សៀម​រាបៈ រដ្ឋាភិបាល​ជប៉ុន និង​រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​មូលនិធិ​ សរុប​ ១,៥ លាន​ដុល្លារ​ សម្រាប់​ដំណើការអនុវត្តគម្រោង​ជួសជុល​ កែលម្អ​ឡើង​វិញ​ នូវ​ប្រាសាទ​បាយ័នជំហាន​ទី ​៥ ដែល​ផ្ដោត​សំខាន់​ទៅលើ​ការ​សិក្សា ​និង​ស្ដារឡើងវិញ​នូវ រចនាសម្ព័ន្ធរឹងមាំ​ នៃតួកណ្ដាល​នៃ​ប្រាសាទបាយ័ន រួម​ទាំង​ការអភិរក្ស​នូវក្បាច់​ចម្លាក់​នានា ដែល​មាន​នៅ​ក្នុង​ផ្ទៃ​នៃប្រាសាទ​។ នេះបើយោង​តាម ​លោក Philippe Delanghe មន្ត្រី​ជំនាញ​ផ្នែក​កម្មវិធី​វប្បធម៌​ នៃអង្គការ​យូណេស្កូ ប្រចាំទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​ទី ២៥ ខែ​កញ្ញា​។

លោក Philippe បាន​ថ្លែង​ថា៖«តាមរយៈកិច្ច​ព្រម​ព្រៀង​រវាង អង្គការ​យូណេស្កូ​ប្រចាំ​ទីក្រុង​ភ្នំ​ពេញ និង ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បះ កាលពី​ថ្ងៃ​ចន្ទ គម្រោង​ជួសជុល​កែលម្អឡើង​វិញ ​នូវ​ប្រាសាទ​បាយ័នជំហាន​ទី ​៥ នេះ មានរយៈពេល​បីឆ្នាំ (២០១៨-២០២០) ដោយ​មាន​ការ​ចូល​រួម​វិភាគ​ទាន ​ពីរដ្ឋាភិបាល​ជប៉ុន​ នូវ​ទឹក​ប្រាក់​១លានដុល្លារអាមេរិក និង ៥០​ម៉ឺន​ដុល្លារពី​រដ្ឋាភិបាល​កម្ពុជា»។

លោក ស៊ុំ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សារា បាន​ថ្លែង​ថា ការងារ​ជួស​ជុល​កែ​លម្អប្រាសាទ​ ក្នុង​តំបន់​រមណីយ​ដ្ឋាន​អង្គរ​ ដែល​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក មាន​សារៈ​សំខាន់​ណាស់​ សម្រាប់​មនុស្ស​ជាតិ​។

ប្រាសាទនៅ​ក្នុង​តំបន់​ រមណីយ​ដ្ឋានអង្គរ​មាន​​ចំនួន​ ៩១ ប្រាសាទ បាននិង​កំពុង​ដំណើ​រការ​សិក្សា​ស្រាវជ្រាវ ជួសជុល​កែលម្អ និងការពារអភិរក្ស​ឲ្យ​នៅ​គង់​វង្ស​យូរ​អង្វែង​ច្រើន​ឆ្នាំទៅ​មុខ​ទៀត ដើម្បីទុកជាប្រយោជន៍​សម្រាប់មនុស្ស​ជំនាន់​ក្រោយ​ បានដឹង​និង​ធ្វើការសិក្សាស្រាវ​ជ្រាវ​ស្វែង​យល់​​ពី​សំណង់​​​ប្រវត្តិសាស្ត្រ ដែល​ឆ្លុះបញ្ចាំង​ពី​វប្បធម៌​ប្រពៃណី និង​ជីវិតរស់​នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​នា​សម័យ​បុព្វកាល​ដ៏រុង​រឿង​របស់​កម្ពុជា។

លោកបានបញ្ជាក់​ថា៖«វិភាគទាន​ទាំងនេះ​ គឺ​ជា​ផ្នែក​មួយ នៃ​ការចូលរួម​ដ៏ធំធេង​របស់​រដ្ឋាភិបាល​ប្រទេសជប៉ុន នៅ​ក្នុង​កិច្ច​ការពារ​និង​អភិរក្សប្រាសាទ​បាយ័ន ដែល​ជា​ផ្នែក​មួយនៃ​ប្រាសាទអង្គ​រធំ ក្នុង​តំបន់​រមណីយដ្ឋាន​ប្រាសាទ​បេតិកភណ្ឌ​ពិភព​លោក ហើយ​វា​នឹងជួយ​ដល់​ដំណើរការ​អនុវត្ត​គម្រោង​ជួសជុល​កែលម្អ​និង​ស្ដារឡើង​វិញ​ នូវ​ប្រាសាទបាយ័នក្នុងជំហាន​ទី ​៥ ​នេះ បាន​ប្រព្រឹត្តទៅ​បាន​ដោយ​ជោគ​ជ័យ»។

ប្រទេស​ជប៉ុន តាម​រយៈ​សាកល​វិទ្យា​ល័យ Waseda បាន​ដើរតួ​នាទី​ដ៏សំខាន់​ នៅក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ ការ​ពារ​និង​អភិរក្ស​ ប្រាសាទ​បេតិក​ភណ្ឌ​ពិភពលោក តាម​រយៈការរៀបចំសម្រប​សម្រួល​ផ្នែក​រដ្ឋបាល​ដោយ​អង្គការ​យូណេ​ស្កូ បាន​ផ្ដល់​ជំនួយ​ជាបន្ត​បន្ទាប់​លើ​គម្រោង​នេះ តាមរយៈ​មូល​និធិ​សម្រាប់​ការអភិរក្ស​វប្បធម៌​បេតិ​កភណ្ឌ​ពិភពលោក( Japan Trust Fund for ​the Conservation of Culture World Heritage)។

គួរបញ្ជាក់​ថា នៅក្នុងដំណើរការអនុវត្ត​គម្រោង​ជួសជុល​កែលម្អ និង​ស្ដារ​ឡើង​វិញ ​នូវ​ប្រាសាទ​បាយ័ន ក្នុង​ជំហាន​ទី៣ ដែល​មាន​រយៈ​ពេល​៦ឆ្នាំ ដែល​ចាប់​ផ្ដើម​ពីខែ​ មិថុនា​ឆ្នាំ ២០០៥ ដល់​ខែ​កក្កដា​ឆ្នាំ ​២០១១ ប្រទេស​ជប៉ុនបាន​ផ្ដល់​ជំនួយ​ជាទឹក​ប្រាក់​ចំនួន ៣២៦៨ ២៨៦​ លាន​ដុល្លារ​អាមេរិក ដែល​ជំនួយ​នេះ ស្ថិត​នៅ​ក្រោម​ក្របខ័ណ្ឌ​រួម ដែល​ត្រូវបាន​គេហៅ​ថា​ជប៉ុន-អប្សរា​ការពារ​ថែរក្សា​អង្គរ (JASA)។

គម្រោង​នេះ​ត្រូវ​បាន​អនុវត្ត​ក្រោម​កិច្ច​សហការ​ជា​មួយ​អាជ្ញាធរ​អប្សរា (APSARA) ដែល​ផ្តល់​នូវ​ការ​ចូលរួម​វិភាគ​ទាន​ ៥០ ម៉ឺន​ដុល្លារពី​រាជ​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ។ នៅក្នុង​ជំហាន​ទី ៤​ នៃគម្រោង​នេះ ដែល​មាន​រយៈ​ពេល​៥ឆ្នាំ ​ដោយ​ចាប់​ផ្ដើម​កាល​ពីខែ​តុលា ឆ្នាំ​ ២០១១ ដល់​ ឆ្នាំ​២០១៥ រដ្ឋាភិបាល​ជប៉ុន​ បាន​ផ្ដល់​ជំនួយ​ថវិកា​ចំនួន ២,៥ លាន​ដុល្លា​រអាមេ​រិក ខណៈ​អាជ្ញាធរ​អប្សរា​ផ្ដល់​វិភាគ​ទាន ៥០ ម៉ឺន​ដុល្លារ​៕