ភ្នំពេញៈ អង្គការ​ Save the Children ​និង​យូនីសេហ្វ លើកឡើង​ថា ក្នុង​អំឡុងពេល​មាន​ករណី​​ជំងឺ​កូវីដ ១៩ រាជរដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​កម្មវិធី​ឧបត្ថម្ភ​ប្រាក់​ប្រចាំខែ​ជូន​គ្រួសារ​ក្រីក្រ​ជាង​ ២,២ ​លាន​នាក់ ប៉ុន្តែ​អង្គការ​ទាំងនេះ​ថា ប្រសិន​បើ​ពុំមាន​វិធានការ​បន្ទាន់​ទេ កុមារ​ក្រីក្រ​នៅ​ប្រទេស​មាន​ចំណូល​ទាប និង​មធ្យម​អាច​កើន​ ១៥ ​ភាគរយ​នៅ​ចុង​ឆ្នាំ​នេះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​​អង្គការ​ទាំង​ ២ ​កាលពី​ថ្ងៃទី​ ១ ខែ​មិថុនា បាន​បញ្ជាក់ថា​៖ «​ចាប់​តាំងពី​ពេល​ដែល​មាន​ករណី​ជំងឺ​កូវីដ​១៩​មក រាជរដ្ឋាភិបាល​កម្ពុជា​បាន​ពង្រីក​វិសាលភាព​កម្មវិធី​គាំពារ​សង្គម​របស់ខ្លួន​។ ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ប្រចាំខែ​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ​ថ្មី ដោយ​ផ្ដោតលើ​​គ្រួសារ​ដែល​ត្រូវ​បាន​កំណត់​​អត្តសញ្ញាណ​ថា ជា​គ្រួសារ​ក្រីក្រ​​បាន​ទទួល​ការឯកភាព​ហើយ​​គ្រោង​នឹង​ប្រកាស​អនុវត្ត​នៅ​ដើមខែ​មិថុនា ឆ្នាំ​ ២០២០»​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ថែម​​ថា​ «​ដោយមាន​ការគាំទ្រ​ពី​យូនីសេហ្វ សហភាព​អឺរ៉ុប​ Sida GIZ ​និង​អ្នក​ផ្ដល់​ជំនួយ​ផ្សេងទៀត​កម្មវិធី​នេះ​មាន​បំណង​គ្របដណ្ដប់​​លើ​ពលរដ្ឋ​ប្រមាណ​ ៥៤ ​ម៉ឺន​គ្រួសារ​ ដែល​កំពុង​រស់ក្នុង​ភាពក្រីក្រ​ (​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ថា​ជា​គ្រួសារ​ក្រីក្រ​) ​ឬ​ស្មើនឹង​ជាង​ ២,២ ​លាន​នាក់​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ថែមថា កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ឆ្លើយតប​ចំពោះ​តម្រូវការ​របស់​ក្រុម​អ្នក​ងាយ​រងគ្រោះ​បំផុត​រួមទាំង​កុមារ​អាយុ​ពី​ ០-៥ ​ឆ្នាំ​ជន​មាន​ពិការភាព ចាស់ជរា និង​អ្នក​ដែល​រស់នៅ​ជាមួយ​នឹង​មេរោគ​អេដស៍​/​ជំងឺអេដស៍​។

អង្គការ​ទាំង​ ២ ឲ្យ​ដឹងថា​កម្មវិធី​នេះ​នឹង​ផ្ដល់​ថវិកា​បន្ថែម​លើ​​កម្មវិធី​ដែល​មាន​ស្រាប់ ដូចជា កម្មវិធី​ជួយ​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ ០-២ ​ឆ្នាំ និង​កម្មវិធី​ផ្ដល់​អាហារូបករណ៍​ដល់​កុមារ​ដែល​កំពុង​រៀន​នៅ​បឋមសិក្សា​​ និង​មធ្យមសិក្សា​ដែល​កំពុង​អនុវត្ត​នាពេល​បច្ចុប្បន្ន​។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​​ផលប៉ះពាល់​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​កូវីដ​១៩​អាច​រុញច្រាន​កុមារ​ ៨៦ ​លាន​នាក់​បន្ថែម​ទៀត​នៅក្នុង​ពិភពលោក​ឱ្យ​ធ្លាក់​ចូលក្នុង​ភាពក្រីក្រ​នៅ​ចុងឆ្នាំ​នេះ​គឺ​កើនឡើង​ ១៥ ​ភាគរយ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ថែម​​ថា​ «​ការវិភាគ​នេះ​បង្ហាញ​ថា ប្រសិន​បើ​ពុំមាន​ការចាត់​វិធានការ​​បន្ទាន់ ដើម្បី​ការពារ​គ្រួសារ​ពី​ភាពលំបាក​ផ្នែក​ហិរញ្ញវត្ថុ​ដែល​បង្កឡើង​ដោយ​ការរាតត្បាត​ជា​​សកល​ទេ ចំនួន​កុមារ​ដែល​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ​​របស់​ជាតិ​ក្នុង​បណ្តា​ប្រទេស​ចំណូល​ទាប និង​មធ្យម​អាច​កើនឡើង​រហូតដល់ ៦៧២ ​លាននាក់​គិត​ត្រឹម​ចុង​ឆ្នាំនេះ​»​។

លោក ណុប កនណាវុឌ្ឍ អ្នកនាំពាក្យ​ក្រសួង​ផែនការ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១ ខែ​មិថុនា​ថា ក្រសួង​ផែនការ​បានបញ្ចប់​ការកំណត់​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ​តាម​ការស្នើសុំ​ក្នុង​អំឡុងពេល​កូវីដ​១៩​នៅ​ជនបទ​រួចហើយ​កាលពី​ចុងខែ​មុន ហើយ​កំពុង​រៀបចំ​បូកសរុប​របាយការណ៍​នេះ​។ ​បន្ទាប់មក​ក្រសួងផែនការ​នឹង​ពិភាក្សា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដើម្បី​រៀបចំ​ការ​ប៉ាន់ប្រមាណ​ការចំណាយ​។

លោក​ថា​៖ «​ការងារ​បន្ទាប់​គឺ​យើង​ធ្វើ​ (​កំណត់​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ​) ​នៅ​ទីប្រជុំជន​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​ចប់​នៅក្នុង​ខែមិថុនា​ហ្នឹង​»​។

ហ្វេសប៊ុក​ក្រសួង​ផែនការ​កាលពី​ថ្ងៃ​ទី​ ១ មិថុនា បាន​ដកស្រង់​សម្ដី​លោក ឆាយ ថន រដ្ឋមន្ត្រី​ក្រសួង​ផែនការ ខណៈ​លោក​ចុះ​ជួប​ពលរដ្ឋ​ក្រីក្រ​មាន​បណ្ណ​សមធម៌​ ២២១ ​គ្រួសារ​ នៅ​ឃុំ​ត្រពាំងគង ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ​ថា ក្នុង​ឃុំ​ត្រពាំងគង​នេះ​ការកំណត់​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ​ក្នុង​អំឡុង​ពេល​ប្រយុទ្ធប្រឆាំង​កូវីដ​១៩​នេះ​បាន​រកឃើញ​មាន​ ៨៩ ​បន្ថែម​ទៀត ដែល​ត្រូវ​យកចិត្ត​ទុកដាក់​គិតគូរ​ឧបត្ថម្ភ​។ ​រីឯ​គ្រួសារ​ក្រីក្រ​ផ្សេង​​ទៀត​នៅ​ទូទាំង​ប្រទេស ក៏ត្រូវ​​គិតគូរ​ឧបត្ថម្ភ​ដូចគ្នា​នេះ​ដែរ​៕