទោក ស្នោ ត្រពាំងក្រសាំង​ និង​សង្កាត់​សំរោងក្រោម ជាដើម​»​។

ស្ថិតក្នុង​បរិបទ​មួយ​ដែល​រាជធានី​ភ្នំពេញ​មាន​កំណើន​សេដ្ឋកិច្ច​សង្គម​យ៉ាង​លឿន​ក្នុង​នោះ​មាន​កំណើន​ប្រជាពលរដ្ឋ​កើនឡើង​ជា​បន្តបន្ទាប់ និង​ផ្ទៃ​សេវា​ផ្គត់ផ្គង់​ទឹក​កាន់តែ​ធំ​ទៅៗ​ផង​នោះ តម្រូវ​ឱ្យ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ត្រូវ​សាងសង់​រោងចក្រ​ផលិត​ទឹក​ថ្មីៗ និង​ពង្រីក​ការងារ​ដាក់​បំពង់​មេ​ចែកចាយ​ទឹក​បន្ថែមទៀត​សំដៅ​បំពេញតម្រូវការ​ប្រើប្រាស់​ដ៏គំហុក​នេះ​។

រដ្ឋាករទឹក​លើកឡើង​ថា​៖ «​យើង​បាន​ស្វែងរក​ដៃគូ​ជំនួយ​កិច្ចសហការ​គ្រប់​ជ្រុងជ្រោយ សំដៅ​បំពេញ​សេចក្តី​ត្រូវការ​ប្រើប្រាស់​ទឹកស្អាត​របស់​ប្រជាពលរដ្ឋ ស្របតាម​គោលនយោបាយ​វិស័យ​ទឹកស្អាត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ដោយ​ធានាបាន​នូវ​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជូន​ប្រជាពលរដ្ឋ​គ្រប់រូប​ ១០០% នៅតាម​ទីប្រជុំជន​ត្រឹម​ឆ្នាំ​ ២០២៥ តទៅ​»​។

បច្ចុប្បន្ន​រោងចក្រ​ផលិត​ទឹកស្អាត​បាក់ខែង​បាននិង​កំពុង​ដំណើរការ​សាងសង់​យ៉ាងសកម្ម ដែល​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​ ១ ខែ​ កុម្ភៈ ឆ្នាំ​ ២០២១ កន្លងទៅ​។ «​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​សូម​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ ដែលមាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់ និង​មាន​សម្ពាធ​សមស្រប​ហើយ​នោះ មេត្តាជួយ​សន្សំសំចៃ​ទឹក​ក្នុង​ការប្រើប្រាស់ ដើម្បី​ទុក​លទ្ធភាព​ និង​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​ជាយក្រុង​ភ្នំពេញ​អាច​ទទួលបាន​ទឹក​ប្រើប្រាស់​ក្នុងន័យ​ចែករំលែក​ទឹក​គ្នា​ប្រើ​ក្នុង​រដូវកាល​ខ្វះខាត​នេះ​»​។

ជាមួយ​គ្នា​នេះដែរ រដ្ឋាករទឹក បញ្ជាក់​ថា​បើទោះបី​ស្ថិតក្នុង​រដូវកាល និង​កាលៈទេសៈ​ដ៏លំបាក​នេះ​ក្តី​ក៏​ស្ថាប័ន​របស់​ខ្លួន​នៅតែ​បន្ត​ខិតខំ​ និង​យកចិត្ត​ទុកដាក់​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​ការផលិត​ទឹក​ដែល​មាន​គុណភាព​ស្រប​តាម​ស្តង់ដា​ទឹក​ផឹក​ថ្នាក់ជាតិ និង​ស្តង់ដា​ទឹក​ផឹក​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)​។

ការណ៍​នេះ​ គឺ​ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការផ្គត់ផ្គង់​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​ប្រកប​ដោយ​សុវត្ថិភាព និង​អនាម័យ​ដែល​អាច​ឱ្យ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ សម្រាប់​ជីវភាព​ប្រចាំថ្ងៃ ព្រោះ​ទឹកស្អាត​គឺជា​ចំណែក​មួយ​ដ៏សំខាន់​ក្នុង​ការការពារ​ជំងឺឆ្លង​កូវីដ​ ១៩​ ផងដែរ​ ក្នុង​បរិបទ​បច្ចុប្បន្ននេះ​។

អ្នកស្រី ទេព និមល ប្រជាពលរដ្ឋ​រស់នៅក្នុង​បុរី​ ១ ​កន្លែង​ក្នុង​សង្កាត់​គោករកា ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ម្សិលមិញ​ថា អ្នកស្រី​តែងតែ​ក្រោក​ពី​ម៉ោង​ ៤ ​ឬ​ ៥ ​ព្រឹក​ជា​រៀងរាល់ថ្ងៃ ដើម្បី​ត្រងទឹក​ទុក​ក្នុង​ស៊ីទែន សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​។ អ្នកស្រី​ថា៖ «​ពេលខ្លះ​ខ្ញុំ​តែងតែ​ងើប​ពី​កណ្តាល​អធ្រាត្រ​ទៅ ដើម្បី​បើកទឹក​ទុក​ប្រើប្រាស់ ដោយសារ​បើ​មិន​ធ្វើ​ដូចនេះ​ទេ គឺ​ខ្ញុំ​នឹងមិន​មានទឹក​ប្រើប្រាស់​ទេ ហើយ​ការខ្វះខាត​ទឹក​នេះ គឺ​ខ្វះ​យូរ​មក​ហើយ មិន​ថា រដូវប្រាំង ឬ​រដូវវស្សា​ទេ ក្នុង​រយៈពេល​ ៤ ​ឆ្នាំ ​ដែល​ខ្ញុំ​បាន​មក​រស់នៅ​ក្នុង​តំបន់​នេះ​»​។

អ្នកស្រី​បានស្នើ​ទៅដល់​អ្នក​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ ​គួរតែ​ប្រើប្រាស់​ទឹក​សន្សំសំចៃ​ដើម្បី​រក្សា​ទឹក​ផង​ និង​ដើម្បី​ជួយ​ដល់​អ្នក​ដែល​រស់នៅ​ជាយក្រុង​អាចមាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់ ពិសេស​ក្នុង​រដូវប្រាំង​នេះ​៕

វីដេអូ៖