ភ្នំពេញៈ ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ និង​អគ្គិសនី​កម្ពុជា​ប្រកាស​មិន​ផាកពិន័យ​ និង​ផ្តាច់ការ​ផ្គត់ផ្គង់​ទឹក​ និង​ភ្លើង​ដល់​ពលរដ្ឋ​នោះទេ​ បើទោះ​ជា​អ្នកប្រើប្រាស់​មិនទាន់​បង់​សេវា​នេះ​ក្នុង​អំឡុងពេល​បិទ​ខ្ទប់ ប៉ុន្តែ​អំពាវនាវ​ឲ្យ​អ្នកមាន​លទ្ធភាព​ចូលរួម​បង់​សេវា​ឲ្យ​បាន​ទាន់ពេល។

រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ប្រកាស​បិទ​ខ្ទប់ ខណៈ​តំបន់​មួយចំនួន ត្រូវ​បាន​កំណត់​ជា «តំបន់​ក្រហម» ដោយ​ហាមប្រាម​មនុស្ស​ចេញពីផ្ទះ​ដែលជា​ផ្នែក​មួយ​នៃ​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ១៩ ដែល​កំពុង​រីក​រាលដាល​នៅ​កម្ពុជា។

លោក ស៊ឹម ស៊ីថា អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅថ្ងៃនេះ​ថា ដោយ​យល់​ពី​ទុក្ខលំបាក​របស់​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ការខកខាន​មិនទាន់​ទូទាត់​សេវា​ទឹក​តាម​ការកំណត់​នឹងមិន​ត្រូវ​ទទួល​ការផាកពិន័យ​នោះទេ។ នៅក្នុង​អំឡុង​ពេលនេះ​បើទោះជា​ពលរដ្ឋ​មិនទាន់បាន​បង់​សេវា​នេះ ក៏​មិន​ត្រូវ​បាន​ផ្តាច់​សេវា​ទឹក​មិន​ប្រើប្រាស់​នោះដែរ។

លោក​បាន​បញ្ជាក់ថា៖ «ក្នុងស្ថានភាព​នេះ យើង​ត្រូវ​ចូលរួម​ជាមួយ​រដ្ឋាភិបាល ធ្វើ​យ៉ាងម៉េច ផ្គត់ផ្គង់​ទឹក​ឲ្យ​ប្រជាពលរដ្ឋ​យើង​ក្នុង​ក្រុង​ឲ្យ​បាន​ប្រើប្រាស់​គ្រប់គ្រាន់។ រឿង​បង់​ ឬ​មិន​បង់ថ្លៃ​ទឹក​នោះ​ក្នុង​ពេលនេះ គឺ​យើង​ទុក​មួយ​ឡែក​សិន ហើយ​គណៈ​គ្រប់គ្រង​យើង ក៏​បាន​សម្រេច យើង​នឹងមិន​ពិន័យ​លើ​ពួកគាត់​ទេ»។

ស្រដៀង​គ្នា​នេះ​លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅថ្ងៃនេះ​ដែរ​ថា ការខកខាន​មិនបាន​បង់ថ្លៃ​ភ្លើង​ទាន់​ពេលវេលា​ក៏​មិន​ទទួល​ការពិន័យ និង​ផ្តាច់​សេវា​នេះ​មិន​ឲ្យ​ប្រើប្រាស់​នោះដែរ។ក៏ប៉ុន្តែ លោក នៅតែ​ទទូច​ឲ្យ​ពលរដ្ឋ​ដែល​មាន​លទ្ធភាព គួរ​ចូលរួម​បង់​សេវា​នេះ​តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​អាច​ឲ្យ​អគ្គិសនី​កម្ពុជា មាន​ថវិកា​បង្វិល​ទៅ​ទូទាត់​ថ្លៃ​ជាវ​ភ្លើង​នេះ​ជាមួយ​ប្រទេស​ជិតខាង។

លោក​បាន​បញ្ជាក់ថា៖ «យើង​អត់​មាន​ពិន័យ​អ្វី​ទៅ​ពួកគាត់​ទេ​បើ​ពួកគាត់​បង់​មិនទាន់​ពេលវេលា ប៉ុន្តែ​យើង​ក៏​សំណូមពរ​ឲ្យ​បងប្អូន​យើង​ជួយ​បង់​ឲ្យ​អស់​លទ្ធភាព​ក្នុង​កម្រិតណា ដែល​អាច​បង់​បាន។ ដោយសារតែ​អគ្គិសនី​កម្ពុជា​យើង​ត្រូវការ​ថវិកា​នេះ​យក​ទៅ​សង់​ថ្លៃ​ភ្លើង ដែល​យើង​បាន​ទិញ​ពី​គេ​ដូចគ្នា»។

លោក​បញ្ជាក់​បន្ថែមថា៖ «មិន​ត្រឹមតែ​មិន​ផ្តាច់​ភ្លើង​ទេ ក្នុង​អំឡុង​ពេលនេះ បើ​បងប្អូន​មាន​បញ្ហា​អ្វី នៅ​កន្លែង​ណា នៅតែ​អាច​ហៅ​ភ្នាក់ងារ​យើង​ទៅពិនិត្យ​មើល​ដល់​លំនៅឋាន​គាត់ បើទោះបី​តំបន់​នោះ​ស្ថិត​ក្នុង​តំបន់​ក្រហម​ក៏ដោយ»។

ក្រៅពីនេះ លោក កែវ រតនៈ បាន​អះអាង​ថា ចំពោះ​ករណី​ដែល​រដ្ឋាភិបាល​ផ្តល់​សេវា​នេះ​ដោយ​មិន​គិតថ្លៃ​ជូន​ពលរដ្ឋ​ដែលមាន​ផ្ទុក​ជំងឺ​កូវីដ១៩​នោះ​គឺ​ពលរដ្ឋ​នៅតែ​ត្រូវ​បង់​សេវា​នេះ​តាម​ប្រតិបត្តិការ​ដដែល​ទេ​ដោយ​គ្រាន់តែ​ក្រសួង​សេដ្ឋកិច្ច​នឹង​ទូទាត់​ថវិកា​ដែល​បាន​បង់​នេះ​ជូន​ពួកគាត់​នៅពេល​ក្រោយ​វិញ។

កញ្ញា កាន់ និកា ជា​ពលរដ្ឋ​រស់នៅក្នុង​តំបន់​ផ្លូវ​រថភ្លើង​សង្កាត់​បឹងកក់ ១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​បាន​សាទរ​ចំពោះ​ការមិន​ផាកពិន័យ​របស់​ស្ថាប័ន​ទាំង២នេះ​ដោយ​កញ្ញា​ថ្លែងថា ការលើកលែង​នេះ​បាន​ចូលរួម​ជួយ​ពលរដ្ឋ​ដែល​កំពុង​ប្រឈម​នឹង​ការបិទ​ខ្ទប់ ហាម​មិន​ឲ្យ​ចេញពីផ្ទះ។

ក៏ប៉ុន្តែ​កញ្ញា​បាន​យល់ស្រប​ថា ក្នុង​កាលៈទេសៈ​នេះ ពលរដ្ឋ​ដែលមាន​លទ្ធភាព គួរ​តែ​ចូលរួម​បង់​សេវា​ឲ្យ​បាន​ទាន់ពេលវេលា​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ដោយ​មិន​ត្រូវ​មាន​ការគេចវេះ​នោះទេ ព្រោះថា មុន​នឹង​ក្រោយ ពលរដ្ឋ​គ្រប់រូប​នៅតែ​ត្រូវ​បង់​សេវា​នេះ​ដដែល។

កញ្ញា បាន​បញ្ជាក់ថា៖ ​«ប្រសិនបើ​គាត់ មិន​ទទួលរង​ការពិន័យ​នេះ គឺជា​ការជួយ​សម្រួល​ថវិកា​ពលរដ្ឋ​ក្នុង​គ្រា​នេះដែរ​អ៊ីចឹង។ ម្យ៉ាង​កន្លងទៅ​ឲ្យ​តែមាន​ពលរដ្ឋ​មាន​ការបង់​យឺតយ៉ាវ គឺ​នឹង​ត្រូវបាន​ផ្តាច់​ទឹក ផ្តាច់​ភ្លើង មិន​ឲ្យ​ប្រើប្រាស់​ហើយ។ តែ​ខ្ញុំ​ក៏មាន​គំនិត​ថា បើ​យើង​មាន​លុយ​ហើយ គួរ​បង់​ទៅ បើ​បង់​ផ្ទាល់​មិន​បាន គឺ​បង់​តាមរយៈ​ប្រព័ន្ធ​វីង​ ឬ​ធនាគារ ABA អី អ៊ីចឹង​ទៅ»៕